កុំ​ទាន់​ថា​គូ​ដណ្ដឹង Fan Bingbing អត់​ចិត្ត បើ​មិន​ទាន់​ដឹង​ច្បាស់​ពី​លោក

  • 2018-09-26 02:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភស្តុតាង​ថ្មី​បំផុត​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Li Chen នៅ​តែ​ស្រលាញ់​កំពូល​តារា​សម្ដែង​ស្រី Fan Bingbing ដូច​ដើម មិន​ដូច​អ្វី​ដែល​គេ​និយាយ​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​មុន​នេះ គឺ​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់ ៣៧ឆ្នាំ​របស់​តារា​សម្ដែង​លំដាប់ A ចិន Fan Bingbing។ យោង​តាម​ប្រភព​នានា​របស់​ចិន ខុស​ពី​ឆ្នាំ​មុន​ៗ​ដែល​តែង​មាន​តារា​ជា​ច្រើន​​ជូនពរ​នាង​ក្នុង​ថ្ងៃ​ខួប​នោះ នៅ​ឆ្នាំ​នេះ​មាន​តែ​អ្នក​ដឹកនាំ​រឿង Li Yue តែ​ម្នាក់​ឯង​គត់​ដែល​បាន​ជូន​ពរ​នាង។ មនុស្ស​ជា​ច្រើន​បាន​រិះគន់​តារា​សម្ដែង​ប្រុស Li Chen ដែល​ជា​គូ​ដណ្ដឹង​របស់​នាង ត្បិត​លោក​មិន​បាន​ជូន​ពរ​នាង​ឆ្នាំ​មុន​ឡើយ។

យ៉ាងណាក្ដី ដោយ​សារ​តែ​ឃើញ​មិត្តភ័ក្ដិ​ខ្លួន ត្រូវ​រង​ពាក្យ​ជេរ​ស្ដី​ធ្ងន់ធ្ងរ​ខ្លាំង​ពេក ទប់​ចិត្ត​មិន​បាន​ មិត្តភ័ក្ដិ​ម្នាក់​របស់​តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បាន​ចេញ​មុខ​បកស្រាយ​ជំនួស​លោក បំបាត់​រាល់​ពាក្យ​ចចាមអារ៉ាម​​លោក​ដោះដៃ​ចោល​ស្នេហា​គ្រា​មាន​អាសន្ន។ តាម​នោះ​ដែរ នៅ​ថ្ងៃ​កំណើត​គូ​ដណ្ដឹង វេលា​ម៉ោង ៥៖២០នាទី ប្រុស​ស្អាត​វ័យ ៣៩​ឆ្នាំ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Weixin ដែល​ជា​បណ្ដាញ​សង្គម​សម្រាប់​មិត្ត​ភ័ក្ដិ​ជិត​ស្និទ្ធ​ទើប​មើល​ឃើញ​ថា៖ “រីករាយ​ថ្ងៃ​កំណើត”។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​វប្បធម៌​ចិន លេខ​៥២០ មាន​ន័យ​ថា “បង​ស្រលាញ់​អូន” អាស្រ័យហេតុនេះ​ អ្នក​គាំទ្រ​បាន​គិត​ថា​លោក​នៅ​តែ​ស្រលាញ់​ Bingbing ដូច​ដើម។ មិត្តភ័ក្ដិ​របស់​លោក​ក៏​បន្ថែម​ថា មូលហេតុ​ដែល Li Chen មិន​បង្ហោះ​លើ Weibo នោះ​គឺ​មិន​ចង់​បញ្ចេញ​សកម្មភាព​ច្រើន​នៅ​ពេល​នេះ​ឡើយ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម