​ដឹង​​រឿង​ច្រើន​ប៉ុណ្ណា ក៏​មិន​គួរ​ចេះ​ដឹង​រឿង​អ្នក​ដទៃ

  • 2018-10-11 07:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ជួប​ទេ ប្រភេទ​មនុស្ស​ដែល​មិន​បាន​សួរ ប៉ុន្តែ​ចូល​ចិត្ត​បញ្ចេញ​យោបល់​ណែនាំ​គេ?

មុន​បញ្ចេញ​មតិ​យោបល់ ឬ​រិះគន់​អ្នក​ណា អ្នក​គួរ​សួរ​ខ្លួន​ឯង​សិន​ថា អ្នក​បាន​ដឹង​ពី​រឿង​នោះ ឬ​អ្នក​នោះ​ច្រើន​ប៉ុណ្ណា ទើប​ហ៊ាន​កកូរកកាយ​ជីវិត​អ្នក​ដទៃ? មនុស្ស​មួយ​ចំនួន​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង គិត​ថា​ខ្លួន​ឯង​ឆ្លង​កាត់​ជីវិត​នេះ​ច្រើន គិត​ថា​ខ្លួន​ឯង​ពូកែ និង​ដឹង​គ្រប់​យ៉ាង នៅ​ពេល​អ្នក​ណា​មាន​បញ្ហា ក៏​ប្រញាប់​ចេញ​មុខ ធ្វើ​ខ្លួន​ជា​អ្នក​ផ្ដល់​ប្រឹក្សា និង​កាត់​សេចក្ដី​ថា​អ្នក​​នេះ​​ខុស អ្នក​​នោះ​ត្រូវ​ ទាំង​មិន​មាន​អ្នក​ណា​សួរ​នាំសោះ​។

រូបតំណាង

តែ​ត្រូវ​ដឹង​ថា មនុស្ស​គ្រប់​គ្នា​​សុទ្ធ​តែ​មាន​ហេតុផល​ផ្ទាល់​ខ្លួន។ បើ​យើង​មិន​បាន​ស្ថិត​ក្នុង​ស្ថានការណ៍​នោះ​ទេ យើង​កាន់​តែ​មិន​គួរ​និយាយ​ច្រើន។ ការ​​ឆាប់​វាយ​តម្លៃ​ស្ថានការណ៍​ដោយ​ផ្អែក​តែ​លើ​អ្វី​ដែល​អ្នក​មើល​ឃើញ​មួយ​ជ្រុង នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ ឬ​ខ្មាសអៀន​វិញ​ នៅ​ពេល​ការ​ពិត​​វា​មិន​ដូច​អ្វី​ដែល​យើង​ស្មាន។ ពេល​ខ្លះ​​ទៀត​យើង​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ជីវិត​ខ្លួន​ឯង​ស្រួលបួល​ផង ប៉ុន្តែ​បែរ​ចង់​ទៅ​ដោះស្រាយ​បញ្ហា​ឲ្យ​អ្នក​ផង​​ទៅ​វិញ។ មុន​នឹង​ផ្ដល់​ការ​ប្រឹក្សា​ឲ្យ​អ្នក​ណា​ម្នាក់ យើង​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​សិន​ថា គេ​ចង់​ស្ដាប់​យើង​ឬ​អត់ មិន​មែន​ទៅ​រញ៉េរញ៉ៃ​រឿង​អ្នក​ដទៃ ដោយ​សារ​តែ​​ចង់​ចេះ​ដឹងរឿង​គេ​មួយ​មុខ​ទេ។ ការ​ចេះ​ដឹង​​រឿង​គេ​ដោយ​គេ​មិន​ត្រូវ​ការ​ មិន​ត្រឹម​តែ​គេ​មិន​ស្ដាប់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​រំខាន​ទៅ​វិញ។ យក​ពេល​វេលា​មក​អភិវឌ្ឍ​ជីវិត​របស់​ខ្លួន​វិញ​ល្អ​ជាង។

ម្យ៉ាង​ទៀត ការ​ដឹង ប៉ុន្តែ​មិន​បាន​ធ្វើ គឺ​ស្មើ​នឹង​ “មិនដឹង”។ បើ​អ្នក​ចេះ​តែ​បង្រៀន​ទូន្មាន​គេ​យ៉ាង​នោះ​យ៉ាង​នេះ ប៉ុន្តែ​ខ្លួន​ឯង​មិន​មាន​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​នោះ ឬ​ប្រាប់​គេ​ឲ្យ​ធ្វើ​បែប​នេះ ប៉ុន្តែ​ទង្វើ​របស់​អ្នក​បែរ​ផ្ទុយ​ស្រលះ​ពី​អ្វី​ដែល​ខ្លួន​និយាយ​នោះ ពាក្យ​សម្ដី​អ្នក​គឺ​ប្រាកដ​ជា​គ្មាន​តម្លៃ​​ឡើយ។

បើ​ចង់​ឲ្យ​អ្នក​ណា​ធ្វើ​តាម ចូរ​ធ្វើវា​ឲ្យ​បាន​សម្រេច​ខ្លួន​ឯង​សិន ព្រោះ “ទង្វើ” គឺ​ជា​គំរូ​ដ៏​ល្អ និង​ច្បាស់​លាស់​ជាង “ពាក្យ​សម្ដី” ៕

ចុចអាន៖

ប្រភព៖ 108resources ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម