គន្លឹះ​ល្អ​ៗជួយ​ឲ្យ​អ្នក​ក្លាយ​ជា​នារី​ជោគជ័យ​ទាំង​វ័យ​ក្មេង

  • 2018-11-13 06:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​គ្រប់​រូប​សុទ្ធ​តែ​ចង់​ឲ្យ​ខ្លួន​ឯង​ជោគ​ជ័យ​ទាំង​វ័យ​ក្មេង​មិន​ថា​ចំពោះ​ជីវិត​ផ្ទាល់​ខ្លួន ឬ​រឿង​ការងារ​ឡើយ។ ប៉ុន្តែ​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​នេះ​មិន​ងាយ​ស្រួល​ដូច​ដែល​យើង​គិត​នោះ​ទេ វា​ទាមទារ​ឲ្យ​យើង​រុករក​វា បញ្ចេញ​សកម្មភាព និង​មាន​ក្ដី​រំពឹង​ក្នុង​ជីវិត។ ទោះ​បី​ជា​លំបាក​បន្តិច​មែន តែ​គន្លឹះ​ខាង​ក្រោម​នេះ​អាច​ជួយ​បាន៖

គន្លឹះ​ជោគ​ជ័យ​រឿង​ជីវិត​ផ្ទាល់​ខ្លួន៖

  • កំណត់​គោលដៅ​ជីវិត

ត្រូវ​មាន​គោលដៅ​ជីវិត​ថា​ខ្លួន​ចង់​បាន​អី? ចង់​សម្រេច​អ្វី? នៅ​កន្លែង​ណា? ហើយ​ទៅ​ណា? នោះ​ទើប​អ្នក​ដឹង​ថា​អ្នក​ត្រូវ​ដើរ​តាម​ផ្លូវ​ណា ហើយ​មាន​អ្វី​ខ្លះ​ជួយ​គាំទ្រ​អ្នក។

  • មាន​ទំនុក​ចិត្ត​ហើយ​ជឿ​ថា​ខ្លួន​នឹង​ជោគជ័យ

ភាព​ជឿជាក់​គឺ​ជា​គន្លឹះ​យ៉ាង​រឹង​មាំ​ដែល​ជួយ​ឲ្យ​អ្នក​ឈាន​ទៅ​រក​ភាព​ជោគជ័​យ ព្រោះ​បើ​អ្នក​គ្មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង អ្នក​ក៏​មិន​អាចធ្វើ​អ្វី​បាន​ដែរ។

  • កុំ​មាន​អំនួត​លើ​ខ្លួន​ឯង​ជ្រុល

កុំ​គិត​ថា​ខ្លួន​ឯង​ល្អ​ឥត​ខ្ចោះ មិន​ចាំបាច់​ស្ដាប់​អ្នក​ណា។ ការ​ដែល​មាន​មោទនភាព​លើ​ខ្លួន​ឯង​ជ្រុល​អាច​នាំ​ឲ្យ​អ្នក​បរាជ័យ​បាន ព្រោះ​នៅ​ក្នុង​លោក​នេះ​មាន​រឿង​ដែល​អ្នក​មិន​ចេះ មិន​ដឹង ហើយ​ត្រូវ​រៀន​ច្រើន​ណាស់។

  • មាន​ទំនាក់​ទំនង​ល្អ

ទំនាក់ទំនង​ល្អ​ក៏​ជា​ចំណុច​ខ្លាំង​មួយ​ជួយ​ឲ្យ​អ្នក​សម្រេច​ក្ដី​ស្រមៃ​អ្នក​ដែរ ដូច្នេះអ្នក​គួរ​តែ​មាន​ការ​រាបឮអាន​មួយ​ជាមួយ​មិត្តភក្ដិ គ្រួសារ ឬ​ដៃគូ​ការងារ​ណា​ឲ្យ​បាន​ល្អ។ មាន​មនុស្ស​ល្អ​ៗ​នៅ​ជិត​ខ្លួន អ្នក​កាន់​តែ​ជោគជ័យ។

  • ថែរក្សា​ខ្លួន

ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវកាយ ព្រោះ​មាន​ផ្នែក​ណា​មួយ​មាន​បញ្ហា អ្នក​ក៏​អាច​ប៉ះទង្គិច​ខ្លាំង​លើ​គោលដៅ​អ្នក​ដែរ។ សុខភាព​គឺ​សំខាន់ ផ្លូវ​ចិត្ត​រឹត​តែ​សំខាន់ ដូច្នេះ​ត្រូវ​ចេះ​ថែរក្សា​ឲ្យ​បាន​ល្អ។

  • ប្រើប្រាស់​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹម​ត្រូវ

លុយ​មុន​នឹង​ចាយ​គួរ​តែ​គិត​ ព្រោះ​បើ​អ្នក​ចេះ​តែ​ចាយ​គ្មាន​ដឹង​ក្បាល ដឹ​ងកន្ទុយ អ្នក​អាច​ជួប​បញ្ហា​លុយកាក់​បាន។

គន្លឹះ​ជោគ​ជ័យ​លើ​ការងារ​ដែល​ខ្លួន​កំពុង​មាន

  • រៀប​ចំ​ផែន​ការ និង​កំណត់​គោលដៅ​ច្បាស់​លាស់

អ្នក​គួរ​តែទម្លាប់​មាន​ផែនការការងារ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​បើ​ចេះ​តែ​ធ្វើ​មួយ​ថ្ងៃ​រួច​មួយ​ថ្ងៃ អ្នក​ពិត​ជា​មិន​ងាយ​ឡើង​ទៅ​កន្លែង​ដែល​ខ្ពស់​នោះ​ទេ។

  • ពង្រឹង​ចំណេះដឹង​បន្ថែម

ទទួល​ការ​អប់រំ និង​ការ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​វា​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​អ្នក។ កាន់​តែ​មាន​ចំណេះដឹង សមត្ថភាព​អ្នកក៏​កាន់​តែ​ខ្លាំង ហើយ​គំនិត​អ្នក​ធ្វើការ​ក៏​កាន់​តែ​ទូលាយ។

  • ជឿជាក់​លើ​សមត្ថភាព​ខ្លួន

អ្នក​ត្រូវ​មាន​ទំនុក​ចិត្ត​ហើយ​ជឿ​ថា​អ្នក​នឹង​ជោគជ័យលើ​ការងារ​ដែល​អ្នក​កំពុង​ធ្វើ ហើយ​អ្នក​អាច​ធ្វើ​បាន​យ៉ាង​ល្អ។

  • ស្រលាញ់​ការងារ​ដែល​ខ្លួន​ឯង​ធ្វើ

ធ្វើ​ការងារ​ដែល​អ្នក​ស្រឡាញ់ ទើប​អ្នក​អាច​រក​ឃើញ​អ្វី​ជា​ខ្លួន​ឯង​បាន។ ម្យ៉ាង​ទៀត​ពេលដែល​អ្នក​ស្រឡាញ់​ការងារ​នោះ អ្នក​នឹង​គ្មាន​អារម្មណ៍​ថា​ហត់ ចង់​បោះបង់​ឡើយ។

  • ហ៊ាន​ប្រឈម​មុខ​នឹង​រឿង​ថ្មី​ៗ

កុំ​ខ្លាច​នឹង​ការ​ប្រថុយប្រថាន ព្រោះ​បើ​អ្នក​នៅ​តែ​មួយ​កន្លែង​ដដែលៗ ជីវិត​អ្នក​គ្មាន​រីកចម្រើន​ទេ។ ចេញ​ទៅ​រក​អ្វី​ដែល​ប្លែក​ ដែល​ថ្មី និង​រៀន​ពីវា។

  • មាន​ទំនាក់​ទំនង​ល្អ

កុំ​ធ្វើ​ជា​មនុស្ស​គល់ឈើ​នៅ​កន្លែង​ធ្វើការ​ឲ្យ​សោះ​ អ្នក​ត្រូវ​ចេះ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ នេះ​គឺ​ជា​ការពង្រឹង​ទំនាក់​ទំនង​ការ​ងារ ហើយ​វា​ក៏​ជួយ​អ្នក​បាន​យ៉ាង​ប្រសើរ​ផង​ដែរ។

  • មាន​ពេល​សម្រាក លំហែ​ខួរក្បាល

គិត​តែ​ការងរ​ខ្លាំង​ពេក​ក៏​មិន​ល្អ​ដែរ អ្នក​ត្រូវ​មាន​ពេលវេលា​ខ្លះ​សម្រាប់​សម្រាក យក​កម្លាំង​មក​បន្ត​ក្ដី​ស្រមៃ​អ្នក​ទៀត៕

ចុចអាន៖ទម្លាប់​​​ល្អ​​៥យ៉ាង នារី​សម័យ​ថ្មី​​តែង​​មាន​ជាប់​​ខ្លួន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម