ស្រី​ស្អាត​ទម្លាយ​រូបមន្ត​សម្រក​ទម្ងន់​បាន ១៩​គីឡូ ដោយ​វិធី​ងាយ​ៗ​បំផុត

  • 2018-11-06 04:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ថា​មនុស្ស​ស្រី​ជា​ច្រើន​ដែល​មាន​ក្ដី​ស្រមៃ​ចង់​បាន​រាង​ស្អាត ព្រោះ​វា​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ស្លៀក​ពាក់​អ្វី​ក៏​ស្អាត ថត​រូប​ពី​ជ្រុង​ណា​ក៏​មើល​ទៅ​ស្អាត។ សម្រាប់​អ្នក​ដែល​កំពុង​ស្វែង​រក​វិធី​សម្រក​ទម្ងន់​ដែល​បាន​ផល ថ្ងៃ​នេះ​កញ្ញា​សូម​ចែក​រំលែក​អំពី​វិធី​សម្រក​ទម្ងន់​របស់​តារា​អ៊ីនធឺណិត​ម្នាក់​ឈ្មោះ Belllybang ​ដែល​អាច​សម្រក​ទម្ងន់​​បាន​ជោគជ័យ គឺ​រហូត​ដល់ ១៩​គីឡូ។ ចង់​ដឹង​ថា​វិធី​សម្រក​ទម្ងន់​របស់​នាង​មាន​អ្វី​ខ្លះ សូម​អាន​ខាង​ក្រោម​នេះ​តែ​ម្ដង៖

១. ផឹក​ទឹក​ឲ្យ​ច្រើន

Bell បាន​ឲ្យ​ដឹង​ថា​នាង​តែង​ព្យាយាម​ផឹក​ទឹក​ឲ្យ​បាន​មួយ​ថ្ងៃ ១លីត្រ​កន្លះ ទៅ​២​លីត្រ ដើម្បី​លាង​ជាតិ​ពុល​ចេញ​ពី​រាងកាយ ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ស្រួល ថែម​ទាំង​ជួយ​​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​បាន​​ទៀត​ផង ដោយ​ព្យាយាម​ផឹក​ទឹក​​ម្ដង​បន្តិច​ៗ​ពេញ​មួយ​ថ្ងៃ និង​ផឹក​ទឹក​១​កែវ ឬ​២​កែវ​មុន​​ញ៉ាំ​បាយ។

២. បែង​ចែក​អាហារ​​តាម​ពេល

ពេល​ព្រឹក​គឺ​នាង​ផ្ដោត​លើ​ការ​​ញ៉ាំ​បាយ​ឲ្យ​ឆ្អែត​ ជាមួយ​​ស៊ុត​ស្ងោរ ស៊ុត​ចំហុយ និង​ទឹក​ស៊ុប ចំណែក​ពេល​ថ្ងៃ​ត្រង់​គឺ​ផ្ដោត​លើ​ប្រូតេអ៊ីន ដូច​ជា Steak សាច់​មាន់ Steak សាច់​ជ្រូក ឬ​​បាយ​សាច់​ទ្រូង​មាន់​ស្ងោរ។ ចំណែក​ពេល​ល្ងាច​​គឺ​ញ៉ាំ​អាហារ​ដែល​ងាយ​រំលាយ​ មាន​កាឡូរី​ទាប ដូច​ជា​សាច់​មាន់ជាមួយ​បុកល្ហុង ស៊ុត ទឹក​សណ្ដែក​​ជា​ដើម ប៉ុន្តែ​បើ​ថ្ងៃ​ណា​មិន​សូវ​ឃ្លាន នាង​នឹង​ញ៉ាំ​តែ​ផ្លែ​ឈើ​តិច​តួច​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ញ៉ាំ​ឲ្យ​បាន​មុន​ចូល​គេ​ង​ចំនួន ៦​ម៉ោង ដើម្បី​ឲ្យ​រាងកាយ​មាន​ពេល​វេលា​រំលាយ​អាហារ​មុន​ពេល​គេង​លក់។

៣. ផ្លាស់​ប្ដូរ​ទម្លាប់​ញ៉ាំ​នំ​កញ្ចប់​ផ្សេង​ៗ មក​ជា​ការ​ញ៉ាំ​ផ្លែ​ឈើ

Bell គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​ចូល​ចិត្ត​ញ៉ាំ​នំ​ផ្សេង​ៗ​ដូច​គ្នា​មិន​ថា​នំ​កញ្ចប់ នំ​ខេក ឬ​គុកគី​ផ្សេងៗ ប៉ុន្តែ​នៅ​ពេល​សម្រក​ទម្ងន់​ បើ​នាង​​មាន​អារម្មណ៍​ថា​ហេវ​នៅ​ចន្លោះ​ម៉ោង​បាយ នាង​នឹង​ញ៉ាំ​ផ្លែ​ឈើ​ជំនួស​វិញ ដូច​ជា​ផ្លែ​ឪឡឹក ក្រូច ល្ហុង ជម្ពូ និង​ផ្លែ​ប៉ោម​ ដែល​អាច​ជួយ​រក្សា​ទម្ងន់ និង​ធ្វើ​​ឲ្យ​ឆ្អែត​ដូច​គ្នា។

៤. ដើរ​ឲ្យ​បាន​ច្រើន

ពេល​សម្រក​ទម្ងន់​ដំបូង​ៗ Bellybang គ្រាន់​តែ​គ្រប់គ្រង​អាហារ​តែ​ម្យ៉ាង​ប៉ុណ្ណោះ មិន​បាន​ហាត់​ប្រាណ​ឡើយ ប៉ុន្តែ​នៅ​ពេល​សម្រក​បាន​នៅ​សល់​​ ៥០គីឡូ ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​គីឡូ​លែង​ស្រក​ទៀត ដូច្នេះ​ហើយ​ទើប​នាង​ងាក​មក​ហាត់​ប្រាណ​ដោយ​ការ​ដើរ​ច្រើន​ៗ ដើម្បី​ដុត​កាឡូរី និង​យឹត​បន្តឹង​សាច់​ដុំ។ នាង​បាន​ព្យាយាម​ដើរ​ឲ្យ​បាន ៥០០០ជំហាន​ក្នុង​មួយ​ថ្ងៃ។ ការ​ដើរ​គឺ​ជា​វិធី​សម្រក​ទម្ងន់​ដែល​មិន​ធ្វើ​ឲ្យ​នឿយ​ហត់​ខ្លាំង​ឡើយ ប៉ុន្តែ​អាច​សម្រក​ទម្ងន់​បាន​ផល​ល្អ​តែ​ម្ដង។

៥. ហាត់​ប្រាណ​ស្រាល​ៗ

ដោយ​សារ​មិន​ចូល​ចិត្ត​ការ​ហាត់​ប្រាណ​ខ្លាំង​ៗ Bell បាន​ជ្រើសរើស​ការ​ហាត់​ប្រាណ​ងាយ​ៗ​នៅ​ផ្ទះ និង​​ជិះកង់ ឬ​ធាក់​កង់ យ៉ាង​ហោច ៤៥នាទី ដោយ​ហាត់​ប្រាណ​បែប​នេះ​យ៉ាង​តិច ៣ទៅ​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ចំណែក​ចន្លោះ​ម៉ោង​ថ្ងៃ​ៗ​នាង​ក៏​ព្យាយាម​ធ្វើ​ចលនា​ច្រើន ដើម្បី​ឲ្យ​រាងកាយ​បាន​បញ្ចេញ​កម្លាំង ដូច​ជា​​ធ្វើ​ការងារ​ផ្ទះ លោត ឬ​លើក​ជើង​តិច​ៗ​។

៦. គេង​ឲ្យ​បាន​គ្រប់គ្រាន់

អាថ៌កំបាំង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​នាង​ស្រក​ទម្ងន់​បាន​ជោគជ័យ​គឺ​ការ​គេង​លក់ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។ Bell តែង​គេង​យ៉ាង​ហោច ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ព្រោះ​ការ​គេង​នឹង​ធ្វើ​​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​​ដែល​ជួយ​រម្ងាប់​ការ​ចង់​អាហារ មិន​ធ្វើ​ឲ្យ​យើង​ចង់​ញ៉ាំ​លើស​ធម្មតា ៕

ប្រភព៖ jelly ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម