Fan Bingbing បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​គូ​ដណ្ដឹង​ក្រោយ​រឿង​អាស្រូវ

  • 2018-12-18 04:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​មិន​បង្ហាញ​មុខ​ជាមួយ​គ្នា​ជិត​កន្លះ​ឆ្នាំដោយ​សារ​រឿង​អាស្រូវ​នោះ នៅ​ចុង​បញ្ចប់ កំពូល​តារា​សម្ដែង​ស្រី Fan Bingbing ព្រម​ទាំង​គូ​ដណ្ដឹង​របស់​ខ្លួន តារា​សម្ដែង​ប្រុស Li Chen ក៏​បង្ហាញ​វត្តមាន​រួមគ្នា​ជាលើក​ទី​១​ហើយ។

ក្នុង​កំឡុង​ពេល​ជិត​៦​ខែ​កន្លង​ទៅ​នេះ អាច​និយាយ​បាន​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing បាន​ឆ្លងកាត់​រឿង​អាស្រូវ​ដ៏​ធំ​បំផុត​ក្នុង​អាជីព​សម្ដែង​របស់​ខ្លួន​ ព្រោះ​រឿង​អាស្រូវ​គេច​ពន្ធ ដោយ​ត្រូវ​ពិន័យ​ឡើង​ដល់​ជិត​១៥០​លាន​ដុល្លារ។ ដោយ​សារ​តែ​រឿង​នេះដែរ មិន​ត្រឹម​តែ​កេរ្តិ៍​ឈ្មោះ​របស់​ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ​ត្រូវ​ប៉ះទង្គិច​​ខ្លាំង​នោះ​ទេ សូម្បី​តែ​រឿង​មនោសញ្ចេតនា​របស់​នាង​ក៏​ត្រូវ​បាន​គេ​ទម្លាយ​ថា នៅ​មិន​ស្ងប់​ដូច​គ្នា។ ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ខ្លាច​ពាក់ព័ន្ធ​នឹង​គេច​ពន្ធ​របស់​គូ​ដណ្ដឹង តារា​សម្ដែង​ប្រុស Li Chen បាន​សុំ​បែក​គ្នា​នឹង តួ​រឿង “ព្រះនាងយេយេ” ហើយ។

យ៉ាងណាក្ដី ពាក្យ​ចចាមអារ៉ាម​នេះ​ត្រូវ​បាន​ពន្លត់​ត្បិត កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​កន្លង​ទៅ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​ទាំង​២​រូប​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ភោជនីយដ្ឋាន​ស៊ុប​មួយ នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ដើម្បី​ទទួល​ទាន​អាហារ​ល្ងាច​ជាមួយ​គ្នា។ មាន​វត្តមាន​ជាមួយ​គូ​ស្នេហ៍​នេះ បុគ្គលិក​ក៏​ដូច​ជា​ជំនួយ​ការ​របស់​ពួក​គេ​ផ​ងដែរ។ ក្រោយ​ពេល​ញ៉ាំ​រួច Li Chen បាន​ចេញ​មក​វិញ​មុន​គូ​ដណ្ដឹង រីឯ Fan Bingbing មួយ​សន្ទុះ​ក្រោយ​ទើប​ចេញមក​វិញ។ អ្នក​គាំទ្រ​របស់​គូស្នេហ៍​នេះ បាន​ត្រេក​អរ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ពួក​គេ​នៅ​តែ​ស្អិតរមួត​នឹង​គ្នា មិន​ដូច​អ្វី​ដែល​គេថា៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel