មេរៀនសំខាន់ៗពីភរិយាអតីតប្រធានាធិបតីអាមេរិក ស្រីៗគួរតែរៀនតាម
- 2018-11-27 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនសំខាន់ៗពីភរិយាអតីតប្រធានាធិបតីអាមេរិក ស្រីៗគួរតែរៀនតាម
អ្នកស្រី Michelle Obama ដែលជាភរិយាអតីតប្រធានាធិបតីអាមេរិកលោក Barack Obama បានធ្វើថ្លែងសន្ទរកថារយៈពេល១៥នាទី ក្នុងជំនួបអនុសញ្ញាប្រជាធិបតេយ្យជាតិ (DNC)។ ពាក្យពេចន៍ខ្លី បង្កប់ដោយអត្ថន័យជ្រាលជ្រៅ ទាក់ទងទៅនឹងតម្លៃនៃជីវិត បានក្លាយទៅជាមេរៀនដ៏ល្អ សម្រាប់មនុស្សស្រី គួរយកគំរូតាម ដើម្បីអភិវឌ្ឍខ្លួនឲ្យប្រសើរឡើង រួមទាំងពិភពលោកទាំងមូលមានការរីកចម្រើនផងដែរ។
មេរៀនទី១៖ បើគេឈរនៅកន្លែងទាប យើងត្រូវតែឈរនៅទីខ្ពស់
មានន័យថា បើជួបមនុស្សកាចសាហាវ ចិត្តអាក្រក់ចំពោះអ្នក ដាច់ខាតកុំព្យាយាមធ្វើបែបនោះតបទៅវិញ។ ត្រូវធ្វើខ្លួនឲ្យខុសពីគេ មានទឹកចិត្តល្អ ទើបមានតម្លៃខ្ពស់ជាងមនុស្សដែលបានធ្វើអាក្រក់ដាក់អ្នក។
មេរៀនទី២៖ ធ្វើអ្វីដែលជាគំរូល្អសម្រាប់អ្នកដទៃ
មានមនុស្សច្រើនណាស់កំពុងតែសម្លឹងមើលមកអ្នក សង្កេតរាល់គ្រប់សកម្មភាពដែលអ្នកធ្វើ ស្តាប់រាល់សម្តីដែលអ្នកនិយាយ ដូច្នេះមុនធ្វើអ្វីក៏ដោយ មិនថានៅខាងក្រៅឬក្នុងបណ្តាញសង្គម ត្រូវពិចារណាឲ្យបានវែងឆ្ងាយ ថាតើវាមានឥទ្ធិពលល្អ និងអាចជាគំរូល្អដល់អ្នកដទៃបានដែរឬទេ?
មេរៀនទី៣៖ ក្តីសុបិនដែលអ្នកប្រាថ្នាចង់បាន តែងធំជាងភាពកើតទុក្ខអស់សង្ឃឹម
នៅពេលដែលអ្នកចង់ឈោងចាប់ក្តីសុបិនដែលខ្លួនប្រាថ្នា វាតែងតែមានហែហមជាមួយនឹងឧបសគ្គរាប់មិនអស់។ ទោះបីជាឧបសគ្គទាំងនោះធំយ៉ាងណា ក៏នៅតែតូចជាងក្តីសុបិនរបស់អ្នកដែរ។ ត្រូវចាំថា អ្នកកំពុងតែរត់ទៅរកភាពជោគជ័យ មិនមែននៅសុខៗជោគជ័យរត់មករកដោយឯកឯង។ បើដួល ត្រូវតែងើបឈរដើរតទៅទៀត កុំចុះចាញ់ឲ្យសោះ។
មេរៀនទី៤៖ មិនត្រូវសម្រេចចិត្តដោយខ្វះការគិត
ធ្វើអ្វីមួយដោយមិនបានគិតគូជាមុនគឺជារឿងងាយស្រួល ប៉ុន្តែបើអ្នកគិតគូឲ្យបានម៉ត់ចត់មុននឹងធ្វើ ទើបហៅថាមនុស្សឆ្លាត។ ការប្រើអារម្មណ៍ដើម្បីសម្រេចចិត្ត អ្នកនឹងទទួលបានលទ្ធផលខកបំណង ជាពិសេសវាអាចបង្កផលប៉ះពាល់សម្រាប់ខ្លួនឯងនិងមនុស្សជុំវិញខ្លួន។
មេរៀនទី៥៖ ធ្វើខ្លួនឲ្យនឹងន កុំទន់ជ្រាយពេលមានសម្ពាធ
នេះគឺជាមេរៀនសំខាន់មួយដែលអ្នកគួរមានជាប់ខ្លួន បើអ្នកជាមនុស្សដែលនឹងន អាចបន្តធ្វើកិច្ចការផ្សេងៗបានល្អ នៅក្រោមសម្ពាធ អ្នកពិតជាអស្ចារ្យខ្លាំងណាស់ ប៉ុន្តែបើមិនអាចទេ ក៏គ្មានអ្វីត្រូវបារម្ភដែរ សំខាន់ត្រូវរៀនសម្របខ្លួនបន្តិចម្តងៗ សម្រាកដកដង្ហើមឲ្យបានវែង ដើម្បីស្វែងយល់ពីបញ្ហានិងអាចស្រាយចំណង ដោយហេតុផលសមរម្យណាមួយ៕
ចុចអានបន្ត៖