មនុស្ស​បើ​គេ​ចង់​បែក ទោះអ្នក​ឃាត់​យ៉ាង​ណា​ក៏​មិន​ជាប់​ដែរ

  • 2018-10-17 02:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​មនុស្ស​ម្នាក់​ទៀត​អស់​ចិត្ត ហើយ​ក៏​ចង់​ចាក​ចេញ​ពី​យើង ពេល​នោះ​តើ​យើង​អាច​ធ្វើ​អ្វី​បាន?

នៅ​ពី​ក្រោយ​ការ​លាគ្នា​របស់​មនុស្ស​ស្រី ទៅ​កាន់​មនុស្ស​​ប្រុស​ដែល​នាង​កំពុង​ស្រឡាញ់​ គឺ​ជា​ទឹកភ្នែក​ជា​ច្រើន​ដំណក់ ភាព​សោកសៅ​ដែល​ពិបាក​នឹង​ធ្វើ​ចិត្ត ហើយ​ក៏​ជា​ការ​ឈឺចាប់​មួយ​ដែល​នាង​មិន​ដឹង​និយាយ​ប្រាប់​អ្នក​ណា​បាន។

រូបតំណាង

ការ​ពិត​ខ្ញុំ​ពិត​ជា​ចង់​ឃាត់​គេ​ណាស់ ចង់​ប្រាប់​ថា​កុំ​ចាកចេញ​ពី​ខ្ញុំ​បាន​ទេ តែ​តើ​ពាក្យ​នោះ​បាន​ការ​អី ព្រោះ​ពេល​នេះ រឿង​តែ​មួយ​គត់​ដែល​គេ​ចង់​គឺ​ចេញ​ពី​ជីវិត​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​សម្រាប់​គេ គឺ​មាន​តែ​បណ្ដោយ​តាម​ចិត្ត​គេ ដើរ​ចេញ​ពី​គេ​ទោះ​ពេល​នេះ​ចិត្ត​ខ្ញុំ​នៅ​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។

មនុស្ស​ដែល​អាច​ចង់​ទៅ​ហើយ ទោះ​យើង​ឃាត់​យ៉ាង​ណា​ក៏​មិន​ជាប់​ដែរ ដូច្នេះ​មាន​តែ​ពាក្យ​ថា​លា​គ្នា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពី​ក្រោយ​ពាក្យ​លា​នេះ ខ្ញុំ​ស្ទើរ​ក្លាយ​ជា​មនុស្ស​ឆ្កួត។

​ខ្ញុំ​ចាំ​បាន​ពាក្យ​មួយ​ឃ្លា​ដែល​ម៉ាក់​ខ្ញុំ​ធ្លាប់​ប្រាប់​ខ្ញុំ​​​ថា «បើ​គេ​ស្រឡាញ់​កូន គេ​នឹង​មិន​ចាកចេញ​ពី​កូន​ទេ តែ​បើ​គេ​មិន​ស្រឡាញ់​កូន ទោះ​កូន​ចង​គេ​ជាប់​ ក៏​គេ​នៅ​តែ​ទៅ» ។ ពាក្យ​មួ​ឃ្លា​ដិត​ជាប់​ក្នុង​ខួរក្បាល​ខ្ញុំ​រហូត​មក​ដល់​ពេល​នេះ ហើយ​ខ្ញុំ​ក៏​យល់​ថា​ពាក្យ​ម្ដាយ​ខ្ញុំ​និយាយ​មិន​ខុស​នោះ​ទេ។

ខ្ញុំ​សុខ​ចិត្ត​អង្គុយ​យំ​នឹក​គេ ក៏​ខ្ញុំ​មិន​ចង់​បង្ខំ​អ្នក​ណា​ម្នាក់​មក​ស្រឡាញ់​ខ្ញុំ​ទាំង​គេ​គ្មាន​អារម្មណ៍​ដែរ។ ពេល​ខ្លះ​ស្នេហា​ពិត​ជា​អាត្មានិយម​ណាស់ ព្រោះ​ខ្ញុំ​ពិត​ជា​ចង់​បាន​គេ​ជា​របស់​ខ្ញុំ ទោះ​គេ​មិន​ចង់​ក៏​ដោយ តែ​តើ​បែប​នោះ​វា​យ៉ាង​ម៉េច ចុង​ក្រោយ​គឺ​មាន​តែ​ខ្ញុំ​ដែល​ជា​អ្នក​ឈឺចាប់ ព្រោះ​ខ្ញុំ​ជា​អ្នក​ស្រឡាញ់​គេ ព្រោះ​ខ្ញុំ​ជា​អ្នក​ចង់​ឱប​ក្រសោប​រូប​គេ។ ចុះ​គេ​វិញ?

គេ​គ្មាន​អារម្មណ៍​ដូច​ខ្ញុំ​ផង តើ​គេ​ម៉េច​នឹង​អាច​ឈឺចាប់​ទៅ? គេ​មិន​ខ្វល់​ពី​ខ្ញុំ​ឡើយ នៅ​ពេល​ដែល​គេ​អស់​ចិត្ត កាន់​តែ​ឆ្ងាយ​ពី​ខ្ញុំ​គឺ​ជា​សេចក្ដី​សុខ​គេ​ហើយ។ បែប​នោះ​ហើយ​ទើប​ខ្ញុំ​ចង់​ឃើញ​គេ​មាន​ក្ដី​សុខ ទោះ​ខ្លួន​ឯង​ពិបាក​កាត់​ចិត្ត​ប៉ុណ្ណា​ក៏​ដោយ។

រូបតំណាង

ស្នេហា​ពិត​មួយ​មិន​មែន​ជា​ការ​ចង់​បាន​អ្វី​ដែល​យើង​ចង់​បាន​ពី​គេ​ទេ គឺ​គ្រាន់​តែ​ចង់​ឃើញ​គេ​សប្បាយ​ចិត្ត ទោះ​បី​ជា​គ្មាន​ចំណែក​យើង​ក៏​ដោយ ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​គេ៕

ចុចអានបន្ត៖

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម