កុំកុំ​ រង​ការ​រិះគន់ខ្លាំង​ក្រោយ​​ធ្វើ​ឲ្យ​ភាពយន្ត​​បោះទុន​២០​លាន​ដុល្លារ​បរាជ័យ

  • 2018-11-12 02:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមហ៊ុន​ផលិតភាពយន្ត​បាន​ឲ្យ​ដឹង​ថា អាកប្បកិរិយា​មិន​ព្រម​សហការជាមួយ​ក្រុមការងារ​របស់​កំពូល​តារា​សម្ដែង​ចិន Donnie Yen គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ភាពយន្ត “Ice Man” ទទួលបរាជ័យ​ធ្ងន់ធ្ងរ​បែប​នេះ។

កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ខ្សែ​ភាពយន្ត​ថ្មី​បំផុត​របស់​តារា​សម្ដែង​ប្រុស​ជើងចាស់​ចិន Donnie Yen រឿង “Ice Man” ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ប្រទេស​ចិន។ យ៉ាងណាក្ដី រឿង​នេះ​មិន​ទទួល​បាន​គាំទ្រ​ពី​ទស្សនិកជន​ច្រើន​នោះ​ទេ។ ពោលគឺ​រឿង​នេះ​ត្រូវ​ខាត​ឡុង​ចុង​ខ្លាំង។ មិន​សុខ​ចិត្ត​នឹង​ប្រការ​នេះ ក្រុមហ៊ុន Shaw Organisation ដែល​ជា​អ្នក​ផលិត​រឿង​ខាង​លើ​បាន​បង្ហោះ​សារ​រិះគន់​ចំពោះ កុំកុំ ដែល​ពួក​គេ​បន្ទោស​ថា​លោក​គឺ​ជា​មូលហេតុ​ធ្វើ​ឲ្យ​រឿង​បរាជ័យ។ នៅ​ក្នុង​សារ​នេះ ពួក​គេ​បាន​លើក​ឡើងថា​៖ តារា​វ័យ​៥៥​ឆ្នាំ​វាយ​វាយ​ឫក​ឆ្មើងឆ្មៃ​ពេល​សម្ដែង ដូច​ជា​មិន​ព្រម​ពាក់​សក់​ដែល​ក្រុមការងារ​ត្រៀម​សម្រាប់​លោក ផ្លាស់​ប្ដូរ​ប៉ារ៉ូល​តាម​តែ​ចិត្ត​ខ្លួន​ឯង និង​កែ​ប្រែ​សាច់​រឿង​ស្រេច​តែ​ចិត្ត។

ប្រឈម​មុខ​នឹង​មតិរិះគន់​នេះ តារា​កើត​ឆ្នាំ១៩៦៣ បាន​តបវិញ​ថា ខ្លួន​មិន​បានលូក​ដៃ​ចូល​កែប្រែ​សាច់​រឿង​អ្វី​ទាំង​អស់។ មូលហេតុ​ដែល​នាំ​ឲ្យ​រឿង​បរាជ័យ​គឺ​មក​ពី​សមត្ថភាព​អ្នក​ដឹកនាំ​រឿង​មិន​ដល់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​ទម្លាយ​ថា ក្រុមការងារ​​នេះ​មិន​ទាន់​ឲ្យ​លុយ​តម្លៃ​ខ្លួន​របស់​លោក​គ្រប់​ផង។ គួរ​បញ្ជាក់​ផងដែរ​ថា “Ice Man” ត្រូវ​បាន​បោះទុន​២០០​លាន​ដុល្លារ​ហុងកុង (២០,៥លាន​ដុល្លារ) និង​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​ឈ្មោះ​ជាច្រើន តែ​ដោយ​សារ​មាន​ទស្សនិជនតិចពេក រឿង​នេះ​អាច​ត្រូវ​ឈប់បញ្ចាំង​មុន​កំណត់៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម