៦​សញ្ញា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​រឹង​មាំ​ខ្លាំង រហូត​ធ្វើ​ឲ្យ​អ្នក​ដទៃ​ខ្លាច

  • 2018-11-09 09:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​អ្នក​ដែល​មាន​បុគ្គលិកលក្ខណៈ​រឹង​មាំ​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា បុគ្គល​ប្រភេទ​នេះ​មិន​សូវ​បើក​ចិត្ត​ងាយ​ៗ នៅ​ពេល​ជួប​អ្នក​ដទៃ​លើក​ដំបូង។ កាន់​តែ​សំខាន់ ពួក​គេ​អាច​នឹង​ត្រូវ​មើល​ឃើញ​ថា​ជា​មនុស្ស​សោះកក្រោះ នឹងន ឬ​កាច​ឆ្នាស​ថែម​ទៀត។ នៅ​មាន​អាថ៌កំបាំង​ជា​ច្រើន​ទៀត​ដែល​លាក់​​កប់​ខាង​ក្រោយ​លក្ខណៈ​ខាង​ក្រៅ​របស់​បុគ្គល​ប្រភេទ​នេះ បើ​ទោះ​បី​ពួក​គេ​អាច​នឹង​មិន​ដឹង​ខ្លួន​ថា​ទង្វើ​របស់​ពួក​គេ​​កំពុង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ខ្លាច​ក្រែង​ក្ដី ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ទាំង ៦​ដែល​​ប្រាប់​ថា​ចរិត​ខាង​ក្រៅ​របស់​អ្នក​កំពុង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ខ្លាច​រអា៖

រូបតំណាង

**១. មិន​បង្ហិន​ពេល​វេលា​ជាមួយ​រឿង​តូច​តាច​ក្នុង​ជីវិត**

ពេល​វេលា​របស់​អ្នក​គឺ​សំខាន់​បំផុត ដូច្នេះ​អ្នក​នឹង​មិន​ចំណាយ​ពេល​ធ្វើ​អ្វី​ដែល​គ្មាន​ប្រយោជន៍​ ឬ​ប្រើ​ពេល​នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត​នោះ​ទេ។

២. មើល​ឃើញ​​វិធី​ដោះស្រាយ​បញ្ហា ខណៈ​ដែល​អ្នក​ដទៃ​​មើល​ឃើញ​តែ​បញ្ហា

អ្នក​មើល​ឃើញ​វិធី​ដោះស្រាយ​បញ្ហា ខណៈ​ដែល​អ្នក​ដទៃ​រវល់​តែ​ភិតភ័យ​ជាមួយ​បញ្ហា និង​​ផលប៉ះពាល់​របស់​វា។ ពួក​គេ​រមែង​ សម្លឹង​មើល​ឃើញ​វែង​ឆ្ងាយ​ជាង​អ្នក​ដទៃ និង​ត្រៀម​ខ្លួន​រួចរាល់​ជានិច្ច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា។

៣. ចូល​ចិត្ត​និយាយ​ត្រង់​ៗ​តាម​អ្វី​ដែល​ខ្លួន​កំពុង​គិត

មនុស្ស​ប្រភេទ​នេះ​​ចូល​ចិត្ត​ត្រង់​ទៅ​ត្រង់​មក និង​តែង​និយាយ​ពី​អារម្មណ៍​ពិត​ៗ​របស់​ខ្លួន​ឯង​ដែល​ខុស​ពី​អត្តចរិត​របស់​មនុស្ស​ជា​ច្រើន​ទៀត។ ទោះ​យ៉ាង​ណា ពួក​គេ​គឺ​គ្រាន់​បើ​ជាង​មនុស្ស​ដែល​ចូល​ចិត្ត​និយាយ ប៉ុន្តែ​មិន​ព្រម​ធ្វើ។

៤. ឆ្លាត​លើស​អាយុ

ធម្មតា​មនុស្ស​ដែល​មាន​ចរិត​ចាស់​ទុំ​តែង​ឆាប់​ចូល​ចុះ​ជាមួយ​អ្នក​ដទៃ​បាន​ងាយ ប៉ុន្តែ​ក៏​នៅ​មាន​រឿង​ធ្វើ​ឲ្យ​អ្នក​ដទៃ​​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ដែរ។ ពួក​គេ​មាន​ភាព​វៃ​ឆ្លាត ថែម​ទាំង​អាច​​វាយតម្លៃ​​រឿង​ផ្សេង​ៗ​បាន​យ៉ាង​គួរ​ឲ្យ​សរសើរ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា​ខ្លាច​រអា​ម្ដង​ៗ។

៥. ចូល​ចិត្ត​ធ្វើ​អ្វី​ថ្មី​ៗ

អ្នក​ចូលចិត្ត​ការ​សាក​ល្បង ស្រឡាញ់​ការ​ប្រឈម​មុខ​នឹង​ឧបសគ្គ សប្បាយ​រីករាយ​នឹង​សាកល្បង​ធ្វើ​អ្វី​ថ្មី​ៗ ហើយ​គិត​ថា​បរាជ័យ​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច ដោយ​សារ​អ្នក​អាច​ក្រោក​ឈរ​វិញ​បាន​បន្ទាប់​ពី​នោះ។ អ្នក​ព្រម​ទទួល​យក​ការ​ប្រថុយប្រថាន និង​ចូលចិត្ត​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ៗ​តែ​ម្នាក់​ឯង។

៦. មិន​​អាច​ឲ្យ​អ្នក​ណា​ប្រមាថ

អ្នក​រំពឹង​ថា​អ្នក​ដទៃ​​មាន​ភាព​ពិត​ប្រាកដ និង​ត្រង់​ទៅ​ត្រង់​មក​​មិន​ខុស​ពី​អ្វី​ដែល​អ្នក​ធ្វើ​ចំពោះ​គេ ដូច្នេះ​អ្នក​នឹង​ទ្រាំ​មិន​បាន​ឡើយ ប្រសិន​បើ​ត្រូវ​​អ្នក​ដទៃ​ប្រមាថ ហើយ​នឹង​សុំ​ឲ្យ​គេ​ផ្លាស់​ប្ដូរ​ទង្វើ​ ប្រសិន​បើ​គេ​នៅ​ត្រូវ​ការ​​ទំនាក់ទំនង​ជាមួយ​អ្នក។

យ៉ាង​ណា​ក៏​ដោយ អ្នក​ដែល​មាន​ចំណុច​ទាំង​អស់​នេះ​ គឺ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ពិសេស​ប្លែក ហើយ​ជា​គុណសម្បត្តិ​ដែល​មាន​ជាប់​ខ្លួន​គេ​មួយ​ជីវិត​តែ​ម្ដង។ ទោះ​យ៉ាង​ណា​ ក្នុង​កាលៈទេសៈ​ខ្លះ​អ្នក​ក៏​គួរ​បន្ទន់​ខ្លួន ឬ​សម្រប​ខ្លួន​បន្តិច​ដើម្បី​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ប្រសើរ ៕

ប្រភព៖ issue247 ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម