​៦​យ៉ាង​ដែល​មនុស្ស​ប្រុស​បំផ្លាញ​ក្ដី​ស្រឡាញ់​មនុស្ស​ស្រី​ឲ្យអស់​​គ្មាន​សល់​​

  • 2018-11-08 04:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្ដី​ស្រឡាញ់​វា​កើត​ឡើង​ដោយ​មិន​បាន​ព្រៀងទុក​ទេ ហើយ​ពេល​ខ្លះ​ក៏​រក​ហេតុផល​មិន​ឃើញ​ទៀត ដឹង​ត្រឹម​ចិត្ត​ស្រឡាញ់។ យ៉ាង​ណា​ក៏​ដោយ​ចិត្ត​ស្រឡាញ់​នោះ​នឹង​អាច​បំផ្លាញ​ទៅ​វិញ​បាន បើ​សិន​ជា​អ្នក​ចាប់​ផ្ដើម​ធ្វើ​រឿង​បែប​នេះ​នៅ​កាន់​នាង នៅ​ពេល​ដែល​នាង​កំពុង​ស្រឡាញ់​អ្នក​ខ្លាំង៖

១. ចំណាយ​ពេល​ជាមួយ​គ្នា​តិច​ខ្លាំង​ពេក

មនុស្ស​ស្រឡាញ់​គ្នា​តែង​តែ​ចង់​នៅ​ជិត​គ្នា ចង់​មាន​ពេល​ជាមួយ​គ្នា​ទៅ​តាម​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន។ យ៉ាង​ណា​ក៏​ដោយ​បើ​អ្នក​គ្មាន​ពេល​ជាមួយ​នាង​សោះ វា​ក៏​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្និទ្ធស្នាល​ត្រូវ​បាន​បាត់បង់​បន្តិច​ម្ដង​ៗ។ បើ​មាន​ពេល​​អ្នក​គួរ​តែ​ចំណាយ​ពេល​ជាមួយ​នាង​ឲ្យ​បាន​ច្រើន ព្រោះ​ធម្មជាតិ​របស់​មនុស្ស​ស្រី​គឺ​ចង់​បាន​ភាព​កក់ក្ដៅ​ពី​មនុស្ស​ដែល​នាង​ស្រឡាញ់​បែបនេះ​ហើយ។

២. ព្រងើយ​កន្តើយ

ការ​ព្រងើយ​កន្តើយ ការ​មិន​ខ្វល់ខ្វាយ សោះ​កក្រោះ​ដាក់​នាង​នេះ​ហើយ​ គឺ​ជា​ចំណុច​ខ្លាំង​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឆាប់​អស់​ចិត្ត​ណាស់។ នៅ​ពេល​ដែល​អ្នក​កាន់​តែ​ធ្វើ​ហីៗ​ដាក់នាង ទុក​នាង​ចោល មិន​សូវ​សួរនាំ​នាង យូរ​ៗ​ទៅ​នាង​នឹង​មាន​អារម្មណ៍​ថា​មាន​អ្នក​ក៏​ដូច​គ្មាន​អ្នក ហើយ​មិន​យូរ​នោះ​ទេ​នាង​នឹង​លែង​ចង់​មាន​វត្តមាន​អ្នក​ទៀត។

៣. រញ៉េរញ៉ៃ​ជាមួយ​អ្នក​ផ្សេង

ឲ្យ​តែ​អ្នក​ចាប់​ផ្ដើម​រញ៉េរញ៉ៃ​ជាមួយ​អ្នក​ផ្សេង​ហើយ ទំនុក​ចិត្ត​នាង​ក៏​ចាប់​ផ្ដើម​បាត់​បង់ ពេល​នោះ​​ការ​ស្រឡាញ់​នាង​ចំពោះ​អ្នក​ក៏​ចាប់​ផ្ដើម​ប្រែប្រួល​ដែរ។​ កុំ​ឲ្យ​នាង​គិត​ថា​អ្នក​ជា​មនុស្ស​មិន​ស្មោះ​ត្រង់​អី ព្រោះ​មនុស្ស​ស្រី​ពូកែ​ទ្រាំ​ណាស់ តែ​នៅ​ពេល​នាង​ទ្រាំ​អស់​ចិត្ត នាង​នឹង​ដើរ​ចេញ​ដោយខ្លួន​ឯង។ បើ​អ្នក​ជាមនុស្ស​ប្រុស​ចូលចិត្ត​រាយ​មន្តស្នេហ៍ ចូលចិត្ត​ទាក់ទង​គេ​រញ៉េរញ៉ៃ​នោះ កុំ​រំពឹង​ថា​មនុស្ស​ស្រី​ល្អ​អាច​នៅ​ជាមួយ​អ្នក​បាន។

៤. លាក់​មុខ​លាក់​ក្រោយ

ស្រឡាញ់​គ្នា​មិន​មែន​ជា​រឿង​ខុស​ឯណា ហេតុអី​ត្រូវ​លាក់​មុខ​លាក់​ក្រោយ​មើល​ដូច​តែ​ចោរ​លួច​ទៅ​ហើយ។ នេះ​មិន​មែន​សំដៅ​ឲ្យ​អ្នក​ប្រកាស​ប្រាប់​គេ​ឯង ពេញ​ពិភព​លោក​ទេ តែ​គ្រាន់​តែ​ឲ្យ​អ្នក​កុំ​លាក់បាំង​គេ​ឯង​ពេក​ទៅ​បាន​ហើយ។ បើ​អ្នក​សម្រេច​ចិត្ត​យក​នាង​ធ្វើ​ជា​គួស្នេហ៍​ទៅ​ហើយ គួរ​តែ​ផ្ដល់​តម្លៃ ផ្ដល់​ភាព​កក់​ក្ដៅ​ទៅ​ឲ្យ​នាង​ផង មិន​មែន​លួចលាក់​មើល​តែ​ស្រី​ដណ្ដើម​ប្ដី​គេ​នោះ​ទេ។

៥. ទុក​នាង​ជា​ជម្រើស

អ្នក​ចូលចិត្ត​ទុក​នាង​ជា​ជម្រើស​បន្ទាប់​បន្សំ។ បើ​អ្នក​មាន​មិត្តភក្តិ​ទៅ​ដើរលេង​ ផឹក​ស៊ី​អ្នក​ក៏​ទៅ​វឹង​គ្មាន​នឹកនា​នាង​ទេ តែ​បើ​អត់​វិញ​ទើប​អ្នក​មក​រក​នាង​ជា​ដើម។ អ្នក​ទុក​នាង​ជា​ជម្រើស​បន្ទាប់​ពី​អ្នក​គ្មាន​អ្នក​ណា​នៅ​ក្បែរ​សោះ។ ម្យ៉ាង​ទៀត​អ្នក​ចូលចិត្ត​ប្រៀបធៀប ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា អ្នក​ជា​មនុស្ស​ប្រុស​បង់​សំណាញ់ ព្រោះ​ទោះ​អ្នក​មាន​នាង​ក៏​ដោយ​ក៏​អ្នក​នៅ​តែ​បន្ត​បង់​សំណាញ់​រក​អ្នក​ផ្សេង ហើយ​មក​ប្រៀបធៀប​គ្នា​ អ្នក​ណា​ល្អ​ជាង ក៏​ចាប់​អ្នក​នោះ​បន្ត​ទៀត។

៦. ស្រឡាញ់​នាង​ទៅ​តាម​អារម្មណ៍

ម្ដង​ល្អ​ជាមួយ​នាង ម្ដង​ក៏​អត់។​ អារម្មណ៍​ល្អ​ក៏​ស្រឡាញ់​នាង​ទៅ អារម្មណ៍​មិន​ល្អ​ក៏​ទុក​នាង​ចោល មិន​រវីរវល់ មិន​និយាយ​ស្ដី​ជាមួយ​នាង​ជា​ដើម។ ទង្វើ​បែប​នេះ​គឺ​បំផ្លាញ​មនោសញ្ចេតនា​មនុស្ស​ស្រី​បាន​រហ័ស​ណាស់ ហើយ​នាង​ក៏​មិន​អាច​ទ្រាំ​ជាមួយ​អ្នក​រហូត​ដែរ។

កុំ​ចាំ​ដល់​នាង​អស់​ចិត្ត​ទើប​មើល​ឃើញ​ពី​តម្លៃ​នាង​អី ព្រោះ​ពេល​នោះ​អ្នក​មិន​អាច​ស្រោចស្រង់​នាង​ត្រឡប់​មក​វិញ​ឡើយ៕

ចុចអាន៖កុំ​ទទួល​យក​អ្នក​ណា បើ​គ្រាន់​តែ​អ្នក​ឯកា និង​ចង់​មាន​គ្នា​កំដរ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម