កុំ​ប្រហែស! ៨​​​យ៉ាង​ត្រូវ​​ត្រៀម&ប្រយ័ត្ន​ ពេល​​ដើរ​លេង​ឆ្ងាយ​ដោយ​យក​​កូន​តូច​ទៅ​ជាមួយ

  • 2018-11-19 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​រឿង​ទូទៅ កូន​ក្មេង​​តែងតែ​រពឹស មិន​ចេះ​នៅ​ស្ងៀម​ ពូកែ​រក​រឿង ឆាប់​ធុញ​ អផ្សុក ចូលចិត្ត​លេង​ច្រើន​ និង​បង្ក​បញ្ហា​គ្រប់​ពេល​វេលា​មិន​ថា​នៅ​ផ្ទះ ឬ​ក្រៅ​ផ្ទះ​នោះ​ទេ​។ ហេតុ​ដូច​នេះ​ហើយ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​​ជាមួយ​​ក្មេងៗ អាច​​សប្បាយ ឬ​ហត់នឿយ​លើស​ដើម ​អាស្រ័យ​លើ​​សមត្ថភាព​អ្នក​ក្នុង​ការ​​ចេះ​ចាត់ចែង និង​ដឹង​ពី​របៀប​គ្រប់គ្រង​ពួកគេ​បាន​ល្អ​​ប្រសើរ​ប៉ុណ្ណា​​​។ ដើម្បី​ទុក​ជា​ចំណេះ​ដឹង​​បន្ថែម​ ​​​ខាង​ក្រោម​នេះ​ជា​៨​ចំណុច​ដែល​អ្នក​ត្រូវ​ដឹង បើ​ចង់​ឲ្យ​​​ដំណើរ​កម្សាន្ត​ជាមួយ​ក្មេងៗ​៖​

១. មាន​ពេល​វេលា​គ្រប់គ្រាន់​

ទៅ​ដល់​​ប្រលាន​យន្តហោះ​​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ម៉ោង​មុន ដើម្បី​ប្រាកដ​ថា​អ្នក​​នឹង​មិន​ខក​ជើង​ហោះហើរ​។ ការ​​ធ្វើ​ដំណើរ​ទាំង​ប្រញាប់​ប្រញាល់​ តក់​ក្រហល់ ​ជាមួយ​ក្មេងៗ​ មិន​មែន​ជា​រឿង​ល្អ​​ទេ​។ ការ​ចេះ​​គ្រប់គ្រង​ពេល​វេលា​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​រីករាយ និង​ស្ងប់​ចិត្ត​។​

២. យក​​​របស់​ដែល​​អាច​លួង​ក្មេង​​​តាម​ខ្លួន​

អ្នក​ត្រូវ​មាន​របស់​សាគួ​លួង​ក្មេង​ពេល​ពួកគេ​​ចាប់​ផ្ដើម​ធុញ​ថប់​ យំ ឬ​​​​​រករឿង​។ តួយ៉ាង​ ឧបករណ៍​លេង​ហ្គេម​ថ្មីៗ អាហារ ឬ​​​សម្ភារៈ​ក្មេង​លេង​​​ផ្សេងៗ អ្នក​ត្រូវ​ខ្ចប់​តាម​ខ្លួន​ឲ្យ​បាន​ច្រើន​ ដើម្បី​ផ្ដល់​ឲ្យ​ពួកគេ នៅ​ពេល​ដែល​ចាំបាច់​។​

៣. ត្រូវ​មាន​របស់របរ​ដែល​ទាក់ទង​​ជាមួយ​ការ​សង្គ្រោះ​បន្ទាន់​

ចាប់​តាំង​ពី​​ហ្វម​លាប​កុំ​ឲ្យ​មូស​ខាំ ថ្នាំ​​​សម្រាប់​ក្មេង​គ្រប់​ប្រភេទ ព្រម​ទាំង​តុក្កតា ភួយ​ឬ​ខ្នើយ​ដែល​ជា​សំណព្វ​ចិត្ត​កូន​របស់​អ្នក អ្នក​មិន​ត្រូវ​ភ្លេច​មួយ​ណា​ឡើយ​។ ខ្ចប់​របស់​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​ មាន​របៀប ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​​រក​ ពេល​មាន​អាសន្ន​​កើត​ឡើង​។​ ​

៤. ខ្ចប់​ខោអាវ​ក្មេង​គ្រប់​ប្រភេទ

ទាំង​​ខោអាវ​សម្រាប់​រដូវ​ក្ដៅ ឬ​រងា អ្នក​ត្រូវ​ត្រៀម​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​​គ្មាន​អ្នក​ណា​​​ដឹង​មុន​ទេ​ថា​អាកាស​ធាតុ​អាច​ប្រែប្រួល​បែប​ណា​ខ្លះ​។ ការ​ការពារ​​ទុក​ជា​មុន​ប្រាកដ​ជា​ល្អ​ជាង​ការ​ព្យាបាល​​តាម​ក្រោយ​។​

៥. ឲ្យ​ពួកគេ​ចូលរួម​ជាមួយ​សកម្មភាព​នានា​​​របស់​អ្នក​

កុំ​ឲ្យ​ពួកគេ​ទំនេរ​ឲ្យ​សោះ​។ ព្យាយាម​ប្រើ​ពួកគេ​ឲ្យ​ជួយ​រើ​ឥវ៉ាន់​ពី​វ៉ាលីស៍ ជួយ​​ធ្វើ​ម្ហូប​ ឬ​ចូលរួម​សកម្មភាព​ផ្សេងៗ​ជាមួយ​អ្នក​។ បែប​នេះ​ពួកគេ​​​នឹង​គ្មាន​ពេល​ទៅ​គិត​រឿង​ផ្ដេសផ្ដាស ដើម្បី​អុកឡុក ឬ​កូរ​អ្នក​ជុំវិញ​​ឡើយ​។​

៦. Download​ហ្គេម​ល្អៗ​ឲ្យ​ពួកគេ​លេង​

ថ្វីត្បិត​តែ​វា​ជា​ប្រភេទ​ហ្គេម​ល្អៗ ប៉ុន្តែ​វា​នៅ​តែ​​ជា​ហ្គេម ដូច្នេះ​វា​គួរ​តែ​ជា​ជម្រើស​​ចុង​ក្រោយ ដែល​អ្នក​មិន​អាច​ទប់​ជាប់​ទៀត​។ ប្រសិន​បើ​អាច​ អ្នក​គួរ​ហ្វឹកហាត់​កូន​ឲ្យ​បែរ​មក​អាច​សៀវភៅ​ជំនួស​ការ​លេង​ហ្គេម​វិញ​ទើប​ជា​ការ​ប្រសើរ​​។​

៧. Download​​កម្មវិធី​ទូរទស្សន៍ ឬ​​​ភាគ​តុក្កតា​​​៥​ទៅ​៦​វគ្គ​

ទោះ​បី​ជា​នៅ​សណ្ឋាគារ​មាន​ក៏​ដោយ ប៉ុន្តែ​បើ​ពួកគេ​​យំ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ទាំង​មិន​ទាន់​ដល់​​គោលដៅ​ វា​មិន​វីវរ​ទៅ​ហើយ​ទេ​។ អ្នក​ជា​​ម្តាយ​​សម័យ​ថ្មី ដែល​​ឈ្លាសវៃ​បំផុត ដូច្នេះ​​​រឿង​តូចតាច​បែប​នេះ​អ្នក​ត្រូវ​​តែ​ដឹង​និង​ត្រៀម​ជានិច្ច​។​

៨.​ ទុក​ព័ត៌មាន​ទំនាក់​ទំនង​ជាប់​ខ្លួន​​កូន​ ករណី​វង្វេង​បាត់​

អ្នក​ត្រូវ​តែ​ទុក​ព័ត៌មាន​ដូច​ជា​​ឈ្មោះ​​កូន លេង​​ទូរស័ព្ទ ឈ្មោះ​និង​ទីតាំង​បណ្ណាគារ ឬ​ផ្ទះ​សំណាក់​នៅ​ជាប់​​ផ្នែក​ណា​មួយ​នៃ​ខ្លួន​កូន ដូច​ជា​​​ហោប៉ៅ​អាវ​ជាដើម​។ ការ​វង្វេង បាត់​កូន នៅ​កន្លែង​ដែល​អ្នក​មិន​ស្គាល់ វា​ពិត​ជា​រឿង​​សោកសៅ​បំផុត​របស់​ឪពុក​ម្ដាយ​គ្រប់​រូប​ ៕

ចុចអាន៖មេរៀន​ដ៏​អស្ចារ្យ​ទាំង ៥ ដែល​អ្នក​អាច​រៀន​បាន​ពី​កូន​តូច​អ្នក​វិញ

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម