​​ចង់​​ឲ្យ​​កូន​​​​មាន​​​​​ចរិត​ល្អ​​តាំង​​​​ពី​តូច ឪពុក​ម្តាយ​​គួរ​​​​​​​​មាន​ទម្លាប់​​​មួយ​​នេះ​

  • 2018-12-11 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​​​ពិព័រណ៍​​សៀវភៅ​​​កម្ពុ​ជា​​​លើក​​ទី​៧ ក្រោម​ប្រធានបទ "សៀវភៅ​​រស់​​​ចំណេះ​​រីក" ដែល​​​​បាន​ធ្វើ​ឡើង នាបរិវេណបណ្ណាល័យជាតិនៅថ្ងៃទី ៧​-៩ ខែ​ធ្នូ​​ឆ្នាំ​​​២០១៨ កាលពី​ពេល​​​​ថ្មីៗ​​​​​នេះ។ ក្នុង​​នោះ​​​ដែរ ​​​ឃើញ​មាន​​វត្ត​មាន​​​​របស់​​​អ្នកស្រី​​ ទ្រី សម្ផស្ស ​​​​​​​​​ដែល​ជា​អ្នក​​​​​និពន្ធ​​​រឿង​​និទាន​​ខ្លី​សម្រាប់​កុមារបាន​​ដាក់​តាំង​លក់​​​សៀវ​ភៅ​និង​​​ទទួល​បាន​ការ​​​ចាប់​អារម្មណ៍​​ច្រើន​​​​ពី​សិស្ស​​និស្សិត​​ ដែល​បាន​មក​​ចូល​រួម​ក្នុង​ពិព័រណ៍​​​នេះ​។ ​​​​​​

​​អ្នក​​​​​និពន្ធ​​​​​បទ​​ពិសោធន៍​​១០​​ឆ្នាំ បាន​​​រៀប​រាប់​ប្រាប់​​​មក​កាន់​​វេបសាយ​ "កញ្ញា" ថា​ "មូល​ហេតុ​នៃ​ការ​​​​​​​​និពន្ធ​សៀវ​ភៅ​នេះ​ឡើង ដើម​ឡើយ​​​ដោយ​សារ​តែ​ខ្ញុំ​ជា​អ្នក​ចូលចិត្ត​គូររ​រូប ដូច្នេះ​​ហើយ​បាន​ជា​​​​​​​ខ្ញុំ​​ ចង់​បង្កើត​​ស្នាដៃ​​​​ចង​ក្រង​​សៀវភៅ​​​​​លាយ​ឡំ​​ជាមួយ​រូប​ភាព ដែល​​​​​​​​​សុទ្ធ​តែ​​ជា​គំនិត​​ច្នៃ​ប្រឌិត​ផ្ទាល់​របស់​​​ខ្ញុំ​រួម​មាន​​ការ​គូរ​​ដោយ​ដៃ កំព្យូទ័រ... និង​មាន​​​​​ទាំង​ភាសាខ្មែរ​និង​​​អង់គ្លេស ក្នុង​​អត្ថន័យ​អប់រំ​​បង្កើន​ចំណេះ​​​ដឹង​​សម្រាប់​កុមារ។​”​

អ្នកស្រី ទ្រី សម្ផស្ស

​ដោយ​​យល់​​ឃើញ​​ថា ការ​​អាន​មាន​​គុណ​សម្បតិ​​​យ៉ាង​ច្រើន​​​​​ដូច​ជា​​​ កូន​ឆាប់​ចេះ​អាន អាច​​​ដឹង​អក្សរ​​ដោយ​​ស្វ័យ​​ប្រវត្ត​មុន​ពេល​​ចូល​រៀន ស្វែង​​យល់​​​​​​ពី​​​រឿង​​រ៉ាវ​​ដែល​​នៅ​ជុំវិញ​​ខ្លួន​គាត់ ​ប្រសើរ​ជាង​​​ការ​លេង​​​តែ​​ទូរសព្ទ​ ដែល​អាច​​​បង្ក​​ផល​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​​ចំពោះ​កុមារ ធ្វើ​ឲ្យ​ពួក​គេ​​​​ឆាប់​​ខឹង​​​​​មួម៉ៅ​​ ​​​​​​​​គ្មាន​​ចំណាប់​អារម្មណ៍​ជាមួយ​​​សៀវភៅ ឬ​គ្មាន​​ចំណង់​​​​ក្នុង​​​​ការ​​​អាន​​។ "អ្នក​ស្រី សម្ភស្ស​​ បញ្ជាក់​”​​។​​​​​

​អ្នក​​និពន្ធ​​​វ័យ​​​​​​ក្បែរ​​​៤០​​​ឆ្នាំ​​រូប​​នេះ បាន​បន្ត​ទៀត​​ថា "ចាប់​ពី​​​៦​​ខែ​​ឡើង ក្មេង​អាច​​​ស្តាប់​​​និង​​ព្យាយាម​​​ចង់​និយាយ​​តាម ដូច្នេះ​​​​​ឪពុក​ម្តាយ ​គួរ​មាន​ទម្លាប់​​​​​​​និទាន​​រឿង​​ឲ្យ​កូន​តូច​​ស្តាប់​​យ៉ាង​​ហោច​ណាស់​​ឲ្យ​បាន​​១​ម៉ោង​មុន​ពេល​​ចូល​គេង ព្រោះ​​​គ្រប់​​សៀវភៅ​​រឿង​កុមារ​ទាំង​អស់​​សុទ្ធតែ​​បង្កប់​​ន័យ​​​អប់​រំ និង​​ពន្យល់​ពី​​ទិដ្ឋភាព​ជាក់​​ស្តែង​​នៅ​ជុំវិញ​​ខ្លួន"។

រូបតំណាង

ជា​ចុង​ក្រោយ​​​​អ្នក​ស្រី​ ទ្រី​ សម្ផស្ស ចង់​​ផ្តែផ្តាំ​ទៅ​កាន់​​ឪពុក​​ម្តាយ​​គ្រប់​រូប ដែល​មាន​កូន​​តូចៗ​ទោះ​​បី​រវល់​​យ៉ាង​ណា​ ក៏​មិន​​គួរ​ទុក​​​កូន​ចោល​ជាមួយ​ទូរសព្ទ​ ​ព្រោះ​វា​​អាច​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​​ដល់​ទំនាក់​ទំនង​​​​​​​​​របស់​ពួក​គេ​ជាមួយ​​មនុស្ស​ជុំវិញ​​ខ្លួន ដូច​ជា​​​​​ក្មេង​​ក្រ​ចេះ​​និយាយ​ជា​ដើម​​។ ដំណោះ​ស្រាយ​​ដ៏​ល្អ​​បំផុត គួរ​ទិញ​​សៀវភៅ​​​​កុមារ ​និង​របស់​​របរ​ក្មេង​លេង​​ណា​ ដែល​អាច​​ផ្តល់​​​ចំណេះដឹង ភាព​​សប្បាយ​​រីករាយ និង​បង្កើន​ភាព​ស្និទ្ធស្នាល៕ ​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី