ត្រូវគេ​កាត់​កុង​ត្រា​ខ្ទេច Fan Bingbing នៅ​តែ​រក្សា​បាន​កុងត្រា​ប្រេន​លំដាប់​កំពូល​មួយ

  • 2018-11-20 02:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព​ថ្មី​បំផុត​របស់​ប្រេន​សំលៀកបំពាក់​កំពូល​មួយ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ​តារា​សម្ដែង​ស្រីចិន Fan Bingbing នៅ​តែ​ជា​តារា​ជួរ​មុខ​ដដែល​ទោះ​ឆ្លង​កាត់​រឿង​អាស្រូវ​ធំ​ប៉ុណ្ណា​ក៏​ដោយ។

ក្រោយរឿង​អាស្រូវ​គេច​ពន្ធ​ឡើង​ដល់​រាប់​រយ​លាន​ដុល្លារ កេរ្តិ៍​ឈ្មោះ​របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់​ចិន Fan Bingbing ត្រូវ​រង​ផល​ប៉ះពាល់​ជា​ទម្ងន់។ ជាក់​ស្ដែង ក្រៅ​ពី​ត្រូវ​កាត់​ចេញ​ពី​ខ្សែ​ភាពយន្ត​ជាច្រើន​នោះ ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ ក៏​ត្រូវ​គេ​ផ្ដាច់​កុងត្រា​ធ្វើ​ជា​អ្នក​តំណាង​ស្ទើរ​តែ​ទាំង​អស់​ផង​ដែរ ព្រោះ​គេ​ខ្លាច​រូប​ភាព​របស់​នាង នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ប្រេន​របស់​ពួក​គេ។ អាស្រ័យហេតុនេះហើយ ទស្សនិកជន​បាន​គិត​ថា តួ​រឿង “ព្រះនាងយេយេ” គឺ​អស់​ផ្លូវ​រស់​នៅ​ក្នុង​ពិភពសិល្បៈ​ហើយ។

យ៉ាងណាក្ដី មុន​នេះ​បន្តិច ប្រេន​សំលៀកបំពាក់​លំដាប់​កំពូល​ពិភពលោក​មួយ នៅ​តែ​ជ្រើស​យក Fan Bingbing ជា​អ្នក​តំណាង​របស់​គេ​ដដែល នោះ​គឺ​ម៉ាក​ខោអាវ Louis Vuitton។ តាម​នោះ​ដែរ នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៌​ថ្មី​បំផុត​របស់​ខ្លួន ប្រេន​នេះ​បាន​តាំង​រ៉ូប​ដែល តារា​កើត​ឆ្នាំ​១៩៨១ ស្លៀក​ក្នុង​កម្មវិធី Cannes 2017 នៅ​កណ្ដាល​សាល​តែ​ម្ដង ហើយ​ក៏​មាន​ផ្លាក​ធំ​ៗ​បញ្ជាក់​យ៉ាង​ច្បាស់​ថា Fan Bingbing គឺ​ជា​អ្នក​តំណាង​របស់​ពួក​គេ។ សកម្មភាព​​របស់ Louis Vuitton បាន​ធ្វើ​ឲ្យ​គេ​សរសើរ​គូ​ដណ្ដឹង Li Chen យ៉ាង​ខ្លាំង ត្បិត​ជួប​រឿង​ច្រើន តែ​នាង​នៅ​តែ​មិន​របូត​តំណែង​តារា​កំពូល​របស់​ខ្លួន​ដដែល។

ជាមួយ​គ្នា​នេះ​ដែរ ក៏​ចាប់​ផ្ដើម​មាន​ប្រេន​ដទៃ​ទៀត ដែល​ចាប់​ផ្ដើម​ប្រើ​រូបភាព​របស់​នាង​ឡើង​វិញ ដើម្បី​ធ្វើ​ជា​អ្នក​តំណាង។ យោង​តាម​បណ្ដាញ​សង្គម​របស់​ Fan Bingbing នាង​នឹង​ចូល​រួម​ក្នុង​កម្មវិធី​សិល្បៈ​ដំបូង​បង្អោះ​ក្រោយ​រឿង​អាស្រូវ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ខា​ង​មុខ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម