កុំ​ចោល! ទឹក​អង្ករ​ជួយ​ឱ្យ​ស្បែក​មុខ​ឡើង​ម៉ត់​ខៃ​ ខ្ចី​ល្វក់​ដូច​កូន​ក្មេង​

  • 2018-11-17 11:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ការងារ​ដាំ​បាយ ស្រីៗ​ដឹង​តែ​ចៀស​មិន​ផុត ហើយ​ទឹក​អង្ករ​ដែល​លាង​រួច​នោះ ក៏​ច្រើន​តែ​ត្រូវ​ចាក់​ចោល​ដែរ​ ព្រោះ​ស្រ្តី​មេផ្ទះ​ភាគ​ច្រើន​មិន​សូវ​បាន​ចាប់អារម្មណ៍​ពី​គុណ​តម្លៃ​របស់​វា​។ ប៉ុន្តែ​ពេល​នេះ វិប​សាយ​កញ្ញា​សូម​ណែនាំ​ កុំ​ឱ្យ​ស្រីៗ​ចាក់​ទឹក​អង្ករ​នោះ​ចោល​ទៀត​អី ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ស្បែក​មុខ​របស់​​អ្នក​ស្អាត​ ម៉ត់​ខៃ​ដូច​ស្បែក​មុខ​កូន​ក្មេង​។

​ តាម​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ និង​ប្រពៃណី​របស់​នារី​តំបន់​អាស៊ី​ ទឹក​អង្ករ​ (អង្ករ​ធម្មជាតិ​) សម្បូរ​ទៅ​ដោយ​វីតាមីន​ច្រើន​ប្រភេទ និង​សារធាតុ​ខនិជ​ ដែល​អស្ចារ្យ​ខ្លាំង​សម្រាប់​ស្បែក​មុខ និង​សក់ ដោយ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ច្រើន ក្នុង​ការ​តុបតែង ឬ​ទិញ​គ្រឿង​សម្អាង​ក៏​បាន​។ ​

​​ វិធី​ធ្វើ​ទឹក​អង្ករ​សម្រាប់​លាង​មុខ​៖

១- រើស​កម្ទេចកំទី​ ឬ​គ្រួស​ខ្សាច់​ចេញ​ពី​អង្ករ​ដែល​រៀប​នឹង​លាង​​​ដាំ​បាយ

២- លាង​មួយ​ទឹក​ចោល​សិន ដើម្បី​ឱ្យ​ធូលី ឬ​កម្ទេចកំទី​ធ្លាក់​ឱ្យ​អស់​សិន​​

៣- បន្ទាប់​មក​ ចាក់​ទឹក​ចូល​ថ្មី​ហើយ​ត្រាំ​វា​ទុក​ចោល​ប្រមាណ​១៥​នាទី។ កូរ ឬ​ច្របល់​ចុះ​ឡើង​ឱ្យ​ទឹក​នោះ​ឡើង​ល្អក់​ពណ៌​ទឹកដោះ​គោ​។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​ជាតិ​វីតាមីន និង​ជាតិ​ខនិជ​អាច​ជាប់​នៅ​ក្នុង​ទឹក​បាន​ច្រើន​។​

៤- ត្រង​យក​ទឹក​អង្ករ​ដែល​លាង​សម្រាប់​ដាំ​បាយ​រាល់​ថ្ងៃ​ដាក់​ដប ឬ​កូន​ចាន យក​ទៅ​ក្លាសេ​ឱ្យ​ត្រជាក់។​

​​ ​គុណ​ប្រយោជន៍​នៃ​ទឹក​អង្ករ​៖

  • លាង​សម្អាត​ស្បែក​មុខ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ធ្វើ​ឱ្យ​ស្បែក​តឹង ម៉ត់ និង​​​ទន់​ល្មើយ​
  • បណ្ដុះ​កោសិកា​ស្បែក​មុខ សម្រួល​លំហូរ​ឈាម​ និង​ជួយ​ឱ្យ​ស្បែក​ឡើង​ភ្លឺ​រលោង​
  • ព្យាបាល​មុន និង​ធ្វើ​ឱ្យ​ស្នាម​ក្រហម​ពី​ការ​ញេច​មុន​ត្រជាក់ និង​បាត់​ក្រហម​ ជួយ​ផ្ចិត​រន្ធ​ញើស​
  • ព្យាបាល​ និង​កម្ចាត់​អាការៈ​របក ឬ​ជំងឺ​តាអក​
  • ព្យាបាល​ការ​រលាក​លើ​ស្បែក​ឱ្យ​ជា​សះ​ស្បើយ​ក្នុង​រយៈ​ពេល​ខ្លី និង​មិន​មាន​ស្លាក​ស្នាម​ទៅ​ថ្ងៃ​ក្រោយ​

ក្រៅ​ពី​មាន​ប្រយោជន៍​សម្រាប់​ស្បែក​មុខ​ហើយ ទឹក​អង្ករ​ក៏​នៅ​មាន​ប្រយោជន៍​សម្រាប់​ថែរក្សា​សក់​ផង​ដែរ។ អ៊ីចឹង​ ចាំ​ជួប​គ្នា​លើក​ក្រោយ​ជាមួយ​តិចនិក​ថែរក្សា​សក់​ដោយ​ប្រើ​ទឹក​អង្ករ​!

ចុចអាន៖ ញុំា​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​បាន

ចុចអាន អានព័ត៌មានសុខភាពផ្សេងទៀត !

ប្រភព៖ onegoodthingbyjillee ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម