មូលហេតុ​ធ្វើឲ្យ​សម្រាលកូន​មិន​គ្រប់​ខែ ដែល​ម្តាយ​គ្រប់រូប​គួរតែ​​ស្វែងយល់

  • 2018-11-18 09:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​មាន​ផ្ទៃពោះ​ប្រកបដោយ​សុខភាព​ល្អ​គឺ​មាន​រយៈពេល ៤០​សប្តាហ៍​។ យ៉ាងណាមិញ ដោយសារតែ​ហេតុផល​ជាច្រើន ទើប​ធ្វើឲ្យ​កូនកើត​មកមិនគ្រប់​ខែ ឬ​កើតមុន​កំណត់​។ ទារក​ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​កើត​មិន​គ្រប់​ខែ​គឺ គែ​សម្រាល​ចេញពី​ពោះ​ម្តាយ​នៅ​អាយុ​មុន ៣៧​សប្តាហ៍​។ ដូច្នេះ​ការយល់ដឹង​អំពី​មូលហេតុ នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ អាច​ជា​វិធី​មួយ​ជួយ​ដោះស្រាយ និង​ត្រៀមលក្ខណៈ​ទុកជាមុន​បាន​។

​មាន​កត្តា​ច្រើនណាស់​ដែល​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​កាន់តែ​ខ្ពស់នឹង​ការសម្រាល​កូន​មិន​គ្រប់​ខែ​ដូច​ជា​៖

១. ​ការជក់បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការ​លេបថ្នាំ​មិន​ត្រឹមត្រូវ​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដល់​ការ​មាន​ផ្ទៃពោះ​។ ដូច្នេះ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​រឿង​នេះ​ដើម្បី​កុំឲ្យ​មាន​ផលវិបាក​ក្នុង​ពេលមា​ន​ផ្ទៃពោះ​។

២. ​បើសិន​ជា​ម្តាយ​ធា​ត់ ឬ​ស្គម​ពេក រាងកាយ​របស់​គាត់​គឺ​មិន​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​សម្រាប់​ការ​មាន​ផ្ទៃពោះ​ទេ​។ ដូច្នេះ ចូរ​ថែរក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​សិន មុន​ពេល​រៀប​គម្រោង​មាន​ផ្ទៃពោះ​។

៣. ​ស្ថានភាព​សុខភាព​ដូចជា លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម និង​ការបង្ក​រោគ​អាច​ចៀសវាង​បាន​តាមរយៈ​ការអនុវត្តន៍​អនាម័យ និង​រស់នៅ​ប្រកប​ដោយ​សុខភាព​ដូចជា ញ៉ាំ​អាហារ​ផ្តល់​សុខភាព ហាត់ប្រាណ​ទៀងទាត់ គេង​គ្រប់គ្រាន់ និង​បំបាត់​ស្ត្រេ​ស​។

៤. ​ការថែទាំ​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដ៏​ល្អ​មួយ​គឺ​សំខាន់​ដូច​របប​អាហារ​ល្អ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អញ្ចឹង​។ គេ​អាច​និយាយបាន​ថា ម្តាយ​ត្រូវការ​ការគាំទ្រ និង​ថែរក្សា​ច្រើន​ណាស់​ពី​ប្តី មិត្ត​ស្និទ្ធស្នាល និង​ក្រុមគ្រួសារ​។

៥. ​ការ​សម្រាលកូន​មិន​គ្រប់​ខែ​អាច​បណ្តាលមកពី​ម្តាយ​ធ្លាប់​សម្រាលកូន​មិន​គ្រប់​ខែ​កាលពី​ពេលមុន​។​

៦. ​សម្រាប់​ស្ត្រី​មាន​កូនភ្លោះ​ចាប់ពី​ពីរ​ឡើង​ទៅ​ក៏​ប្រឈម​មុខ​តិចតួច​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ​ដែរ​។

៧. ​ការ​មាន​ផ្ទៃពោះ​ភ្លាមៗ​ក្រោយ​ពី​សម្រាលកូន​មួយ​រួច ក៏​អាច​ដាក់​សម្ពាធ​លើ​រាងកាយ​ម្តាយ​កាន់តែខ្លាំង​ទៀត​ដែរ ក្នុងការ​សម្រាលកូន​ក្រោយ​មិន​គ្រប់​ខែ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

ប្រភព៖ Health.com.kh

អត្ថបទពេញនិយម