កំហុស​ធំ ​៣​ ដែល​​អាច​​​ធ្វើ​​ឲ្យ​​ហាង​​កាហ្វេ​​ខាត​​​ដើម​​​ខាត​ចុងដួល​​​​រលំ​​​​

  • 2018-11-02 06:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​នា​ពេល​បច្ចុប្បន្ន​​នេះ​​ ដោយ​​សារ​តែ​​​​ការ​និយម​​​ផឹក​​កាហ្វេ​​​​​​​កើន​ឡើង​​​​គួរ​​ឲ្យ​កត់​​សម្គាល់​ ​​ទើប​​​​​មាន​ហាង​​​កាហ្វេ​​​​​រីក​​ដុះដាល​ជា​​​ច្រើន​កន្លែង​​មិន​ថា​​​ក្នុង​ទី​​ប្រជុំ​ជន ​​ឬ​ជាយ​​ក្រុង​​​ឡើយ​។ ​​​បើ​​សង្កេត​​មើល​ទៅ​ឃើញ​ថា​មាន​​​​តម្រូវ​ការ​​ច្រើន​ពិត​មែន​ ប៉ុន្តែ​មូល​ហេតុអ្វី បាន​ជា​​ហាង​កាហ្វេ​មួយ​ចំនួន​ ​ទី​​បំផុត​នៅ​តែ​​ដួល​រលំ​បិទ​ទ្វារ?

ថ្ងៃ​នេះ​ វិបសាយ​​​​ "កញ្ញា”​​ បាន​ធ្វើ​​បទ​​សម្ភាសន៍​ ជា​មួយ​​ម្ចាស់​​​​ហាង​​​កាហ្វេ ឈ្មោះ​ថា ​​លី​ សូ​នី​តា ដែល​​ធ្លាប់​​ឆ្លង​កាត់​ភាព​​​បរាជ័យ​​​លើ​មុខ​ជំនួញ​​កាហ្វេ​ ដល់​ទៅ​ខ្ទង់​ម៉ឺន​​ដុល្លារ។ អតីត​ម្ចាស់​​ហាង​​កាហ្វេ​រូប​នេះ​ នឹង​​ចែក​​រំលែក​បទពិសោធន៍​ខ្លះ​ៗ ដល់​​​អ្នក​ទាំង​អស់​គ្នា​ ជា​ពិសេស​អ្នក​មាន​បំណង​​​​​ចង់​បើក​​ហាង​កាហ្វេ ​​​ដើម្បី​​អាច​ជៀស​ផុត​​ពី​​កំហុស​​​​​ធំៗ​​ ​​ខាត​​បង់​​ដូច​ជា​នាង។​​

១. មិន​បាន​ធ្វើ​​ការ​​សិក្សា​​​​ស្រាវ​ជ្រាវ​​​​លើ​​គម្រោង​ឲ្យ​បាន​ច្បាស់​លាស់

​​​​​​ក្លាយ​​ជា​​​ម្ចាស់​ហាង​​កាហ្វេ​មួយ​​រូប​ គឺ​​ជា​​ក្តី​​ស្រមៃ​​​របស់​​នាង​តាំង​យូរ​​មក​​ម្ល៉េះ ដូច្នេះ​​ហើយ​​ពេល​​​ដែល​​​​ឱកាស​​មក​​ដល់​​ ​​​​​​​នាង​​ក៏​​ចាប់​ផ្តើម​​​​​​ធ្វើ​​គម្រោង ​​ដោយ​​​មិន​បាន​​សិក្សា​​ស្រាវជ្រាវ​​​​ឲ្យ​​បាន​ល្អិត​ល្អន់ ពី​​ចំណុច​​សំខាន់​​ផ្សេង​ទៀត​​ដូច​ជា ​​​​​កម្រិត​នៃ​​ការ​​ចំណាយ​​ដើម​ទន់ គូ​​ប្រកួត​​ប្រជែង ​​​​​​​​​ស្វែង​​​យល់​​ពី​ប្រភព​​គ្រាប់​កាហ្វេ....។ មុន​​គិត​​ដល់​ភាព​ជោគជ័យ​​​​​លើ​មុខ​​ជំនួញ​​ជួញ​​ដូរ​​អ្វី​មួយ ​​ដាច់​​​ខាត​មិន​​ត្រូវ​មើល​​​រំលង​ពី​​​ហានិភ័យ​​របស់​​វា​នោះ​ទេ។

ចុចអាន៖ អ្នក​​​​​មាន​គម្រោង​បើក​​ហាង​​កាហ្វេ​​ ត្រូវ​​ដឹង​ពី​ហានិភ័យ​ទាំង​នេះ​​សិន​

​២. ​​​មិន​​ពិនិត្យ​មើល​​លើ​ទីតាំង

ទីតាំង​​ពិត​ជា​សំខាន់​​​ដែល​​អ្នក​គួរ​​យក​​ចិត្ត​​ទុក​ដាក់​​​បំផុត​។ "ជាក់​​ស្តែង​​​​ទីតាំង​ហាង​​​កាហ្វេ​​របស់​​ខ្ញុំ ស្ថិត​​ក្នុង​​តំបន់​មាន​​​មនុស្ស​​ច្រើន​​​​​​គួរ​សម ប៉ុន្តែ​​​ឧបសគ្គ​​ចម្បង​​នោះ​គឺ ទី​​ធ្លា​​ខាង​​ក្រុង​មិន​​សូវ​ធំ​​ទូលាយ ចំណត​​តូច​​ចង្អៀត ​​បាំង​​ដោយ​​រនាំង​​ផ្លូវ​​ ​​​និង​​មាន​​ហាង​​កាហ្វេ​​​​ថ្មីៗ ​​​​យី​​ហោ​​ល្បី​ៗ​ ​ច្រើន​​រាប់​មិន​អស់​​​​​​​​​នៅ​ជុំវិញ​នោះ​​"។​ សូ​នី​តា​ បញ្ជាក់។ ​​​​​​​

៣. ​​មិន​បាន​ត្រៀម​ទុក​​លុយ​​បម្រុង

​​​​​​​​​​​​​​ការ​​​ចំណាយ​ដើម​ទុន​មិន​មែន​​​​​ដូច​​​អ្វី​​​​ដែល​បាន​គ្រោង​ទុក​ទាំង​ស្រុង​នោះ​ទេ។ ​​​ថ្លៃ​​តុបតែង​​ហាង​ សម្ភារៈ​​​នានា​ ​បុគ្គលិក និង​​ឈ្នួល​​​ផ្ទះ តែង​តែ​​​​​​​​​​​លើស​​ចំនួន​​​​ដែល​បាន​កំណត់​ ជា​ហេតុ​​​​​​បណ្តាល​​​​​​​​ឲ្យ​មាន​​​ហានិភ័យ​​​​ខ្ពស់​​​ប្រសិន​​បើ​​​ហាង​​ដំណើរ​​ការ​មិន​​រលូន។ កាន់​​​​​​តែ​ពិបាក​​​​ជាង​នេះ​​ទៅ​​ទៀត ពេល​ដែល​អ្នក​គ្មាន​​លុយ​​​​​គ្រប់​គ្រាន់​​ទុក​សម្រាប់​​​​បម្រុង ទប់​​​ឈ្នួល​​ផ្ទះ​​ជា​ដើម ​វា​នឹង​​ធ្វើ​ឲ្យ​​ការ​​រក​ស៊ី​​​ដួល​​រំលំ​មុន​ពេល​​ទទួល​បាន​ផល​ចំណេញ​​។

ភាព​បរាជ័យ​មួយ​នេះ​​មិន​មែន​ជា​​ចំណុច​បញ្ចប់​​ ប៉ុន្តែ​​ជា​មេរៀន​ដ៏​ល្អ​​សម្រាប់​​រៀន​សូត្រ​បន្ថែម​និង​កែ​​​ប្រែ​ឲ្យ​ប្រសើរ​ឡើង​ទៅ​ថ្ងៃ​អនាគត់​ ហើយ​​នាង​​ក៏​មិន​បោះបង់​ក្តី​ស្រមៃ​​​​​ដែរ គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​ ស្រាវជ្រាវ​ឲ្យ​បាន​ម៉ត់ចត់​​​​ ជាពិសេស​កំហុស​ដែល​ធ្លាប់បាន​កើត​ឡើង៕​​

​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម