ទម្លាប់​ទាំង​ ១០​ ជួយ​​ឲ្យ​ជីវិត​​អ្នក​មាន​​សុភមង្គល​ពិត​ប្រាកដ

  • 2018-10-23 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សុភមង្គល​ហាក់​បី​ដូច​ជា​ទឹក​ មាន​ចុះ​​មាន​ឡើង សំខាន់​​​ត្រូវ​​ចេះ​រក្សា​ និង​​បង្កើត​ភាព​រីករាយ​ឲ្យ​​ខ្លួន​ឯង។ ទោះ​បី​ជា​​​ត្រូវ​ជួប​ឧបសគ្គ​លំបាក​​​យ៉ាង​ណា​ក៏​ដោយ នៅ​​តែ​មាន​មនុស្ស​អាចរក្សា​សេច​ក្តីសុខ​របស់​គេ ហើយ​​​​បន្ត​​រស់​នៅ​ជាមួយ​​​ជីវិត​​ដែល​ប្រកប​ដោយ​ភាព​ស្រស់​ស្រាយ​ពិត​ប្រាកដ​មួយ។ សេចក្ដី​សុខ​ទាំង​នោះ​ មិន​មែន​ចេះ​តែ​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​​ឡើយ អ្នក​ត្រូវ​​ដឹង​ពី​វិធីដើម្បី​គ្រប់​គ្រង​អារម្មណ៍ និង​មាន​ទន្លាប់​ល្អៗទុក​ស្ដារ​​​ខ្លួន​ឯង​ឲ្យ​មាន​ភាព​​ប្រសើរ​ឡើង​វិញ។

១. មាន​​ពេល​វេលា​សម្រាប់​​ខ្លួន​ឯង​ឲ្យ​បាន​សម​គួរ

ទោះ​​បី​ជា​​រវល់​ជាមួយ​នឹង​ការងារ​ ឬ​​​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ច្រើន​ប៉ុនណា​ក៏​ដោយ អ្នក​ត្រូវ​​ឆ្លៀត​ពេល​​ខ្លះ​សម្រាប់​​មើល​ថែ​​​ខ្លួនឯង​​​​ ហើយ​យ៉ាង​ហោច​ណាស់​​ក្នុង​មួយ​​​សប្ដាហ៍ មាន​ពេល​មួយ​ថ្ងៃ​ទុក​​សម្រាប់​​​សម្រាក​លំហែ​ខួរ​ក្បាល ដោយ​មិន​ខ្វល់​ពី​អ្វី​ផ្សេង​ទាំង​អស់។​​

រូបតំណាង

**២. ​រក​មិត្ត​ណា​​ជិតស្និទ្ធ​រ៉ាយរ៉ាប់​​ប្រាប់​ពី​រឿង​ពិបាក​ចិត្ត**

​ពេល​​កើតទុក្ខ​​ជីវិត​​​ហាក់​ដូច​ជា​វិលវល់​គ្មាន​ទិស​ដៅ ប៉ុន្តែ​​​បើ​​​​អ្នក​អាច​​រក​នរណា​ម្នាក់ ដែល​យល់​ចិត្ត​បំផុត​ដូច​ជា​មិត្តភ័ក្តិ​​ជិតស្និទ្ធ​ ហើយ​និយាយ​​ប្រាប់​ពី​រឿង​​នៅ​ក្នុង​ចិត្ត​ទាំង​ប៉ុន្មាន​ ដើម្បី​ឲ្យ​​​បាន​ធូរ​ទ្រូងព្រម​ទាំង​ទទួល​យក​​​គំនិត​​យោបល់​ល្អៗ​​ពី​គេ ប៉ុន្តែ​​កុំ​ភ្លេច​ជួយ​គេ​វិញ​​នៅ​ពេល​គេ​កើត​ទុក​។

រូបតំណាង

៣. ​រាយ​ក្នុង​បញ្ជី​អ្វី​ត្រូវ​ធ្វើ​មុន អ្វី​ត្រូវ​ធ្វើ​ក្រោយ ​​

មនុស្ស​ដែល​រីករាយ តែង​តែ​ធ្វើ​បែប​នេះ ពួក​គេ​​​ត្រូវ​គត់​ទុក​​នូវ​​អ្វី​ដែល​ត្រូវ​ធ្វើ​ម្តង​មួយៗ មិន​ថា​រឿង​តូច​ឬ​ធំ​ឡើយ ដើម្បី​​ជៀស​វាង​ការពារ​កុំ​​មាន​​ភាព​ស្មុគស្មាញ​កាន់​តែ​ច្រើន។ ពេល​ដែល​អ្នក​បាន​បំពេញ​កិច្ចការ​​ដែល​កត់នោះ​រួច​រាល់​សព្វ​គ្រប់​អស់​ហើយ​​ អ្នក​នឹង​មាន​អារម្មណ៍​ស្រលះ​ក្នុង​​ខ្លួន ហើយ​អាច​បង្កើន​ភាព​រីករាយ​​ទ្វេ​ដង។

៤. មាន​ទឹក​ចិត្ត​ចំពោះ​អ្នក​ដទៃ

ធ្វើ​ល្អ​​ចេញ​ពី​ក្នុង​ចិត្ត​ ​ជា​អ្វី​ដែល​​អាច​ជួយ​ឲ្យ​អ្នក​មាន​​អារម្មណ៍​ល្អ ព្រោះ​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​ស្នាម​ញញឹម ហើយ​ស្នាម​ញញឹម​មួយ​នោះ​ក៏​ជា​សុភមង្គល​មួយ​​​សម្រាប់​អ្នក​​​ដែរ។ ព្រោះ​អ្នក​​បាន​​បង្កើត​វា​ដោយ​ផ្ទាល់ ដូច្នេះ​ការ​ធ្វើ​ល្អ​ និង​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​​សប្បាយ​​ចិត្ត​នោះ​ទេ​ វា​ថែម​ទាំង​​អាច​​ធ្វើ​ឲ្យ​ពិភព​លោក​ទាំង​មូល​មាន​ភាព​ស្រស់​បំព្រង​ទៀត​ផង​។

៥. ព្យាយាម​កម្ចាត់​ចោល​​​​​មនុស្ស​ចរិត​ពិសពុល ឲ្យ​អស់​ពី​ក្នុង​ជីវិត

​​​​មិន​​ថា​​មិត្តភ័ក្តិ​ធ្លាប់​​រាប់​អាន​គ្នា​យូរ​ឆ្នាំ ឬ​សាច់ញាតិ​បងប្អូន​ក៏​ដោយ អ្នក​ណា​មាន​ចរិត​​ពិសពុល ដែល​​នាំ​ឲ្យ​ជីវិត​អាប់​អួ គួរ​​កម្ចាត់​​ចេញ​​ទៅ​ឲ្យ​ឆ្ងាយ។

៦. ត្រូវ​ប្រាកដ​ថា​​អ្នក​ញ៉ាំ​​​អាហារ​​ដែល​​ល្អ​សម្រាប់​​សុខភាព​ និង​ទៀង​ពេល

ចង់​សប្បាយ​ចេញ​ពី​ចិត្ត​​ ត្រូវ​ញ៉ាំ​​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ញ៉ាំ​អាហារ​ណា​ដែល​ជំនួយ​ដល់​សុខភាព ទើប​​មិន​ធ្វើ​ឲ្យ​អ្នក​បាក់​កម្លាំង ឬមួម៉ៅ។ អ្នក​ជំនាញ​បាន​បញ្ជាក់​​ទៀត​​ថា ការ​ញ៉ាំ​​បន្លែ​ ផ្លែ​ឈើ​​បាន​ច្រើន អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​​បាន​យ៉ាង​លឿន។

៧. កន្លែង​រស់​នៅ​ត្រូវ​តែ​មាន​អនាម័យ និង​របៀបរៀបរយ​ល្អ

​​​មិន​ថានៅ​ផ្ទះ ឬ​កន្លែង​អង្គុយ​ធ្វើការ​​នោះ​ទេ ត្រូវ​ជូត​​សម្អាត​ឲ្យ​មាន​អនាម័យ និង​រៀប​ចំ​ឲ្យ​មាន​របៀប​រៀប​រយ ដោយ​មិន​ទុក​​ភាព​កង្វក់​ ហើយ​ចាំ​សរុប​តាម​ក្រោយ​​នោះ​ទេ ព្រោះ​​វា​នាំ​ឲ្យ​​​​មាន​ភាព​រញ៉េរញ៉ៃ​កាន់​តែ​ខ្លាំង។ បើ​អ្នក​ចេះ​នូវ​​ការ​រៀប​ចំ​ទុក​​ឲ្យ​បាន​ស្អាត នោះ​អារម្មណ៍​ក៏​ល្អ​ទៅ​តាម​ហ្នឹង​​ដែរ។

រូបតំណាង

៨. ធ្វើ​​អ្វី​ដែល​អាច​ឲ្យ​ខ្លួន​ឯង​​​​សប្បាយចិត្ត​​​

​ផ្តល់​រង្វាន់​សម្រាប់​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​ឯង ដូច​ជា​ការ​ដើរ​ផ្សារ​ទិញ​​ឥវ៉ាន់​ខ្លះៗ ​ដែល​ខ្លួន​ចូលចិត្ត បន្ទាប់​ពី​ធ្វើ​កិច្ចការ​អ្វី​​មួយ​បាន​សម្រេច។ វិធី​នេះ​​គឺ​​ល្អ​បំផុត​សម្រាប់​​​​ ដើម្បី​​ជំរុញ​អ្នក​ឲ្យ​​​ធ្វើ​​ការងារ​​បាន​ឆាប់​រហ័ស និង​​​គ្មាន​សម្ពាធ។

រូបតំណាង

៩. ​នៅ​តែ​បន្ត​គំនិត​វិជ្ជមាន និង​មិន​​រង​​ឥទ្ធិពល​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​​

ចង់​ឲ្យ​ខ្លួន​ឯង​​សប្បាយ​ចិត្ត​​ជា​រៀង​រាល់​ថ្ងៃ លុះ​ត្រា​តែ​អ្នក​មាន​គំនិត​វិជ្ជមាន​ជានិច្ច គិត​​អ្វី​ដែល​ល្អៗ​​មក​លើ​ខ្លួន​ឯង គិត​ថា​ខ្លួន​ឯង​​អាច​ធ្វើ​បាន ហើយ​មិន​ត្រូវ​ប្រកាន់​ខ្ជាប់​គំនិត​អវិជ្ជមាន​ឡើយ។

១០. ​ចេះ​អត់ឱនដល់​ខ្លួន​ឯង

កំហុស​ដែល​​អ្នក​បាន​ធ្វើ មិន​​អាច​បញ្ជាក់​​ថា​អ្នក​ជា​មនុស្ស​​អាក្រក់​ទេ។ មនុស្ស​ដែល​ចេះ​ធ្វើ​ឲ្យ​ជីវិត​​រីករាយ គឺ​ជា​មនុស្ស​ដែល​ចេះ​អត់ឱន​​​ និង​មិន​បន្ទោស​ខ្លួន​ឯង​​​ក្នុង​ការ​សាង​កំហុស ព្រោះ​​វា​ជា​បទ​ពិសោធន៍​​ដែល​​គួរ​រៀន ស្វែង​យល់ កែ​លម្អ ​និង​​​តស៊ូ​ដើរ​ទៅ​មុខ​បន្ត​ទៀត​ដោយ​​ស្នាម​ញញឹម។ ​

​ទោះ​បី​ជា​​សុភមង្គល​​អាច​​កើត​មាន​ឡើង​​​តាម​របៀប​ផ្សេងៗ​គ្នា ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​​សុទ្ធ​តែ​អាច​​ទទូល​បាន​ គ្រាន់​តែ​ត្រូវ​​មាន​ការ​ផ្លាស់​ប្តូរ​​ការ​​ចិត្ត​គំនិត ទម្លាប់​ល្អ​បន្តិច​ម្តងៗ ​នោះ​ស្នាម​ញញឹម​ពិត​​នឹង​ស្ថិត​ជាប់​នៅ​ក្នុង​ខ្លួន​អ្នក​ជា​និច្ច៕

រូបតំណាង

ចុចអាន​បន្ត៖

​​​​

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម