ទ្រាំ​លែង​បាន កុំកុំ ប្ដឹង​ក្រុមហ៊ុន​ភាពយន្ត​ដែល​ថា​ឲ្យលោក​ធ្វើ​ឲ្យ​រឿង​ឡុងចុង

  • 2018-11-17 04:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយពេល​ខាំ​មាត់​សង្កត់​ចិត្ត​ជាយូរ កំពូល​តារា​សម្ដែង​ក្បាច់គុន​ចិន Donnie Yen បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ក្រុមហ៊ុន​ផលិត​ភាពយន្ត “Ice Man” ដោយ​លើក​ឡើង​ថា ពួក​គេ​បាន​ប្រមាថ​កិត្តិយស​លោក។

យោង​តាម​បណ្ដាញ​ព័ត៌មាន Sina កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​មុន​នេះ តំណាង​របស់​តារា​ចម្រៀង​ជើង​ចាស់ចិន Donnie Yen បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង ប្ដឹង​ក្រុមហ៊ុន​ផលិត​រឿង “Ice Man 2”។ មេធាវី​របស់​តួ​រឿង “Ip Man” បាន​ឲ្យ​ដឹង​ថា​ក្រុមការងារ​ខាង​លើ បាន​ចោទ​លក្ខណៈ​ទម្លាក់​កំហុស​ទាំង​ស្រុង​លើ​កូន​ក្ដី​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ បាន​បៀតបៀនកេរ្តិ៍ឈ្មោះ​របស់ កុំកុំ​ជា​ទម្ងន់។ អាស្រ័យហេតុនេះ តារា​រូប​នេះ​សម្រេចចិត្ត​នឹង​ប្ដឹង​រឿង​នេះ​ដល់​ទី​បញ្ចប់។

“គ្រប់​ការ​ចោទ​ប្រកាន់​ទាំង​អស់​ គឺ​សុទ្ធ​តែ​ជា​ពាក្យ​ក្លែង​ក្លាយ។ ពួក​ខ្ញុំ​កំពុង​ប្រមូលភស្តុតាង​ដើម្បី​ផ្ញើ​ទៅ​តុលាការ ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​របស់ Donnie Yen” មេធាវី​ដដែល​ឲ្យ​ដឹង។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ ក្រុមការងារ​រឿង “Ice Man” បាន​បង្ហោះ​ជា​ធារណៈ​លើ​បណ្ដាញ​សង្គម​ថា ដោយ​សារ​តែ​កុំកុំ ធ្វើ​ចរិត​ឆ្មើងឆ្មៃ មិន​ព្រម​សហការ​នឹង​ក្រុមការងារ ព្រម​ទាំង​ប្ដូរ​សាច់​រឿង​ខ្លួន​ឯង ទើប​ធ្វើឲ្យ​រឿង​ដែល​បោះ​ទុន​២៥​លាន​ដុល្លារ​នេះ ឡុងចុង​ជា​ទម្ងន់។ តារា​វ័យ​៥៥​ឆ្នាំ​បាន​បក​វិញ​ថា មិន​ត្រឹម​តែ​ខ្លួន​មិន​បាន​លូក​ដៃ​ចូល​រឿង​នោះ​ទេ លោក​ថែម​ទាំង​មិន​ទាន់​បាន​ទទួល​លុយ​ថត​រឿង​គ្រប់គ្រាន់​ទៀត​ផង៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម