មុន​និយាយ​ថា​ខ្លួន​ជាមនុស្ស​ស្រី​ចាស់ទុំម្នាក់​ គួរមើល​ចំណុច​ ៩​នេះ​​សិន​ទៅ

  • 2018-10-16 09:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យើង​មាន​វ័យ​របស់​ខ្លួន ហើយ​ពេល​វេលា បទ​ពិសោធន៍ ចំណេះ​ដឹង​នឹង​អាច​ឲ្យ​អ្នក​វិវត្ត​ខ្លួន​ទៅ​ជា​មនុស្ស​ចេះ​គិតគូរ​ម្នាក់។ យើង​ឃើញ​ថា​អ្នក​ខ្លះ​មាន​អាយុ​ច្រើន​ហើយ​តែ​នៅ​តែ​មាន​ចរិត​ដូច​ក្មេង ហើយ​ខ្លះ​ទៀត​អាយុ​តិច​ទេ តែ​ចេះ​គិត​គូ​ដូច​មនុស្ស​ចាស់។ យ៉ាង​ណា​មិញ​មុន​ពេល​និយាយ​ថា​ខ្លួន​ឯង​ចាស់ទុំ​ហើយ មើល​ចំណុច​ទាំង​ប៉ុន្មាន​នេះ​សិន​ទៅ ៖

​១.មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

ទៅណា​មក​ណា​យ៉ាង​ជឿជាក់ ដោយ​មិន​ខ្លាច​មុខ​ខ្លាច​ក្រោយ។ ទោះ​ទៅ​ដល់​ទី​ណា​ក៏​អ្នក​​ជឿ​លើ​អ្វី​ដែល​អ្នក​​មាន អ្នក​រីករាយ​នឹង​អ្វី​ដែល​អ្នក​មាន​ដោយ​មិន​ចាំ​បាច់​ទៅ​អែបអប​អ្នក​ណា​ម្នាក់​ឡើយ។

រូបតំណាង

**២. មាន​ភាព​ស្មោះ​ត្រង់**

អ្នក​មិន​ចេះ​បាតដៃ​ខ្នងដៃ ម្ដង​បែប​នេះ​ ម្ដង​បែប​នោះ​តាម​តែ​ក្បាល​ចិត្ត។ អ្នកស្មោះ​ត្រង់​នឹង​ខ្លួន​ឯង និង អ្នក​ដទៃ​ ហើយ​បើ​ក្នុង​ទំនាក់​ទំនង​ស្នេហា​វិញ​​បើ​អ្នក​​អស់​ស្រឡាញ់គឺ​អស់​ស្រឡាញ់ ហើយ​ប្រាប់​គេ​តាម​ត្រង់​តែ​ម្ដង​មិន​ចេះ​កុហក​ ឬ​សម្ដែង​ មិន​មែន​នៅ​មុខ​ធ្វើ​ជា​ស្រឡាញ់​ហើយ​ខាង​ក្រោយ​លួច​មាន​អ្នក​ថ្មី​នោះ​ទេ។

៣. ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ

ពេល​មាន​បញ្ហា​អ្នក​​ចេះ​ទប់​អារម្មណ៍​ហើយ​គិត​ពី​ដំណោះ​ស្រាយ មិន​មែន​យក​កំហឹង​មក​ដាក់​មុខ​ដើរ​ស្រែក​ដើរ​ស្ដី​ឲ្យ​គេ​នោះ​ទេ។ អ្នក​ចេះ​បែង​ចែក​អារម្មណ៍​ជាមួយ​មនុស្ស​ដទៃ មិន​មែន​ខឹង​គោ វ៉ៃ​រទេះ​ឡើយ។

៤. មាន​ភាព​ឯករាជ្យ

មិន​មែន​ជា​មនុស្ស​ស្រី​ដែល​ចាំ​តែ​ធ្វើ​តាម​គេ​បញ្ជា ឬ ជា​មនុស្ស​ស្រី​ដែល​មិន​ហ៊ាន​ធ្វើ​អី​ខ្លួន​ឯង​នោះ​ទេ។ ពេល​មាន​​បញ្ហា​​អ្នក​តែង​តែ​ធ្វើ​ការ​សម្រេច​លើ​រឿង​អ្វី​មួយ​ដោយ​ខ្លួន​ឯង ហើយ​ហ៊ាន​ទទួល​យក​លទ្ធផល​ទោះ​វា​ល្អ​ឬ​អាក្រក់​ក៏​ដោយ។

៥. មាន​ភាព​អត់​ធ្មត់​ច្រើន

បើ​ចេះ​តែ​ប្រើ​ចរិត​ប៉ះ​បន្តិច​ស្រែក ពិបាក​បន្តិច​រអ៊ូ​នោះ​កុំ​ទាន់​ថា​ខ្លួន​ឯង​ចាស់​ទុំ​អី។ ក្នុង​សង្គម​រឿង​​អ្វី​ក៏​មាន​​ដែរ មនុស្ស​ស្រី​ដែល​ចាស់​ទុំ​គឺ​ចេះ​អត់​ធ្មត់ មិន​មែន​ធ្វើ​អី​តាម​តែ​ចិត្ត ហើយ​មាន​រឿង​អី​តិច​ក៏​រត់​ចោល​ការងារ​ឡើយ។ ទោះ​មាន​រឿង​ខ្លះ​ប៉ះ​ទង្គិច​ចិត្ត​​ក៏​ដោយ ក៏​អ្នក​អាច​អត់​ធ្មត់​នឹង​បន្ត​ដំណើរ​របស់​អ្នក​​បាន​ដែរ។

រូបតំណាង

៦.​Drama មាន​កម្រិត

បើ​មាន​រឿង​អី​តិច​តួច​ក៏​ Post ពិបាក​ចិត្ត​ក៏ Post នោះ​មិន​មែន​ចរិត​ចាស់​ទុំ​ឡើយ។ គ្មាន​រឿង​អី​សោះ​ក៏​ Drama ទាក់ទាញ​ចំណាប់​អារម្មណ៍​នេះ​គឺ​ជា​របៀប​របស់​ក្មេងៗ​តែ​ប៉ុណ្ណោះ។ ចង់​និយាយ​អី​អ្នក​​នឹង​និយាយ​ តែ​មិន​មែន​ Drama លើស​ពី​ការពិត​នោះ​ទេ ម្យ៉ាង​ទៀត​អ្នក​​ចេះ​កម្រិត​លើ​រឿង​រ៉ាវ​ក្នុង​ចិត្ត​ ជាជាង​បង្ហាញ​ឲ្យ​គេ​មើល​ស្រាល។

៧.​ ក្លាហាន ហើយ​ចេះ​ការពារ​ខ្លួន​ក្នុង​ការ​ដើរ​ហើរ​ម្នាក់​ឯង

ទៅ​ណា​មក​ណា​ក៏​មិន​ជា​បញ្ហា ព្រោះ​អ្នក​អាច​ថែរក្សា​ខ្លួន​បាន​យ៉ាង​ពេញលេញ។ អ្នក​អាច​ដើរ​ទៅ​ណា​មក​ណា​​ម្នាក់ឯង និង ចេញ​ទៅ​តាម​ខេត្ត ក្រៅប្រទេស​ម្នាក់​ឯង​ដោយ​ភាព​ជឿជាក់។

៨. ចេះ​ការ​ងារ​ក្នុង​ផ្ទះ

មិន​មែន​ចេះ​តែ​ចាយ​ ចេះ​តែ​ធ្វើ​ខ្លួន​នោះ​ទេ តែ​អ្នក​អាច​ធ្វើ​ម្ហូប​បាន​យ៉ាង​ឆ្ងាញ់ អាច​ថែ​ផ្ទះ​បាន​យ៉ាង​ស្អាត និង ចេះ​មើល​ថែ​សមាជិក​ក្នុង​គ្រួសារ ឬក៏​ខ្លួន​ឯង​បាន​យ៉ាង​ល្អ។ អ្នក​ចេះ​បត់បែន ហើយ​សម្រប​ខ្លួន​​បាន​យ៉ាង​ល្អ​គ្រប់​កាលៈទេសៈ។

៩. ចេះ​រកលុយ​ដោយ​ខ្លួនឯង

មិន​មែន​ចាំ​តែ​ចាយ​លុយ​អ្នក​ផ្ទះ ហើយ​ធ្វើ​ចរិត​កូន​អ្នក​មាន​គេ​គិត​ថា​អ្នក​អស្ចារ្យ​នោះ​ទេ។ បើ​អ្នក​ពិត​ជា​ឈាន​ដល់​វ័យ​ចាស់​ទុំ​មួយ​មែន​អ្នក​នឹង​ចាប់​ផ្ដើម​ចេះ​រក​លុយ​ចាយ​ដោយ​ខ្លួនឯង​ដោយ​មិន​បាច់​ពឹង​លុយ​អ្នក​ណា​ទៀត។ ពេល​ដែល​អ្នក​មាន​ការងារ មាន​មុខ​របរ​ភាព​ចាស់​ទុំ​នឹង​មក​រក​អ្នក​បន្តិច​ម្ដងៗ៕

រូបតំណាង

ចុចអាន​៖នៅ​ពេល​មាន​គំនិត​ចាស់​ទុំ​មែនទែន អ្នក​នឹង​​មាន​ការ​គិត​ខុស​ប្លែក​ពី​មុន ៥យ៉ាង​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម