៧​ចំណុច​បង្ហាញ​ថា​បុរស​ម្នាក់​នោះ​ពិត​ជា​ជា​​ប្ដី​ល្អ​ម្នាក់​មែន

  • 2018-10-22 03:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ពេល​នៅ​កំលោះ និង​រៀប​ការ​រួច មនុស្ស​ប្រុស​នឹង​ប្រែប្រួល​ខ្លាំង​ដោយ​ខ្លួន​ឯង។ លើស​ពី​នេះ​បើ​គេ​ជា​ប្ដី​ដ៏​ល្អ​ម្នាក់​ទៀត​នោះ គេ​នឹង​មាន​ចំណុច​ដូច​ខាង​ក្រោម​សម្រាប់​អ្នក ដោយ​គ្មាន​អ្នក​ណា​បង្ខំ។ យ៉ាង​ណា​ក៏​បើ​អ្នក​​ពិត​ជា​ទទួល​បាន​បែប​នេះ​មែន នោះ​ជីវិត​​គ្រួសារ​អ្នក​នឹង​មាន​សុភមង្គល ដោយ​មិន​ចាំបាច់​តែ​មាន​លុយ​រាប់​រយ​លាន​នោះ​ទេ ៖​

១. ចែក​រំលែក​រឿង​គ្រប់​យ៉ាង​ជាមួយ​អ្នក​

ជា​ទូទៅ​មនុស្ស​ប្រុស​មិន​សូវ​បើក​កកាយ​រឿង​ខ្លួន​ឯង​ឲ្យ​អ្នក​ក្រៅ​ដឹង​ឡើយ តែ​សម្រាប់​មនុស្ស​ស្រី​ម្នាក់​ដែល​គេ​ស្រឡាញ់​ខ្លាំង គេ​រីករាយ​នឹង​ចែក​រំលែក​វា។ ការ​ចែក​រំលែក​រឿង​រ៉ាវ​ក្នុង​ជីវិត​ជាមួយ​គ្នា ជា​រឿង​សំខាន់​​មួយ​ដែល​ប្ដី​ប្រពន្ធ​គ្រប់​រូប​ត្រូវ​តែ​មាន មិន​ថា​ជា​រឿង​ល្អ​ ឬ​ជា​រឿង​អាក្រក់​នោះ​ទេ ព្រោះ​រៀប​ការ​ហើយ​ជីវិត​អ្នក​ទាំង​ ២​ត្រូវ​ផ្សា​ភ្ជាប់​គ្នា ដោយ​គ្មាន​ភាព​លាក់​បាំង ឬ​កប់​ទុក​តែ​ឯង​ឡើយ។

២. ឧស្សាហ៍​ព្យាយាម

នៅ​ពេល​មនុស្ស​ប្រុស​ឈាន​ជើង​ចូល​ដំណាក់​កាល​បង្កើត​គ្រួសារ​មួយ គេ​កាន់​តែ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដូច្នេះ​គេ​មិន​អាច​ធ្វើ​ដូច​ពេល​គេ​នៅ​ម្នាក់​ឯង​បាន​ដែរ។ គេ​កាន់​តែ​ឧស្សាហ៍ កាន់​តែ​ព្យាយាម​ក្នុង​ការ​រក​លុយ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ហើយ​ក៏​មិន​ចង់​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​ដែរ។ គេ​ចាប់​ផ្ដើម​រវល់​ច្រើន ហើយ​ការងារ​ក៏​កាន់​តែ​ច្រើន មិន​មែន​ដេកស៊ី ដើរ​សប្បាយ​អត់​ប្រយោជន៍​ទេ។

៣. ចាត់​ទុក​អ្នក​សំខាន់​ជាង​គេ

ទោះ​បី​ជា​គេ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ​ក៏​គេ​នៅ​តែ​ចាត់​ទុក​អ្នក​នៅ​លេខរៀង​ទី​១។ ការ​បារម្ភ ការ​យក​ចិត្ត​ទុក​ដាក់​គឺ​គេ​មាន​ចំពោះ​អ្នក​មិន​ដែល​ខាន ទោះ​បី​ពេល​ខ្លះ​តិច​ក្ដី​ ច្រើន​ក្ដី​ក៏​គេ​នៅ​តែ​ព្យាយាម​ដើម្បី​អ្នក។ ពេល​ខ្លះ​គេ​ក៏​ទុក​រឿង​មួយ​ចំនួន​ចោល​នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​គេ​ ដោយ​មិន​ដែល​បដិសេធន៍។

៤. សួរ​យោបល់​អ្នក​មិន​ដែល​ខាន

​ទោះ​បី​ជា​ទូទៅ​បុរស​ត្រូវ​បាន​ចាត់ជា​មេ​គ្រួសារ​ក៏​ដោយ តែ​ជា​ប្ដី​ល្អ​គឺ​គេ​តែង​តែ​ពិភាក្សា​ជាមួយ​អ្នក ដើម្បី​សម្រេច​ចិត្ត មិន​មែន​គិត​តែ​ឯង​ឡើយ។ គ្រប់​យ៉ាង​គេ​តែង​ឲ្យ​តម្លៃ​អ្នក​ជា​ប្រពន្ធ មិន​មែន​អាង​ខ្លួន​ជា​ប្ដី​ចង់​ធ្វើ​អី​ក៏​បាន​នោះ​​ទេ។

៥. មាន​ពេល​វេលា​សម្រាប់​អ្នក និង​គ្រួសារ

ពេល​ខ្លះ​ដោយ​សារ​ចង់​មាន​បាន​ពេក មនុស្ស​ប្រុស​ខ្លះ​ក៏​ភ្លេច​ថា​ខ្លួន​ឯង​មាន​ប្រពន្ធ​ មាន​កូន។ ជា​ប្ដី​ល្អ​ម្នាក់ គេ​នឹង​ផ្ដល់​ពេល​វេលា​ដល់​គ្រួសារ​​បាន​យ៉ាង​កក់ក្ដៅ ព្រោះ​សុភមង្គល​ក្នុង​គ្រួសារ​គឺ​ភាព​កក់ក្ដៅ ពេល​វេលា​រីករាយ ជាមួយ​គ្នា​ មិន​មែន​លុយ​អាច​ទិញ​គ្រប់​យ៉ាង​បាន​នោះ​ទេ។

៦. ជួយ​សម្រាល​ការងារ​អ្នក

គេ​មិន​ប្រកាន់​ថា​អ្នក​ណា​ជា​អ្នក​ធ្វើ​ម្ហូប បោក​ខោអាវ អី​នោះ​ទេ បើ​ទំនេរ​គេ​នឹង​ជួយ​សម្រាល​ការងារ​អ្នក។ បើ​គេ​មាន​ចំណុច​នេះ អាច​ពិត​ជា​មិន​សូវ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ជាមួយ​ការងារ​ផ្ទះ​នោះ​ទេ ព្រោះ​អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល​នៅ​ពេល​ប្ដី​របស់​អ្នក​យល់​ពី​រឿង​នេះ។

៧. មិន​ក្បត់​មាន​ស្រី​ក្រៅ

វា​ជា​សំណាង​មួយ​របស់​មនុស្ស​ស្រី​ដែល​អ្នក​មាន​ប្ដី​ស្មោះ​ត្រង់​ម្នាក់ ព្រោះ​ពេល​នោះ​សុភមង្គល​ក្នុង​គ្រួសារ​នឹង​កើត​ឡើង ដោយ​អ្នក​មិន​បាច់​គ្រាំគ្រា​ចិត្ត​នៅ​ពេល​ប្ដី​លួច​មាន​ស្រី។ ចំណុច​នេះ​បើ​គេ​ជា​ប្ដី​ល្អ​ម្នាក់ គេ​នឹង​ឲ្យ​វា​ទៅ​អ្នក ដោយ​មិន​បាច់​ឲ្យ​អ្នក​ដេក​ភ័យ​ ដេក​ព្រួយ​បី​រឿង​ស្រី​ញី​ឡើយ៕

ចុចអាន៖៥ សំណួរ​ មនុស្ស​ស្រី​គួរ​តែ​សួរ​ខ្លួន​ឯង មុន​ពេល​រៀប​ការ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម