ពេលអ្នកអស់​កម្លាំង​តស៊ូ​ក្នុង​ជីវិត​ ធ្វើ​រឿង​ទាំង​នេះដើម្បីជួយស្រោចស្រង់​ឡើងវិញ

  • 2018-11-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ​តែង​ជួបប្រទះ​ថ្ងៃ​នោះ​ជាក់​ជាមិនខាន។ ថ្ងៃ​ដែល​គ្មាន​កម្លាំង​កំហែង ព្រោះ​បញ្ហា​រួតរឹត​ជិត​ខ្លួន រហូត​ដល់​ពេល​ខ្លះ​មិន​ក្រោក​តតាំង​នឹង​រឿងរ៉ាវ​បន្ត។ បើ​មាន​ពេល​នោះ​មែន កុំ​ឲ្យ​ខ្លួន​ទោរទន់​អី អ្នក​គួរតែ​ក្រោក ហើយ​ធ្វើ​របៀប​នេះ ទើប​អាច​ស្រោចស្រង់​ស្ថានភាព​បាន​ឡើង​វិញ​បាន៖

១.ផ្ដាច់​ចេញ​ពី​សំឡេង​រំខាន

ចាកចេញ​ពី​កន្លែង​នោះ និង​ស្វែងរក​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ។ ការ​ចំណាយ​ពេល​ម្នាក់ឯង គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​គិត​ឡើង​វិញ​នូវ​ដំណោះស្រាយ​កន្លង​មក​ថា ហេតុអ្វី​បាន​ជា​វា​គ្មាន​លទ្ធផល។

២.កុំ​បន្ត​បិទ​ភ្នែក

បើ​អ្នក​មិន​ព្រម​បើក​ភ្នែក​ក្រោក​មក​តទល់​ជាមួយ​បញ្ហា នោះ​នឹង​ធ្វើឲ្យ​អ្នក​កាន់តែ​ដុនដាប​ទៅ រហូត​លែង​ចង់​បើក​ភ្នែក​ជា​រៀង​រហូត។

៣.រំលឹក​ខ្លួន​ឯង​ពាក្យ​ថា «គ្មាន​អ្វី​ដែល​មិន​អាច​ធ្វើ​បាន»

ឧបសគ្គ​ធំ​បំផុត​ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​ហែល​ឆ្លង គឺ​ការ​មិន​បាន​ក្រើន​រំលឹក​ខ្លួនឯង។ ចូរ​ប្រាប់​ខ្លួនឯង​ថា ទោះ​ជា​មាន​បញ្ហា​អ្វី​កើតឡើង ក៏​អ្នក​អាច​ធ្វើ​បាន​ដែរ។ ពាក្យ​ដាស់តឿន​ក្រើនរំលឹក​ខ្លួន ប្រៀប​ដូចជា​ម៉ោង​រោទ៍ ដែល​ធ្វើឲ្យ​អ្នក​ភ្ញាក់​ឡើង។

៤.រក​ទីប្រឹក្សា​ដ៏​សម​គួរ​មួយ ដែល​ធ្លាប់​ជួប​បញ្ហា​នោះ​ដែរ

ចង់​ឲ្យ​ខ្លួនឯង​ក្រោក​ឈរ​បាន​ឆាប់រហ័ស អ្នក​គួរតែ​ស្វែង​រក​មនុស្ស​ដែល​មាន​បទ​ពិសោធ​ជួប​បញ្ហា​ដូច​អ្នក ឲ្យ​គេ​ផ្ដល់​ជា​យោបល់ និង​ដំណោះស្រាយ​ជំហាន​ដំបូង​បែប​ងាយ​ៗ។ បន្ទាប់​មក​យក​គំនិត​ទាំង​នោះ​មក​ថ្លឹងថ្លែង តើ​ថា​វា​ត្រូវ​ស៊ី​គ្នា​ស្ថានភាព​ខ្លួន ១០០% ដែរ​ឬ​ទេ។

៥.យំ

ការ​យំ​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​បាន​ធូរស្បើយ​ច្រើន។ នៅ​ពេល​អ្នក​យំ​អស់​ពី​ចិត្ត នោះ​អ្នក​ត្រូវតែ​ក្រោក​ឈរ​ឡើង ហើយ​ខំ​ប្រឹង​សម្លឹង​ទៅ​មុខ ដើម្បី​ជម្នះ​រាល់​ភាព​លំបាក។

៦.ធ្វើ​ចិត្ត​ឲ្យ​ស្ងប់

កុំ​តតាំង​នឹង​សម្ដី​អ្នក​ដទៃ បើ​ទោះ​ជា​គេ​និយាយ​ស្ដី​អ្វី​ក៏​ដោយ។ អ្នក​គ្រាន់តែ​ទុក​វា​ជា​ខ្យល់​ហោះ​កាន់​ត្រចៀក។ នៅ​ពេល​ពួកគេ​និយាយ​ឆ្អែតឆ្អន់ រឿង​ក៏​កន្លង​ហួស ហើយ​អ្នក​អាច​ចាប់ផ្ដើម​កែខៃ​បញ្ហា​បន្តិចម្ដងៗ៕

ចុចអាន៖​ត្រូវ​ការ​កម្លាំង​ចិត្ត គួរ​និយាយ​ពាក្យ​៩​ឃ្លា​​នេះ​ប្រាប់​ខ្លួន​ឯង​រាល់​ថ្ងៃ ​ដើម្បី​ជីវិត​ធូរស្រាល និង​មាន​សុភមង្គល

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម