អនាគត​ម៉ាក់​ប៉ា​ក្មេក​​ពេញ​ចិត្ត​ស្ដូក​មិន​ខាន បើ​ចេះ​វិធី​យក​ចិត្ត​ចាស់​ទុំ​ទាំង ៥​នេះ

  • 2018-12-13 07:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​យើង​ជា​យុវវ័យ​​ចូល​ចិត្ត​នៅ​ជាមួយ​ក្មេង​ៗ​ដូច​គ្នា ច្រើន​ជាង​នៅ​ជាមួយ​មនុស្ស​ចាស់ ប៉ុន្តែ​​ការ​ចេះ​រៀប​ចំ​ខ្លួន​ឯង​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ចាស់ គឺ​ពិត​ជា​សំខាន់ និង​ផ្ដល់​ផល​ល្អ​ច្រើន​ចំពោះ​យើង។ ជាក់​ស្ដែង​នៅ​ពេល​យើង​ត្រូវ​ការ​សុំ​ជំនួយ​អ្វី​មួយ​ពី​ពួក​គាត់ នៅ​ពេល​​មាន​បញ្ហា​ត្រូវ​ចរចា​រឿង​ផ្សេង​ៗ​ជាមួយ​ពួក​គាត់ ឬ​ពិសេស​អ្នក​ត្រូវ​ការ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​អនាគត​ឪពុក​ម្ដាយ​ក្មេក។ ខាង​ក្រោម​នេះ កញ្ញា​នឹង​បង្ហាញ​វិធី​ខ្លះ​ៗ​ដើម្បី​ឲ្យ​ចាស់​ទុំ​ស្រលាញ់​ចូល​ចិត្ត ៖

រូបតំណាង​

**១. រក្សា​មារយាទ​ថ្លៃ​ថ្នូរ**

ត្រូវ​​បង្ហាញ​ការ​គោរព​​ចំពោះ​មនុស្សចាស់​ជានិច្ច បើ​ទោះ​បី​ពួក​គាត់​មិន​​ជាប់​សាច់​ឈាម​ជាមួយ​យើង​ក៏​ដោយ។ ពេល​ជួប​ ពេល​លា​ គួរ​លើក​ដៃ​សំពះ និយាយ​ពាក្យ​លា ឬ​ជំរាប​សួរ​យ៉ាង​ទន់ភ្លន់ ផ្ដល់​ស្នាម​ញញឹម មិន​ដើរ​កន្លង និង​រៀប​ចំ​ឥរិយាបថ​ឲ្យ​បាន​ស្ងប់ស្ងៀម។ ទោះ​បី​ទើប​តែ​ស្គាល់​គ្នា តែ​បើ​អ្នក​មាន​អាកប្បកិរិយា​បែប​នេះ នឹង​អាច​ធ្វើ​ឲ្យ​ពួក​គាត់​ចាប់​ផ្ដើម​ចូល​ចិត្ត​បាន។

២. ចេះ​ដាក់​ខ្លួន

ការ​មិន​និយាយ​អួតអាង​ពី​អ្វី​ដែល​ខ្លួន​ចេះ ឬ​មាន​ក្នុង​ឥរិយាបថ​សំញែង​ពើងទ្រូវ គឺ​ជា​ទង្វើ​ដែល​គួរ​ចៀសវាង មិន​មែន​ចំពោះ​តែ​ជាមួយ​មនុស្ស​ចាស់​ទេ ប៉ុន្តែ​ជាមួយ​អ្នក​អាយុ​ស្រករ​គ្នា បើ​អាច​ចៀស​បាន​ក៏​ល្អ ព្រោះ​វា​ជា​ទង្វើ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ចូល​ចិត្ត។

៣. ជួយ​ការងារ​ដោយ​មិន​រអ៊ូ

មនុស្ស​ចាស់​តែង​ចូល​ចិត្ត​ក្មេង​ដែល​មាន​ចរិត​ឧស្សាហ៍​ ចេះ​ដឹង​ទុក្ខធុរៈ ដូច្នេះ​ដើម្បី​ទទួល​បាន​ការ​ទុក​ចិត្ត​ពីពួកគាត់ អ្នក​គួរ​ធ្វើ​ការងារ​ដែល​គាត់​ផ្ដល់​ឲ្យ​ដោយ​តាំង​ចិត្ត មាន​ភាព​ស្វាហាប់ និង​ធ្វើ​ឲ្យ​រួចរាល់​មុន​ពេល​កំណត់។ ត្បិត​តែ​វា​មិន​ហុច​ផល​ដល់​អ្នក​ភ្លាម​ៗ ប៉ុន្តែ​អ្នក​នឹង​អាច​ទទួល​បាន​ឱកាស​ល្អ​ៗ​ទៅ​អនាគត។

៤. ធ្វើ​ខុស​ត្រូវ​ចេះ​ទទួល​ខុស

មនុស្ស​ និង​កំហុស​គឺ​ជា​រឿង​ដែល​មិន​អាច​ចៀស​ផុត​ ហើយ​ក៏​គ្មាន​អ្នក​ណា​ល្អ​ឥតខ្ចោះ​គ្រប់​យ៉ាង​ដែរ សំខាន់​នៅ​ពេល​ដឹង​ថា​ខ្លួន​ធ្វើ​អ្វី​ខុស យើង​ត្រូវ​ចេះ​ទទួល​កំហុស និយាយ​សុំ​ទោស និង​ប្រញាប់​កែប្រែ ឬ​ដោះស្រាយ។ ទោះ​បី​កំហុស​នោះ​បង្ក​ភាព​ខូច​ខាត ធ្វើ​ឲ្យ​ចាស់​ទុំ​​ខឹង និង​មិន​ពេញ​ចិត្ត ប៉ុន្តែ​ឲ្យ​តែ​អ្នក​ចេះ​ភ្ញាក់​រឭក មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​កែប្រែ លោក​នឹង​អាច​យោគយល់ និង​អភ័យ​ទោស​ឲ្យ​បាន កុំ​ឲ្យ​តែ​យើង​ធ្វើ​ខុស​ញឹកញាប់​ដដែល​ៗ​ពេក។

៥. មិន​ប្រកែក​យក​​ឈ្នះ គ្មាន​ហេតុផល

វា​អាច​នឹង​មាន​ពេល​ខ្លះ​ដែល​យើង​មាន​អារម្មណ៍​ធុញ​ទ្រាន់ ខឹង ឬ​រំខាន​ដោយ​សារ​ភាព​សាំញ៉ាំ​របស់​មនុស្ស​ចាស់ ក៏​ដូច​ជា​ការ​ស្ដី​បន្ទោស ឬ​ចាំ​ចាប់​កំហុស​របស់​ពួក​គាត់ រហូត​អត់​ទ្រាំ​តមាត់​ត​ ក មិន​បាន។ ប៉ុន្តែ​ភាគ​ច្រើន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​មនុស្ស​ចាស់​ គឺ​មិន​សូវ​ជា​ផ្ដល់​ផល​ល្អ​សម្រាប់​យើង​ឡើយ ព្រោះ​យើង​នឹង​អាច​ក្លាយ​ជា​មនុស្ស​មិន​ចេះ​គោរព​ចាស់​ទុំ គ្មាន​សុជីវធម៌។ ដូច្នេះ​ហើយ​អ្វី​ដែល​មិន​ចាំបាច់ ចេះ​តែ​បិទ​មាត់​ៗ​ខ្លះ​ទៅ ៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម