ឈ្នះ​ពាន​តារា​​ឯក​ឆ្នើម​បំផុតហើយ Dilraba ​បែរ​ជួប​ការ​រិះគន់​ខ្លាំង​បំផុត​តាំង​ពី​ចូល​សិល្បៈ

  • 2018-10-23 05:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មក​ទល់​ពេល​បច្ចុប្បន្ន ភាគី​របស់​តារា​សម្ដែង​ស្រី​ទើប​រះ Dilraba មិន​ទាន់​ឆ្លើយ​តប​អំពី​វីដេអូ​ឃ្លីប​ដែល​គេ​សង្ស័យ​ថា​នាង​យំ​កណ្ដាល​ព្រលាន​យន្តហោះ​នោះ​ទេ។ យ៉ាងណាក្ដី អ្នក​ខ្លះ​បាន​គិត​ថា​នេះ​គ្រាន់​តែ​ជា​ល្បិច​ធ្វើ​ឲ្យ​គេ​អាណិត​តែ​ប៉ុណ្ណោះ។

អាច​និយាយ​បាន​ថា តាំង​ពី​បោះ​ជើង​ចូល​សិល្បៈ​មក​ដល់​បច្ចុប្បន្ន តារា​សម្ដែង​ស្រី​រលក​ក្រោយ Dilraba មិន​ដែល​ប្រទះ​ការ​រិះគន់​ខ្លាំង​ដូច​ពេល​នេះ​ឡើយ។ ពោល ក្រោយ​ពេល​ក្លាយ​ជា​រាជិនី​បក្សី​សម្រាប់​កម្មវិធី​ប្រគល់​រង្វាន់ “Golden Eagle Award” រួច នាង​ត្រូវ​បាន​គេ​បង្អាប់​រួច​ទៅ​ហើយ ព្រោះ​ថា​ក្បាច់​រាំ នៅ​រឹង ហើយ​ឆ្គង​ពេក។ យ៉ាងណាក្ដី ព្យុះភ្លៀង​ដែល​បក់​មក​ពិត​ប្រាកដ​នោះ គឺ​នៅ​ពេល​នាង​វ៉ា​មុខ តារា​រៀម​ច្បង​ជា​ច្រើន​ដើម្បី​ដណ្ដើម​បាន​ពាន តារា​សម្ដែង​ស្រី​ឯក​ឆ្នើម​បំផុត​ឆ្នាំ​២០១៨ សម្រាប់​កម្មវិធី​ប្រគល់​ពាន​ដដែល​ខាង​លើ។

នៅ​ក្នុង​យប់​ដែល​នាង ឈ្នះ​ពាន ឈ្មោះ​របស់​នាង​បាន​ឈរ​នៅ​លំដាប់​លេខ​១​បណ្ដាញ​សង្គម​ដែល​គេ​ស្វែង​រក​ជា​ច្រើន​ម៉ោង​លើ​គេហទំព័រ Weibo។ ទស្សនិកជន​បាន​បញ្ចេញ​មតិ​ថា គណៈកម្មការ​ឆ្នាំ​នេះ ពិត​ជា​បាន​ងងឹត​ភ្នែក​ហើយ​ទើប​សម្រេច​លទ្ធផល​ដូច​នេះ ព្រោះ Yang Mi និង Xun Li នៅ​រស់​ជ្រងរៗ ម៉េច​ក៏​ដល់​វេន​តារា​ស្រី​ក្មេង​ខ្ចី​ដូច Dilraba ដណ្ដើម​ពាន​បាន។ ក្រោយ​ពេល ស្រី​ស្អាត​វ័យ​២៦​ឆ្នាំ ទទួល​ពាន ក៏​គ្មាន​មិត្ត​រួម​ការងារ​ណា​ហ៊ាន​ចេញ​មុខ​ជូន​ពរ​នាង​ដូច​គ្នា ព្រោះ​ក្លាយ​គេ​ជេរ​ដោយ។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​តុលា​មុន​នេះ នៅ​លើ​បណ្ដាញ​សង្គម​ចិន វីដេអូ​ឃ្លីប​ដែល​គេ​សង្ស័យ​ថា​ជា​តួ​រឿង “Eternal Love” យំ​កណ្ដាល​ព្រលាន​យន្តហោះ​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ច្រើន​កុះករ។ តាម​នោះ​ដែរ មនុស្ស​ស្រី​នៅ​ក្នុង​ឃ្លីប​បាន​យំ​ឡើង​មិន​អាច​ងើប​មុខ​រួច។

យោងតាម​ប្រភព​នានា ដោយ​សារ​តែ​ទ្រាំ​នឹង​សម្ដី​រិះគន់​របស់​មហាជន​មិន​បាន ទើប​ធ្វើ​ឲ្យ​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩២ ទៅ​ជា​បែប​នេះ។ ទាក់ទង​នឹង​តំណាង​របស់​នាង ពួក​គេ​សូម​មិន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់ សម្រាប់​ឃ្លីប​ខាង​លើ។ យ៉ាងណាក្ដី ក៏​មាន​មតិ​ខ្លះ​បាន​ឲ្យ​ដឹង​ថា នេះ​គ្រាន់​តែ​ល្បិច​របស់ Dilraba ដែល​ចង់​ឲ្យ​គេ​មាន​ចិត្ត​អាណិត​នាង​តែ​ប៉ុណ្ណោះ និយាយ​ឲ្យ​ចំ​ទៅ​គឺ​គ្រាន់​តែ​​ជា​ការ​សម្ដែង៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel