ចរិត​​ពិសេស៥​យ៉ាង​របស់​មនុស្ស​ស្រី​​ដែល​បុរស​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លឿន​បំផុត

  • 2018-10-19 23:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រី​មួយ​ចំនួន​អាច​នឹង​មើល​ទៅ​រឹង​មាំ ប៉ុន្តែ​ជឿ​ទេ​ថា​​ពួក​គេ​មាន​ចរិត​ម្យ៉ាង​ដែល​លាក់​ទុក​​យ៉ាង​ជ្រៅ ហើយ​ក៏​ជា​មន្ត​ស្នេហ៍​ដែល​ទាក់ទាញ​មនុស្ស​ជុំវិញ​ខ្លួន​បាន​យ៉ាង​ឥត​ខ្ចោះ គ្រាន់​តែ​ពេល​ខ្លះ​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ដោយ​ខ្លួន​ឯង។ ឥលូវ​នេះ កញ្ញា សូម​បង្ហាញ​ចរិត​៥​យ៉ាង​ក្នុង​ខ្លួន​មនុស្ស​ស្រី​ដែល​អាច​ធ្វើ​ឲ្យ​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ឆាប់​បំផុត។  

១. ទន់ភ្លន់

នេះ​ជា​បុគ្គលិកលក្ខណៈ​ដំបូង​ដែល​បុរស​តែង​លង់​ស្នេហ៍។ គ្មាន​មនុស្ស​ប្រុស​ឯ​ណា​ដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លើ​នារី​ដែល​​មាន​ភាពគំរោះគំរើយ​​រហូត​បាត់​បង់​មន្តស្នេហ៍​នោះ​ទេ។ មិន​ចាំបាច់​ទន់ភ្លន់​​គ្រប់​ពេល​នោះ​ទេ គឺ​គ្រាន់​តែ​ចេះ​​​ស្គាល់​ភាព​រម្យទម ចេះ​ឲ្យ​តម្លៃ​ខាង​ប្រុស​ខ្លះ  រៀប​ឫកពា​ឲ្យ​ល្អ សម្ដីសំដៅ​សមរម្យ ក៏​ធ្វើ​ឲ្យ​បុរស​បាក់​ចិត្ត​បាត់​ទៅ​ហើយ។

២. ឆ្លាត​ខ្លះ ល្ងង់​ខ្លះ

មនុស្ស​ប្រុស​មួយ​ចំនួន​មិន​ចូលចិត្ត​ឃើញ​សង្សារ​របស់​ខ្លួន​ឆ្លាត​ជាង​ ឬ​​មាន​អំនួត​លើស​ខ្លួន​នោះ​ទេ ​ព្រោះ​​ធម្មជាតិ​​និង​សង្គម​បាន​កំណត់​ថា​មនុស្ស​ប្រុស​គឺ​ជា​ភេទ​រឹង​មាំ ដែល​ជា​មូលហេតុ​ដែល​ពេល​ខ្លះ​អ្នក​គួរ​ធ្វើ​ល្ងង់ ធ្វើ​មិន​ដឹង​ខ្លះ។ ទោះ​បី​មនុស្ស​​ស្រី​សម័យ​ថ្មី​ពូកែ ឆ្លាត និង​មើល​ទៅ​ខ្លាំង​ជាង​មនុស្ស​ប្រុស​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​ពេល​ខ្លះ​ភាព​ឥត​ខ្ចោះ​បែប​នេះ​អាច​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ព្រៅ​ដោយ​មិន​ដឹង​ខ្លួន។

៣. ស្រស់​ស្រាយ រួសរាយ

មនុស្ស​ស្រី​ Cute មនុស្ស​ប្រុស​ចូលចិត្ត ប៉ុន្តែ​មនុស្ស​ស្រី​ដែល​តែង​មាន​ភាព​ស្រស់​ស្រាយ គឺ​ជា​ចរិត​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​កាន់​តែ​ចូលចិត្ត ព្រោះ​បុរស​ៗ​ច្រើន​តែ​​ចាញ់​ស្នេហ៍​នារី​អារម្មណ៍​ល្អ ពូកែ​ញញឹម អាច​ឲ្យ​គេ​មាន​​អារម្មណ៍​មាន​​ក្ដី​សុខ​ពេល​បាន​នៅ​ជាមួយ និង​ជា​អ្នក​ដែល​អាច​ធ្វើ​ឲ្យ​គេ​ធូរ​ស្បើយ​​ចិត្ត​នៅ​ពេល​​ជួប​បញ្ហា​។ មិន​មាន​បុរស​ណា​ដែល​ចូលចិត្ត​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ធ្វើ​មុខ​តឹង ពូកែ​ខឹង ឲ្យ​គេ​មាន​អារម្មណ៍​ទើសទាល់​គ្រប់​ពេល​នោះ​ទេ ដូច្នេះ​បើ​ចង់​ឲ្យ​គេ​ស្រឡាញ់ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រស់ស្រាយ ញញឹម​ឲ្យ​ច្រើន​ៗ ប៉ុន្តែ​ក៏​ត្រូវ​មើល​តាម​កាលៈទេសៈ​ដែរ​​ថា​ពេល​ណា​ត្រូវ​លេង ពេល​ណា​ត្រូវ​ហ្មត់ចត់។  

៤. មាន​ទឹក​ចិត្ត និង​ភាព​ស្មោះត្រង់

អ្នក​ណា​ទៅ​ដែល​មិន​ចូលចិត្ត​មនុស្ស​ល្អ។ អ្នក​អាច​មិន​ល្អ​ដូច​ជា​ទេវតា ប៉ុន្តែ​យ៉ាង​ហោច​ក៏​មាន​ចរិត​ល្អ​ៗ​មួយ​ចំនួន​ក្នុង​ខ្លួន។ មនុស្ស​ប្រុស​ម្នាក់​ៗ​ចូលចិត្ត​មនុស្ស​ស្រី​ដែល​មាន​ទឹក​ចិត្ត ចេះ​យល់​ចិត្ត​អ្នក​ដទៃ មិន​អាត្មានិយម និង​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ​គេ​ជឿជាក់​ថា នៅ​ពេល​ស្រឡាញ់​គ្នា​នាង​នឹង​ខ្វល់ខ្វាយ​ពី​អារម្មណ៍​របស់​គេ។  

៥. មាន​ហេតុផល មិន​លាក់​ចរិត និង​​ស្រួល​និយាយ​គ្នា

កុំ​ព្យាយាម​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដោយ​​សារ​មនុស្ស​ប្រុស។ បើ​គេ​ស្រឡាញ់​អ្នក នោះ​គឺ​ដោយ​សារ​តែ​អ្នក​ជា​ខ្លួន​អ្នក ម្ល៉ោះ​ហើយ​ត្រូវ​បញ្ចេញ​ឲ្យ​គេ​ដឹង​ថា​ចរិត​ពិត​របស់​អ្នក​យ៉ាង​ណា ល្អ​ប៉ុណ្ណា អាក្រក់​ប៉ុណ្ណា។ កុំ​ព្យាយាម​បិទបាំង​ចំណុច​អាក្រក់​ៗ​របស់​ខ្លួន​ឯង និង​ព្យាយាម​ធ្វើ​ខ្លួន​ល្អៗ ព្រោះ​ថា​បើ​ថ្ងៃ​មួយ​គេ​ដឹង គេ​អាច​នឹង​ទទួល​យក​អ្នក​មិន​បាន។ ម្យ៉ាង​ទៀត​មនុស្ស​ប្រុស​មួយ​រយ​ទាំង​មួយ​រយ​គឺ​ចូលចិត្ត​មនុស្ស​ស្រី​ដែល​មាន​ហេតុផល ​និយាយ​អ្វី​ឆាប់​យល់​គ្នា ពេល​​មាន​បញ្ហា​ឈ្លោះ​គ្នា​អាច​ប្រើ​ហេតុផល​ច្រើន​ជាង​អារម្មណ៍។ បើ​អ្នក​មាន​ចរិត​បែប​នេះ គ្មាន​បុរស​ណា​ចង់​ដោះដៃ​ពី​អ្នក​ឡើយ ៕

ប្រភព៖ sistacafe ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម