ដាច់​ឆ្នាំ​ទៅ ក៏​ជីវិត​អ្នក​នៅ​តែ​វេទនា​ដដែល បើ​មិន​បោះចោល​ទម្លាប់ ៣​យ៉ាង​

  • 2018-12-11 04:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទើប​​មួយ​ភ្លែត​សោះ ជិត​ដាច់​ឆ្នាំ​បាត់​ហើយ។ មនុស្ស​ជា​ច្រើន​អាច​នឹង​មាន​អារម្មណ៍​ភិតភ័យ​ចំពោះ​ពេល​វេលា​ដែល​ដើរ​លឿន​ហួស​ការ​រំពឹង​ទុក។ យ៉ាង​ណា​មិញ ជិត​ដាច់​ឆ្នាំ​បែប​នេះ គឺ​ជា​ពេល​វេលា​ដែល​យើង​គួរ​ពិចារណា​ឡើង​វិញ ថា​មួយ​ឆ្នាំ​កន្លង​មក​នេះ​យើង​ធ្វើ​អ្វី​បាន​ល្អខ្ល អ្វី​មិន​ល្អ​ខ្លះ ហើយ​ហេតុផល​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ទៅ​មុខ​មិន​រួច។ ពិនិត្យ​មើល​ខ្លួន​ឯង បើ​មាន​ទម្លាប់​ដូច ៣​ចំណុច​ខាង​ក្រោម​នេះ អ្នក​គួរ​តែ​ផ្លាស់​ប្ដូរ​វា​ចេញ​ឲ្យ​អស់​មុន​ឆ្នាំ​ថ្មី​ចូល​មក​ដល់ បើ​ចង់​បាន​ជីវិត​មួយ​ដែល​ប្រសើរ​ជាង​មុន៖

រូបតំណាង

**១. មើល​ងាយ​ខ្លួន​ឯង**

អ្នក​ណា​ខ្លះ​ចូល​ចិត្ត​មើល​ងាយ​ខ្លួន​ឯង? គិត​ថា​ខ្លួន​ឯង​មិន​ស្អាត មិន​ពូកែ មិន​ល្អ ចូល​ចិត្ត​យក​ខ្លួន​ឯង​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ រហូត​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​គ្មាន​ទំនុក​ចិត្ត គិត​ច្រើន នឹក​ឃើញ​តែ​ចំណុច​មិន​ល្អ​របស់​ខ្លួន ។ល។ ការ​គិត​ទាំង​អស់​នេះ​​​នឹង​រារាំង​យើង​មិន​​ឲ្យ​ហ៊ាន​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោលដៅ​ធំៗ​បាន​ឡើយ។ ដូច្នេះ​ហើយ​គួរ​ផ្លាស់​ប្ដូរ​ការ​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ មក​ពី​ការ​ប្រៀបធៀប​ខ្លួន​ឯង​បច្ចុប្បន្ន​និង​ខ្លួន​ឯង​ពី​មុន​វិញ​ថា​តើ​យើង​រីក​ចម្រើន​អ្វី​ខ្លះ។ អ្វី​ដែល​សំខាន់គឺ​កុំ​ភ្លេច​អភិវឌ្ឍ​ខ្លួន​ឯង​រាល់​ថ្ងៃ។ មនុស្ស​យើង​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង ចំណុច​លេចធ្លោ​ផ្ទាល់​ខ្លួន​ទាំង​អស់​ហ្នឹង ដូច្នេះ​ហើយ​ចូរ​រក​វា​ឲ្យ​ឃើញ ហើយ​ជឿជាក់​លើ​ខ្លួន​ឯងវិញ​ទើប​ប្រសើរ។

២. ខ្វល់​អារម្មណ៍​អ្នក​ដទៃ​ពេក រហូត​ភ្លេច​គិត​ដល់​ខ្លួន​ឯង

ការ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​ការ​ខ្វល់ពី​អារម្មណ៍ ឬ​សម្ដី​​អ្នក​ដទៃខ្លាំង​រហូត​បាត់បង់​ភាព​ជា​ខ្លួន​ឯង នោះ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ។ តួយ៉ាង​ដូច​ជា​មិន​ហ៊ាន​បដិសេធ​មិត្តភ័ក្ដិ ព្រោះ​ខ្លាច​គេ​ថា​ខ្លួន​ជា​មនុស្ស​មិន​ល្អ ហើយ​ចេះ​តែ​គិត​ច្រើន។ អ្នក​ដែល​​ធ្លាក់​ក្នុង​ស្ថានភាព​បែប​នេះ​ញឹកញាប់ សូម​សាកល្បង​ប្ដូរ​មក​ខ្វល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​មុន។ ធ្វើ​ជា​ខ្លួន​ឯង និ​ង​ជឿជាក់​ខ្លួន​ឯង មិន​ចាំបាច់​ខ្វល់​ពី​អារម្មណ៍ ឬ​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួន​ឯង​ទេ។

៣. ចាំ​ស្អែក​ហើយ​ស្អែក​ទៀត មិន​ព្រម​ចាប់​ផ្ដើម​ធ្វើ​សោះ

ជឿ​ថា​ទម្លាប់​ចាំ​ស្អែក​ៗ គឺ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​មាន​ជាប់​ខ្លួន។ ជា​ច្រើន​លើក​ដែល​មិន​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​គិត​ថា​នឹង​ធ្វើ ពេល​ខ្លះ​មាន​អ្វី​មួយ​មក​រំខាន ក៏​ទុក​រឿង​នោះ​មួយ​ដុំ​សិន រហូត​ពេល​ខ្លះ​ក៏​ទុក​ចោល​តែ​ម្ដង។ ចុង​ក្រោយ​គឺ​មិន​បាន​ធ្វើ​អី​ទាំង​អស់។ អ្នក​ខ្លះ​គ្រោង​សម្រក​ទម្ងន់​តាំង​ពី​ដើម​ឆ្នាំ ប៉ុន្តែ​ជិត​ដាច់​ឆ្នាំ​​នៅ​តែ​មិន​ស្រក ឬ​បែរ​ជា​លើស​ដើម ព្រោះ​​តែ​ពាក្យ​ថា "ចាំ​ស្អែក​សឹម​សម្រក”។ ដូច្នេះ​ហើយ​ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​ជានិច្ច​ថា​​បើ​តាំង​ចិត្ត​ថា​ធ្វើ​អ្វី ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ភ្លាម​ៗ ទើប​គោលដៅ​របស់​យើង​បាន​សម្រេច។

កំណត់​វិន័យ​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​បើ​ចេះ​តែ​បណ្ដោយ​ៗ​តាម​​ចិត្ត​នឹក​ឃើញ ជីវិត​អ្នក​នឹង​ជួប​បញ្ហា​កាន់​តែ​ពិបាក ៕

ចុចអានបន្ត៖

ប្រភព៖ jelly ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម