៦​​សំណួរ​​​​​គួរ​​សួរ​​ខ្លួន​ឯង​មុន​សម្រេច​ចិត្ត​​​បែក​​គ្នា​ កុំ​ឲ្យ​ស្តាយ​ក្រោយ

  • 2018-10-11 04:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ហេតុ​ផល​ជា​ច្រើន​​បាន​ធ្វើ​ឲ្យ​ដៃ​គូ​ម្ខាងៗ​​​ មាន​អារម្មណ៍​ថា​នឿយហត់​ ហើយ​សម្រេច​ចិត្ត​​ចង់​​​ចាក​ចេញ​។ អ្នក​​ខ្លះ​​​បែក​គ្នា​​​​ដោយ​ចិត្ត​​ដាច់​​ ឯ​អ្នក​​ខ្លះ​ទៀត​​​​​​​​បែក​គ្នា​​ទាំង​​មិន​អស់​ចិត្ត និង​​អាច​​ស្តាយ​​ក្រោយ​ពេញ​មួយ​​ជីវិត​ ដូច្នេះ​​​មុន​​​ធ្វើ​ការ​សម្រេច​​​​​ចិត្ត​ ត្រូវ​​​សួរ​​៦សំណួរ​​​សំខាន់ៗ​​ទៅ​កាន់​​ខ្លួន​ឯង​។

១. តើ​នៅ​ជាមួយ​គាត់ គ្រប់​​​យ៉ាង​​ប្រសើរ​ជាង​មុន​ឬ​​ក៏​កាន់​តែ​​​​ចុះ​អន់​​ថយ?

ពេល​ទាក់ទង​គ្នា តើ​អ្នក​​​មាន​ការ​វិវឌ្ឍ​​ខ្លួន​​​​​​​ប្រសើរ​ជាង​​មុន​ដែរ​ទេ? ជា​​​ធម្មតា​​​ បើ​​គាត់​​ស្រលាញ់​អ្នក​​​​ពិត​​ប្រាកដ​មែន​​ គាត់​​​ច្បាស់​ជា​​​​នៅ​​​​​​ចាំ​លើក​​​ទឹក​ចិត្ត​អ្នក​គ្រប់​ពេល និង​​​ចូល​រួម​​ត្រេក​អរ​​​​​​​​​​​​​​​ជាមួយ​​រាល់​សមិទ្ធ​​​ផល​​​​ដែល​អ្នក​ទទួល​បាន។ ផ្ទុយ​ទៅ​​វិញ ​ប្រសិន​បើ​គាត់​​ ជា​​​រនាំង​​​មក​បិទបាំង​​ មិន​​​​​​ឲ្យ​​ធ្វើ​អ្វី​ដែល​អ្នក​​ចូល​ចិត្ត នេះ​ជា​​ហេតុ​ផល​​ដែល​អ្នក​គួរ​ពិចារណា​ឡើង​វិញ។

២. ​​​តើ​​អ្នក​និង​គាត់​​​​​មាន​​គម្រោង​​​​នា​ពេល​អនាគត​​​ដូច​គ្នា​​ដែរ​ទេ?

​​គម្រោង​​ការ​និង​​​គោល​ដៅ​​ជីវិត ជា​អ្វី​​​ដែល​​គូ​ស្នេហ៍​​គួរ​​សាង​​ឡើង​​រួម​គ្នា​​​​​​​​សម្រាប់​​ពេល​​អនាគត​​​ ​ដើម្បី​​​ជៀស​​​​វាង​​​​​ភាព​​​ចម្រូងចម្រាស​ខ្វែង​គំនិត​គ្នា​​។ ក្នុង​​​ពេល​​បច្ចុប្បន្ន​​ បើ​អ្នក​ទាំង​ពីរ មាន​មតិ​​ផ្ទុយ​គ្នា​​ស្រឡះ​​​ គ្មាន​​​វិធី​​ណា​​​អាច​​ដោះ​​​ស្រាយ​​​​​បាន​​​​​​ ទោះ​​ជា​បន្ត​ទៅ​មុខ​ក៏​គ្មាន​ន័យ​អី​​​​ដរ។

៣. ​​​​​​​តើ​​​អ្នក​​​សប្បាយ​ចិត្ត​​ដែរ​ទេ ពេល​​​នៅ​ជាមួយ​គ្នា?

​​​​​​​​​​​មួយ​​​​សំណួរ​នេះ អាច​​​ជួយ​អ្នក​​​​​​​​​​ ឲ្យ​​យល់​​ស៊ី​ជម្រៅ​​ពី​ស្នេហា​​​​​ដែល​កំពុង​មាន​​សព្វ​ថ្ងៃ​។ មាន​​​​រឿងរ៉ាវ​​​​​​​ស្មុគស្មាញ​​​ជា​ច្រើន​​​​​​​ដែល​អ្នក​ត្រូវ​​ប្រឈម ប៉ុន្តែ​​ពេល​នៅ​ក្បែរ​គាត់​ ​​​បែរ​ជា​​មាន​​​​​អារម្មណ៍​​​​​កក់​ក្តៅ មាន​​​​កម្លាំង​​​​​​​ចិត្ត​​​​​ឡើង​​វិញ​​ បង្ហាញ​​​​ថា​វា​ជា​សញ្ញា​​​ដ៏​ល្អ​មួយ​​​។ យ៉ាង​ណា​មិញ ​​ប្រសិន​បើ​អ្វីៗ ​មិន​​​​ដូច​​​​ការ​រំពឹង​​ទុក អ្នក​គួរ​គិតគូរ​​​ពី​ទំនាក់ទំនង​​​​ស្នេហា​​​​​​​​​​​​​​​​សាជាថ្មី​​ឡើង​វិញ។

៤. តើ​គាត់​​ចេះ​​សម្រប​សម្រួល​​​ដែរ​ទេ ពេល​​​មាន​បញ្ហា?

​​​​​​​នៅ​ក្នុង​​ទំនាក់ទំនង​មួយ​ ដែល​​គ្មាន​ការ​សម្របសម្រួល គឺ​មិន​​​​​អាច​​​​ស្ថិតស្ថេរ​បាន​​យូរ​ឡើយ ព្រោះ​​អ្នក​​ទាំង​​ពីរ​​ នឹង​​​មាន​​​ជម្លោះ​មិន​​ចេះ​​ចប់។ ​​​​បើ​មាន​​តែ​​ម្ខាង​ ជា​​​អ្នក​​​​លះ​បង់ ហើយ​ម្ខាង​​ទៀត​​​​ធ្វើ​​ហី​​​មិន​​ខ្វល់ នោះ​​អ្នក​​ស្នេហា​​​​​​​នឹង​​​​​ក្លាយ​ជា​អសារបង់​​ទៅ​ថ្ងៃ​មុខ។

៥. ​​តើ​អ្វី​​ជា​​​​​ហេតុផល​​​ចម្បង ដែល​​​ធ្វើ​ឲ្យ​អ្នក​​​សម្រេច​ចិត្ត​​ចង់​បែក​គ្នា?

​​​​​​​​​ហេតុផល​​មាន​​ច្រើន​ណាស់ ដែល​​​​​អាច​ធ្វើ​ឲ្យ​ស្នេហា​ប្រេះឆា​បាន ប៉ុន្តែ​​​​​​មិន​​​មែន​​​​ទាំង​អស់​សុទ្ធ​តែ​​​នាំ​​​​​ទៅ​រក​ការ​​បែក​បាក់​នោះ​ទេ។ ​​​​​ឧទាហរណ៍​ថា គាត់​​ជា​មនុស្ស​​ខ្ជិល​​មិន​​ចូលចិត្ត​​​​​​​ស្លៀក​ពាក់​ស្អាត​បាត តើ​​​​​គួរ​​​​បែក​គ្នា​ឬទេ? ​​ បើ​វា​​មិន​មែន​ជា​​ហេតុផល​​សមរម្យ​​​​​​​​​ដែល​ត្រូវ​​​បែក​​​គ្នា​ គួរ​​​ចេះ​​រក​​​​​​វិធី​ដោះ​​ស្រាយ​ ​​​និយាយ​​​សម្រួល​​គ្នា​​​ជាមុន​​សិន។ ​​​ក្នុង​​​​​​​ស្ថាន​ភាព​​​​​​​​​​​​​​​​​​​​​យ៉ាប់​ខ្លាំង ​ពេល​នៅ​​ជាមួយ​គ្នា​​មាន​តែ​​​​​ភាព​​ឈឺ​​ចាប់​​ សឹម​ធ្វើ​​ការ​សម្រេច​ចិត្ត​សាជាថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​

៦. ​​បើ​​គ្មាន​​គេ តើ​ជីវិត​អ្នក​​​​ស្រស់​​ថ្លា​ជាង​​មុន​​ដែរ​ទេ?

​​​ចំណាយ​​ពេល​​បន្តិច​​​​​ ដើម្បី​គិត​​​​សំណួរ​នេះ មុន​ពេល​អ្នក​​​​​​ចង់​​​​នៅ​​បន្ត​ ឬ​​​​​មួយ​​​​ក៏​​ចង់​​ឈប់​ត្រឹម​ហ្នឹង។ បើ​គិត​ថា​​​​ ពេល​​គ្មាន​គេ ជីវិត​​​ខ្លួន​ឯង​​​​នឹង​ស្រស់​​ថ្លា​ជាងមុន គ្មាន​អ្វី​គួរ​​នៅ​ស្ទាក់​ស្ទើរ​ទៀត​​នោះ​ទេ។

មិន​​ចង់​ស្តាយ​ក្រោយ​​​ ​​​​​មុន​​​បញ្ចប់​​​សេចក្តី​​ស្នេហា ត្រូវ​គិត​​គូរ​ឲ្យ​បាន​​​វែង​​ឆ្ងាយ មិន​ត្រូវ​​​ធ្វើ​​​​ដោយ​ប្រញាប់​ប្រញាល់ ឬ​​សម្រេច​​​​​​​​​​ចិត្ត​​នៅ​ពេល​​ចិត្ត​​ក្តៅ៕

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម