ទម្លាប់​ទាំង ​៥ ​ធ្វើ​ឱ្យ​កូន​អ្នក​មិន​អាច​លូត​កម្ពស់​ដូច​គេ​

  • 2018-12-13 05:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​អ្នក​ឱ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​យ៉ាង​ណា​ទេ ពួក​គេ​នឹង​មិន​អាច​លូត​កម្ពស់​​ខ្ពស់​ដូច​ក្មេង​ដទៃ​ឡើយ បើ​បាន​ធ្វើ​ទម្លាប់​ណា​មួយ​ក្នុង​ចំណោម​ខាង​ក្រោម​នេះ​៖

១- ឱ្យ​កូន​ផឹក​ភេសជ្ជៈ​មាន​ជាតិ​សូដា ឬ​ជាតិ​ហ្គាស​ច្រើន​ពេក​៖

​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ច្រើន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​​សរីរាង្គ ​និង​ពន្យឺត​ការ​លូតលាស់​របស់​ឆ្អឹង។ ក្មេងៗ​ត្រូវ​ការ​ការ​លូតលាស់​ផ្នែក​ឆ្អឹង​ជា​ចាំបាច់​។ ដូច្នេះ​ម្ដាយ​ឪពុក​មិន​ត្រូវ​ឱ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​ខាង​លើ​ច្រើន​ពេក​ទេ គួរ​ញ៉ាំ​ទឹក​ដោះ​គោ​ ឬ​ទឹក​ផ្លែ​ឈើ​ជំនួស​វិញ​។ អាហារ Fast Food និង​អាហារ​ប្រៃ​ក៏​អាច​ប៉ះពាល់​ដូច​គ្នា​​​ដែរ​។

២- មិន​សូវ​បាន​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក​៖

វីតាមីន​ D គឺ​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​លូត​កម្ពស់​របស់​កុមារ​។ ប៉ុន្តែ​វីតាមីន​មួយ​នេះ​មិន​ងាយ​នឹង​ទទួល​បាន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ទេ ផ្ទុយ​ទៅ​វិញ វា​អាច​ទទួល​បាន​តាម​រយៈ​ការ​ស្រូប​យក​ពន្លឺ​អាទិត្យ​នៅ​ពេល​ព្រឹក​ព្រលឹម​។ គួរ​យក​កូន​ចេញ​មក​ខាង​ក្រៅ​នៅ​ពេល​ព្រឹក​ឱ្យ​បាន​រាល់​ថ្ងៃ​ដើម្បី​ទទួល​បាន​វីតាមីន D សម្រាប់​ការ​លូត​លាស់​ប្រក្រតី​។​

៣- ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ច្រើន​ជ្រុល​៖

ទោះ​បី​គ្រប់​គ្នា​ដឹង​ថា ជាតិ​កាល់ស្យូម​​​ល្អ​សម្រាប់​ការ​លូត​លាស់​នៃ​ឆ្អឹង ប៉ុន្តែ​ការ​ដែល​មាន​ជាតិ​នេះ​ច្រើន​ពេក​នៅ​ក្នុង​រាងកាយ​ក៏​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព​​​ដែរ។ កម្រិត​​​កាល់ស្យូម​ដ៏​ច្រើន​លើស​លប់​នៅ​ក្នុង​ឈាម​ វា​អាច​ធ្វើ​ឱ្យ​ឆ្អឹង​កាន់​តែ​រឹង​ខ្លាំង ដែល​ពិបាក​ក្នុង​ការ​លូតលាស់​។

៤- អង្គុយ​ច្រើន​ពេក​៖

ការ​អង្គុយ​លើ​កៅអី​យូរ​ពេក បូក​រួម​នឹង​ឥរិយាបថ​នៃ​ការ​អង្គុយ​មិន​ត្រឹម​ត្រូវ​ផង​ នឹង​រារាំង​ដល់​ការ​លូត​លាស់​ផ្នែក​កម្ពស់​របស់​កុមារ​។ មិន​មែន​ហាម​កូន​មិន​ឱ្យ​អង្គុយ​ជាប់​ពេក​នោះ​ទេ ប៉ុន្តែ​ឪពុក​ម្ដាយ​ត្រូវ​បង្រៀន​កូន​ឱ្យ​ចេះ​ពី​របៀប​អង្គុយ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ត្រង់​ខ្លួន​។ ក្រៅ​ពី​នេះ កុំ​ភ្លេច​បង្រៀន​កូន​ឱ្យ​​​ហាត់​ប្រាណ​ជា​ប្រចាំ​ដើម្បី​ទទួល​បាន​ការ​លូតលាស់​ផ្នែក​ឆ្អឹង​និង​ដង​ខ្លួន​បាន​ខ្ពស់​​ល្អ​។

៥- បណ្ដោយ​កូន​នៅ​យប់​ៗ​ជ្រៅ​ពេក​៖

ការ​គេង​ក៏​មាន​ឥទ្ធិពល​លើ​ការ​លូតលាស់​កម្ពស់​របស់​កូន​ដែរ​ ជា​ពិសេស​នៅ​ក្នុង​វ័យ​គ្រប់​ការ​តែ​ម្ដង​។ ៩០%​នៃ​ឆ្អឹង​កុមារ​លូត​លាស់​ក្នុង​អំឡុង​ពេល​គេង ចន្លោះ​ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​១២​អាធ្រាត្រ​។

រាង​កាយ​មនុស្ស​ត្រូវ​ការ​ការ​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់​តាម​វ័យ​ដូច​ខាង​ក្រោម​៖

  • ទារក​ (អាយុ​០-៣​ខែ)៖ ត្រូវ​ការ​គេង​ពី​ ១៤​ទៅ​១៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ

  • ក្មេង​អាយុ​៤-១១​ខែ៖ ត្រូវ​គេង​ពី​ ១២ទៅ១៥ម៉ោង​ក្នុង​មួយ​ថ្ងៃ

  • ក្មេង​អាយុ​១-២ឆ្នាំ៖ ត្រូវ​ការ​គេង​ពី ១១​ទៅ​១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​

  • ក្មេង​អាយុ​៣-៥ឆ្នាំ៖ ត្រូវ​គេង​ពី ១០​ទៅ​១៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​

  • ក្មេង​ថ្នាក់​បឋម (៦-១៣ឆ្នាំ)៖ ត្រូវ​គេង​ពី​ ៩​ទៅ​១១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​

  • ក្មេង​ជំទង់ (១៤-១៧​ឆ្នាំ)៖ ត្រូវ​ការ​គេង​ពី ៨​ទៅ​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​៕

ចុចអាន៖

ប្រភព៖ Wikihow ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម