ស្នេហា​តែងតែគួរ​ឲ្យ​ទុក​ចិត្ត មាន​តែ​ចិត្ត​មនុស្ស​ទេ​ទើប​មិន​អាច​ទាយ​មុន​បាន

  • 2018-12-12 02:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​ម្សិលមិញ បុរស​ដែល​ស្បថ​ថា​នឹង​ស្រលាញ់​អ្នក​ដល់​ស្លាប់​នោះ មិន​ប្រាកដ​ថា​ថ្ងៃ​ស្អែក​គេ​មិន​លង់​ស្រលាញ់​នឹង​អ្នក​ស្រី​ផ្សេង​នោះ​ឡើយ។ ចឹង​បាន​ថា ស្នេហា​នៅ​តែ​ជា​ស្នេហា តែ​អ្វី​ដែល​ផ្លាស់​ប្ដូរ​នោះ​គឺ​គ្រាន់​តែ​ជា​ចិត្ត​មនុស្ស​តែ​ប៉ុណ្ណោះ។

រូបតំណាង

ជាមួយ​នឹង​ចង្វាក់​ជីវិត​រវល់​នៅ​ដូច​សព្វ​ថ្ងៃ សំនួរ​ដែល​គេ​តែង​សួរ​គ្នា​នោះ​គឺ មាន​ស្នេហា​ពិត​ប្រាកដ​ឬ​អត់? បើ​ក្នុង​សង្គម​ពេល​នេះ​មាន​តែ​ការ​បោកប្រាស់ បោក​បញ្ឆោត ហើយ​សម្លឹង​មើល​ឃើញ​តែ​ទ្រព្យ​របស់​គ្នា​នោះ។ គេ​ប្រាប់​គ្នា​ត​ថា បើ​សិន​ជាសម័យ​នេះ រក​បាន​ស្នេហា​បែប​នេះ​ត្រូវ​ឱប​ក្រសោប​ឲ្យ​ជាប់ ព្រោះ​ពិបាក​រក​ជាង​ចាប់​ផ្កាយ​លើ​មេឃ​ទៅ​ទៀត។ សម័យ​នេះ​គេ​និយម​ស្រលាញ់​គ្នា​តែ​មួយ​ឆាវៗ ស្រលាញ់​ឲ្យ​តែ​បាន កុំ​ឲ្យ​គេ​ថា​អត់។ សូម្បី​តែ​អ្នក​ការហើយ ក៏​មិន​ប្រាកដ​ថា​មាន​សុវត្ថិភាព​ដែរ ព្រោះ​ការ​ហើយ​តែ​១​ខែ​លែង​គ្នា​លាន់។

មនុស្ស​ទើប​ពេញ​វ័យ ល្បាក់១៨ ២០ តែង​គិត​ថា​ស្នេហា​គឺ​ប្រពៃ​ខ្លាំង​ណាស់។ ពួក​គេ​គិត​ថា​វា​មាន​ពណ៌​ស៊ីជម្ពូ​ដ៏​ស្រស់​បំព្រង។ ពួក​គេ​ស្រលាញ់​គ្នា ដោយ​មិន​គិត​ពី​អ្វី​ទាំង​អស់ ហើយ​រំពឹង​ច្រើន​លើ​មនោសញ្ចេតនា។ ដូច​នេះហើយ នៅពេល​ត្រូវ​បុរស​ធ្វើ​ឲ្យ​ខូច​ចិត្ត​ម្ដង ពួក​គេ​នឹង​ពិបាក​ត្រលប់​មកស្ថានភាព​ធម្មតាវិញ​ខ្លាំង​ណាស់។ ឆ្លង​កាត់​ស្នេហា​២ ៣ និយម​ស្នេហា​ចំពោះ​មនុស្ស​ស្រី​នឹង​កាន់​តែ​ផ្លាស់ប្ដូរ។ កាន់​តែ​ទទួល​បាន​ភាព​ឈឺចាប់​ច្រើន​ប៉ុណ្ណា នាង​រឹត​តែ​លែងជឿ​លើ​ស្នេហា​តទៅ​ទៀត។ មនុស្ស​មិន​តិច​ឡើយ ដែល​សម្រេច​ចិត្ត​បិទទ្វារ​បេះដូង លែង​ហ៊ាន​គិត​រឿង​ស្នេហា​ក៏​ដោយ​សារ​មូលហេតុ​មួយ​នេះ។

ស្នេហា​គឺ​នៅ​តែ​ដូច​ដើម ពេល​ណា​ក៏​មាន​តម្លៃ​ដ៏​ថ្លៃថ្លា​ដែរ មាន​តែ​លុយ​កាក់ រូបសម្រស់ និង​សម្ភារៈ​ប៉ុណ្ណោះ​ដែល​ផ្លាស់​ប្ដូរ​ចិត្ត​មនុស្ស​ម្នាក់​ៗ​បាន។ នៅ​តែ​មាន​បុរស​ដែល​មិន​សូវ​មាន​លុយ​តែ​ក៏​ខំ​ប្រឹង​រក​លុយ​ដើម្បី​ជូន​ផ្កាដល់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ហើយ​ក៏​មាន​មនុស្ស​ដែល​ទោះមាន​សមត្ថភាព​ទិញ​អ្វី​ជូន​យើង​គ្រប់​បែប​យ៉ាង តែ​ក៏​មិន​ខ្ចី​ជូន ព្រោះ​ចិត្ត​របស់​គេ​លែង​ដូច​មុន​ទៅ​ហើយ។

ភាព​ស្មោះ​ត្រង់​មិន​អាច​វាស់វែង​ដោយ​ខែ ឬ​ឆ្នាំ ឬ​សូម្បី​តែ​ថ្ងៃ​បាន​ឡើយ ព្រោះ​ម្សិលមិញ​គេ​ស្បថស្បែរ​ថា​នឹង​ដើរ​ជាមួយ​យើង​ដល់​ចប់​នោះ ថ្ងៃ​ស្អែក​គេអាច​បណ្ដើរ​អ្នក​ផ្សេង​ក៏​ថា​បាន។ សម័យ​ស្រលាញ់​នេះ ស្រលាញ់​គ្នា​បើ​ត្រចៀកស​ពេក អ្នក​នោះ​នឹង​ជា​ជន​រង​គ្រោះ។ តែ​និយាយ​ដូច​នេះ មិន​មែន​ថា​អស់​ស្នេហា​ដែល​ស្មោះ​ត្រង់​នោះ​ទេ គ្រាន់​តែ​វា​ពិបាក​រក​តែ​ប៉ុណ្ណោះ៕   ចុចអានបន្ត៖

អត្ថបទ៖ Caramel

អត្ថបទពេញនិយម