អ្នក​ជំនាញ៖ ជីវិត​​នឹង​លែង​ស្រ្តេស បើ​​អ្នក​អាច​យំ​មួយ​អាទិត្យ​ម្ដង

  • 2018-11-08 06:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​យំ​មិន​មែន​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​នោះ​ឡើយ តែ​វា​គ្រាន់​តែ​ជា​ការ​បញ្ចេញ​ និង​បន្ធូរ​អារម្មណ៍​​មួយ​បែប នៅ​ពេល​ដែល​យើង​​មាន​បញ្ហា​ក្នុង​ចិត្ត។ មិន​តែ​ប៉ុណ្ណោះ អ្នក​ជំនាញ​ផ្នែក​ទឹក​ភ្នែក​ពី​ប្រទេស​ជប៉ុន បាន​បង្ហើប​ថា ការ​យំ​ឲ្យ​បាន​​ម្ដង​ក្នុង​មួយ​សប្ដាហ៍ នឹង​ជួយ​បញ្ចេញ​អារម្មណ៍​ស្ត្រេស​ ​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ បំបាត់​អារម្មណ៍​មួហ្មង និង​មាន​អារម្មណ៍​ស្រស់​ថ្លា​ជាង​មុន។

រូបតំណាង

អ្នក​ជំនាញ​ឈ្មោះ Hidefumi Yoshida ជា​អតីត​គ្រូបង្រៀន ដែល​មាន​បទពិសោធន៍​ជាង ៥ឆ្នាំ​កន្លះ​ក្នុង​ការ​​ធ្វើ​សិក្ខាសាលា​តាម​សាលារៀន និង​ស្ថាប័ន​ផ្សេង​ៗ ដើម្បី​បង្ហាញ​ឲ្យ​សិស្សានុសិស្ស និង​អ្នក​ធ្វើ​ការ​បាន​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​យំ ដែល​អាច​ជួយ​បញ្ចេញ​អារម្មណ៍​ស្ត្រេស​បាន មិន​ថា​តាម​រយៈ​ការ​មើល​ភាពយន្ត​កម្សត់​ៗ ស្ដាប់​ចម្រៀង​កម្សត់​ៗ ឬ​អាន​សៀវភៅ​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្ដុកក្ដួល​ស្រក់​ទឹក​ភ្នែក​​ក្ដី។ ក្រៅ​ពី​នេះ​ការ​យំ​ក៏​អាច​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្ត​​​ឲ្យ​ធូរ​ស្រាល​បាន​ច្រើន​ជាង​ការ​គេង​មួយ​ភ្លែតៗ និង​ការ​សើច​ទៅទៀត។

លោក Yoshida បាន​ចាប់​ផ្ដើម​សិក្សា​អំពី​ផល​ប្រយោជន៍​នៃ​ការ​យំ​បាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ បន្ទាប់​ពី​អ្នក​សុំ​​ការ​ប្រឹក្សា​ពី​លោក​ម្នាក់ ឈប់​ចូល​មក​សុំ​ការ​ណែនាំ​ពី​លោក​បន្ថែម ក្រោយ​​ពី​បាន​បើក​ចិត្ត​និយាយ​ពី​បញ្ហា​រហូត​ដល់​យំ។ ក្រោយ​ការ​សិក្សា​ ទើប​លោក​រក​ឃើញ​ថា ការ​យំ​បាន​ចូល​ទៅ​ជំរុញ​ការ​ធ្វើ​ការ​របស់​ប្រព័ន្ធ​ប្រសាទ​ Parasympathetic ដែល​ជា​ប្រព័ន្ធ​គ្រប់គ្រង​ការ​ធ្វើ​ការ​របស់​អវយវៈ​មួយ​ចំនួន​ដែល​ស្ថិត​ក្រៅ​ការ​គ្រប់គ្រង​របស់​ផ្លូវ​ចិត្ត​ ធ្វើ​ឲ្យ​រាង​កាយ​ត្រលប់​មក​​ភាព​ប្រក្រតី ឬ​ធូរស្រាល ដូច្នេះ​ហើយ​ទើប​ពេល​ដែល​យំ​ហើយ មនុស្ស​ច្រើន​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ធូរស្រាល​ជាង​មុន​បន្តិច។

រូបតំណាង

​មុន​ការ​សិក្សា​នេះ ក៏​ធ្លាប់​មាន​ករណី​សិក្សា​មួយ​ចំនួន​ទៀត​ដែរ​ដែល​រក​ឃើញ​ថា​ការ​យំ​ពិត​ជា​អាច​​បំបាត់​ភាព​​ស្ត្រេស​​របស់​មនុស្ស​បាន។ នៅ​ក្នុង​ឆ្នាំ ១៩១៨ បណ្ឌិត William Frey មក​ពី​សាកលវិទ្យាល័យ Minnesota បានសិក្សា និង​រក​ឃើញ​ថា ការ​យំ​គឺ​ជា​ការ​ជំរុញ​ការ​បញ្ចេញ​អ័រម៉ូន Endorphins ឬ​អ័រម៉ូន​​ក្ដី​សុខ ដូច្នេះ​ហើយទើប​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ក្រោយ​ពេល​យំ ខណៈ​ដែល​​ការ​សិក្សា​​មួយ​ទៀត​លើ​មនុស្ស​ចំនួន ៣០០០នាក់ បាន​បង្ហាញ​ថា​ការ​យំ​នៅ​ពេល​ពិបាក​ចិត្ត​នឹង​អាច​​ធ្វើ​ឲ្យ​អារម្មណ៍​​​ប្រសើរ​ឡើង។

ដូច្នេះ​ហើយ​លើក​ក្រោយ​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ចង់​យំ សូម​យំ​ចេញ​មក។ អ្នក​​អាច​មាន​អារម្មណ៍​ទន់​ខ្សោយ​ពេល​ទឹក​ភ្នែក​ហូរ ប៉ុន្តែ​នៅ​ពេល​ទឹក​ភ្នែក​ស្ងួត អ្នក​នឹង​មាន​អារម្មណ៍​ស្រស់​ថ្លា ធូរ​ស្រាល និង​មាន​សតិ​គ្រប់គ្រាន់​ឡើង​វិញ​សម្រាប់​ការ​ធ្វើ​ការ និង​បន្ត​ដំណើរ​ជីវិត ៕

ចុចអានបន្ត៖

ប្រភព៖ Independent ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម