ប្អូន​ប្រុស Fan Bingbing ត្រូវ​ប៉ុស្តិ៍​ទូរទស្សន៍​ធ្វើ​បា​ប​ដោយ​សារ​រឿង​អាស្រូវ​បង​ស្រី

  • 2018-11-28 03:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​បណ្ដាញ​ព័ត៌មាន​ចិន រឿង​អាស្រូវ​គេចពន្ធ​របស់​កំពូល​តារា​សម្ដែងស្រី Fan Bingbing បាន​ជះឥទ្ធិពលអវិជ្ជមាន​ដល់​ប្អូន​ប្រុស​ក៏​ដូច​ជា​គូ​ដណ្ដឹង​របស់​នាង​ជា​ទម្ងន់។

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន Ifeng រឿង​អាស្រូវ​គេ​ចពន្ធ​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing ជា​ថ្មី​ម្ដង​ទៀត​បាន​ប៉ះពាល់​ដល់​អាជីព​ជា​តារា​ចម្រៀង​របស់​ប្អូន​ប្រុស​នាង​យ៉ាង​ខ្លាំង។ តាម​នោះ​ដែរ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា នៅ​ពេល​ប្រុស​ស្អាត​រូប​នេះ​ចូលរួម​ក្នុង​កម្មវិធី​ល្បី​ឈ្មោះ Idol Hits China។ តាម​នោះ​ដែរ អ្នក​គាំទ្ររបស់​តារា​ចម្រៀង​វ័យ​ក្មេង Fan Chengcheng បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ព្រោះវត្តមាន​របស់​តារា​វ័យ​១៨​ឆ្នាំ នៅ​ក្នុង​កម្មវិធី​ត្រូវ​បាន​គេ​កាត់​ចោល​ទាំង​ស្រុង ទោះ​បី​ជា​លោក​បាន​ចូលរួម​ថតដូច​សមាជិក​ដទៃ​ដែរ។ សូម្បី​តែ​ឈ្មោះ​របស់​លោក​ក៏​ត្រូវ​គេ​កាត់​ចេញ​ដូច​គ្នា។ ក្នុង​កម្មវិធី​ទាំង​ស្រុង​ប្រមាណ​២​ម៉ោង គេ​ឃើញ​រូប​លោក​ប្រមាណ​ប៉ុន្មាន​វិនាទី​តែ​ប៉ុណ្ណោះ គឺ​រូប​ភាព​ពី​ចម្ងាយ និង​រួម​គ្នា​ជា​ក្រុម​ដែល​ពិបាក​កាត់​ចេញ​បាន។ នៅ​ក្នុង​វគ្គ​សម្ភាសន៍​សមាជិក ប្រុស​ស្អាត​កើត​ឆ្នាំ​២០០០​មិន​ត្រូវ​បាន​ពិធីករ​សួរ​សំនួរ​មួយ​ណា​ទាំង​អស់។

តាម​ប្រភព​ដដែល នេះ​គឺ​បណ្ដាល​មក​ពី​រឿង​អាស្រូវ​របស់ Fan Bingbing ដែល​ធ្វើ​ឲ្យ​ប្អូន​ប្រុស​នាង​ក៏​ត្រូវ​រង​លទ្ធផល​បែប​នេះ។ មិន​ត្រឹម​តែ Fan Chengcheng ដែល​ត្រូវ​គេ​រើស​អើង សូម្បី​តែ Li Chen គូ​ដណ្ដឹង​ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ​ក៏​ត្រូវ​ទទួល​សកម្មភាព​ដូចនេះ​ដូច​គ្នា ព្រោះ​កាល​ពី​ថ្ងៃ​ខួប​របស់​លោកកាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​មុន​នេះ គឺ​គ្មាន​តារា​រូបណា​ហ៊ាន​ជូនពរ​លោក​ទាំង​អស់ ព្រោះ​ខ្លាច​ត្រូវ​រឿង​អាស្រូវ​គេចពន្ធ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្លួន៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel