ចង់​បាន​កូន​ស្អាត សើច​រួសរាយ​មិន​មុខ​ខ្មូរ ពេល​ពពោះ​គួរ​ញ៉ាំ​អាហារ​​ទាំង​នេះ

  • 2018-11-08 09:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 415

ចន្លោះមិនឃើញ

ចាស់​បុរាណ​តែង​មាន​ជំនឿ​ថា​ កូន​ដែលកើត​មក​រួសរាយ​ ប្រជាប្រិយ​ដាក់​អ្នក​ដទៃ​​នឹង​នាំ​​លាភ​​ដល់​​គ្រួសារ​។ ដូច្នេះ​ហើយ​ ទើប​នៅ​ពេល​មាន​ផ្ទៃ​ពោះ​ អ្នក​គ្រប់​គ្នា​នៅ​ក្នុង​ផ្ទះ​ព្យាយាម​បង្កើត​តែ​ភាព​សប្បាយ​រីករាយ មិន​ឱ្យ​អ្នក​ម្ដាយ​គិត​ឬ​កើត​ទុក្ខ​ច្រើន​ឡើយ។ បែរ​មក​គិត​តាម​វិជ្ជា​វេជ្ជសាស្ត្រ​ គ្រូពេទ្យ​ជា​ច្រើន​ក៏​តែង​ណែនាំ​អ្នក​ម្ដាយ​ឱ្យ​ធ្វើ​អារម្មណ៍​ឱ្យ​ធូរ​ស្រាល​ដែរ ព្រោះ​តំណ​ភ្ជាប់​រវាង​អារម្មណ៍​ម្ដាយ​និង​គភ៌​នៅ​ក្នុង​ផ្ទៃ​ពិត​ជា​មាន​សារសំខាន់​ណាស់។

ទន្ទឹម​នឹង​ការ​ធ្វើ​អារម្មណ៍​អ្នក​ម្ដាយ​ឱ្យ​ស្រស់​ស្រាយ​គ្រប់​ពេល ចំណី​អាហារ​ក៏​ដើរ​តួ​សំខាន់​ក្នុង​ការ​បញ្ជូន​សារធាតុ​ចិញ្ចឹម​ទៅ​ដល់​គភ៌ និង​ជួយ​ធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​ធូរ​ស្រាល​​បាន​ដែរ។ លោកស្រី​​ Zoe Bingley-Pullin អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ និង​​ជីវជាតិបំប៉ន​ ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​សុខភាព​ជា​ច្រើន​ក្បាល​ផង​ដែរ​នោះ​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា អាហារ​ពិត​ជា​អាច​សម្រួល​អារម្មណ៍​ និង​បង្កើត​ក្ដី​សុខ​ដល់​មនុស្ស​បាន​មែន។ ដូច្នេះ​ពេល​មាន​ផ្ទៃ​ពោះ អ្នក​ម្ដាយ​គួរ​​ជ្រើស​រើស​អាហារ​ដូច​ខាង​ក្រោម​នេះ​ដើម្បី​ឱ្យ​កូន​មាន​អារម្មណ៍​ធូរ​ស្បើយ​ទៅ​តាម​នោះ​ដែរ។

សូកូឡា​ខ្មៅ

តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី Pregnancymagazine និងការ​ស្រាវជ្រាវ​របស់​​ប្រទេស​ហ្វាងឡង់​បាន​រក​ឃើញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​​ដែល​ចូល​ចិត្ត​ញ៉ាំ​សូកូឡា​ខ្មៅ​ជា​អាហារ​សម្រន់​​នោះ​ តែង​តែ​មិន​សូវ​មាន​អារម្មណ៍​ស្មុគស្មាញ ឬ​តឹង​តែង​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ពេល​កូន​កើត​មក​ច្រើន​តែ​រួសរាយ ពូកែ​សើច​ គួរ​ឱ្យ​ស្រលាញ់។ នៅ​ក្នុង​សូកូឡា​ខ្មៅ​មាន​ផ្ទុក​ Tryptophan ដែល​ជា​ប្រភេទ​អាស៊ីត​អាមីណូ​ជំនួយ​ដល់​រាងកាយ​ក្នុង​ការ​​ផលិត​ប្រូតេអ៊ីន និង​​សារធាតុ​មាន​ប្រយោជន៍​ផ្សេង​ទៀត​ជំនួយ​ដល់​ខួរ​ក្បាល។

ក្រៅ​ពី​នេះ សមាសធាតុ​ដែល​ផ្សំ​ឡើង​ក្នុង​សូកូឡា​ខ្មៅ​ក៏​ជំនួយ​ផង​ដែរ​ដល់​ការ​បង្កើន​បរិមាណ​អរម៉ូន​អង់ដូភីន​ (Endorphin) នៅ​ក្នុង​ខួរ​ក្បាល​ ជួយ​ស្ត្រី​មាន​ផ្ទៃពោះ​ឱ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ។ តែ​យ៉ាង​ណា​ក៏​ដោយ អាហារ​សម្រន់​មួយ​នេះ មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ដែល​អ្នក​ម្ដាយ​គួរ​តែ​កំណត់​បរិមាណ​នៃ​ការ​ញ៉ាំ​ឱ្យ​បាន​ត្រឹម​ត្រូវ។

អង្ករ​សម្រូប

អង្ករ​សម្រូប​​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ល្អ​ខ្លាំង​សម្រាប់​ការ​លូត​លាស់​​របស់​គភ៌​នៅ​ក្នុង​ផ្ទៃ​ដូច​ជា វីតាមីន​ B ផូស្វ័រ សេលេញ៉ូម ម៉ាញេស្យូម ប៉ូតាស្យូម និង​ម៉ង់កាណែស។ នេះ​ជា​អាហារ​កំពូល​មួយ​ក្នុង​​ចំណោម​អាហារ​ដទៃ​ដែល​ជួយ​សម្រួល​ផ្នែក​ផ្លូវអារម្មណ៍​បាន​ល្អ​ប្រសើរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​សុខភាព drhealthbenefits។

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ​នៅ​ក្នុង​អង្ករ​សម្រូប​​មាន​ទំនាក់ទំនង​​​ពិសេស​រវាង​កាបូហាយដ្រាត​ និង​សេរ៉ូតូនីន (ជា​អរម៉ូន​ដែល​កាត់​បន្ថយ​អារម្មណ៍​តានតឹង និង​ការពារ​ការ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​) ហេតុ​នេះ​ហើយ កាល​ណា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ញ៉ាំ​បាយ​ដាំ​ចេញ​ពី​អង្ករ​សម្រូប ឬ​អាហារ​ដែល​មាន​ជាតិ​អង្ករ​សម្រូប​អាច​មាន​ផល​ល្អ​ច្រើន​ដល់​គភ៌​ដូច​គ្នា។

ចុចអាន៖ អាហារ​តាម​ត្រីមាស​នីមួយៗ អ្នក​ម្ដាយ​មិន​គួរ​រំលង បើ​ចង់​ឱ្យ​កូន​កើត​មក​ស្អាត ឆ្លាត គ្រប់​លក្ខណៈ

ផ្លែ​បឺ

ក្នុង​ចំណោម​អាហារ​ល្អ​ទាំង​៥​​ដែល​អាច​ធ្វើ​ឱ្យ​អារម្មណ៍​មនុស្ស​ល្អ​បាន ផ្លែ​បឺ​ក្នុង​ស្ថិត​ក្នុង​បញ្ជី​ផង​ដែរ។ នៅ​ក្នុង​ផ្លែ​បឺមួយ​ផ្លែ​មាន​សារធាតុ​ទីរ៉ូស៊ីន​ដែល​ជា​ប្រភេទ​អាមីណូ​អាស៊ីត​ជំនួយ​ដល់​ខួរ​ក្បាល និង​រាងកាយ ធ្វើ​ឱ្យ​ខួរ​ក្បាល​បាន​សម្រាក និង​មិន​សូវ​គិត​​ច្រើន។ ក្រៅ​ពី​នេះ​ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​មាន​វីតាមីន​ B ​អាស៊ីត​ហ្វូលីក​ អូមេហ្កា​៣ ដែល​មាន​ប្រយោជន៍​ដល់​ទាំង​ម្ដាយ​និង​គភ៌​សម្រាប់​ការ​លូតលាស់​។ ​​

ផ្លែ​ចេក

​ចេក​មាន​សារធាតុ​ Tryptophan ដែល​​ជំនួយ​ដល់​ការ​ផលិត​ប្រូតេអ៊ីន​ និង​សម្រួល​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឱ្យ​ដំណើរ​ការ​ស្រួល។ ហេតុ​នេះ​ហើយ​ អ្នក​អាច​សង្កេត​ដោយ​ខ្លួន​ឯង​បាន ការ​ញ៉ាំ​ផ្លែ​ចេក​ក្រោយ​មាន​អារម្មណ៍​ស្ត្រេស​អាច​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​មាន​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ ដែល​សំខាន់​ដល់​ការ​លូត​លាស់​របស់​គភ៌​ និង​ទ្រទ្រង់​សុខភាព​មាតា​ឱ្យ​រឹង​មាំ​ ក្នុង​ពេល​ពពោះ​។

ចុចអាន៖ ប៉ាម៉ាក់​សម្បុរស្រអែម​ក៏​កូន​អាច​កើត​មក​ស្បែក​​ស៊ី​ជម្ពូរ ឱ្យ​តែ​ពេល​ពពោះ​​ញ៉ាំ​អាហារ​​​ទាំង​៦​មុខ​

ដូង

ការ​សិក្សា​​មួយ​ចំនួន​បាន​បង្ហាញ​ថា ដើម្បី​កាត់​បន្ថយ​ស្ត្រេស​ ក្លិន​អាច​ដើរ​តួ​នាទី​ក្នុង​ការងារ​នេះ​បាន។ ក្នុង​នោះ​ដែរ ក្លិន​ឈ្ងុយ​របស់​ផ្លែ​ដូង​ ឬ​ប្រេង​ដូង​ ឬសូម្បី​តែ​ការ​ញ៉ាំ​ដូង​តែ​ម្ដង​អាច​ធ្វើ​ឱ្យ​អ្នក​បាត់​អស់​ទុក្ខ​កង្វល់ និង​ធូរ​ស្បើយ​ពី​អារម្មណ៍​តានតឹង​នានា៕


អត្ថបទ៖ សរ សុគន្ធី