៦​តិកនិច​​រក​ការងារ​​ធ្វើ​បាន​ឆាប់​ដូច​ចិត្ត ពិសេស​សម្រាប់​អ្នក​គ្មាន​បទពិសោធន៍

  • 2018-09-25 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

“ការងារ​ជា​មាស​ប្រាក់” ជា​អ្វី​ដែល​គ្រប់​គ្នា​បាន​ដឹង និង​ទទួល​ស្គាល់ ប៉ុន្តែ​ការ​ដែល​ត្រូវ​រក​ការងារ​ឲ្យ​បាន​លឿន និង​ត្រូវ​ចិត្ត​គឺ​មិន​សូវ​ជា​រឿង​ងាយ​ទេ​ក្នុង​សម័យ​នេះ។ អ្នក​ខ្លះ​​ចេញ​រក​តែ​ប៉ុន្មាន​ថ្ងៃ​ក៏​រក​បាន​ការងារ​ដែល​ខ្លួន​ពេញ​ចិត្ត ក្នុង​ខណៈ​ដែល​អ្នក​ខ្លះ​ដើរ​ទាត់​ខ្យល់ ដើរ​សម្ភាស​ការងារ​​រាប់​ឆ្នាំ​ហើយ​ តែ​ត្រូវ​គេ​បដិសេធ​ទាំង​អស់។ ការ​រក​ការងារ​មិន​បាន​មិន​ប្រាកដ​ថា​មក​ពី​យើង​គ្មាន​សមត្ថភាព​នោះ​ទេ តែ​ពេល​ខ្លះ​អាច​មក​ពី​យើង​គ្មាន​តិចនិក​ល្អ​ក្នុង​ការ​ស្វែង​រក​វា។ សាក​ល្បង​ផ្លាស់​ប្ដូរ​សកម្មភាព​មួយ​ចំនួន នោះ​អ្នក​នឹង​អាច​ស្វែង​រក​ការងារ​ធ្វើ​បាន​កាន់​តែ​ស្រួល៖

រូបតំណាង

**១. ស្គាល់​ខ្លួន​ឯង និង​គោលដៅ​ក្នុង​អាជីព​របស់​ខ្លួន​មុន​សិន**

មុន​នឹង​ផ្ញើ​ពាក្យ​សុំ​ធ្វើ​ការ យើង​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់ ហើយ​ដឹង​ពី​គោលដៅ​ក្នុង​ការ​ធ្វើ​ការ​របស់​ខ្លួន​ឯង​ជា​មុន​សិន។ សួរ​ខ្លួន​ឯង​ថា​ចូលចិត្ត​អ្វី ចង់​ធ្វើ​ការ​បែប​ណា ដូច​ជា​ ចង់​ធ្វើ​​ជា​បុគ្គល​សំខាន់​ក្នុង​ក្រុមហ៊ុន​តូចតាច ដែល​អាច​មាន​ហានិភ័យ​ខ្ពស់ ឬ​ចង់​ធ្វើ​ជា​បុគ្គលិក​តូច​តាច ប៉ុន្តែ​មាន​ស្ថិរភាព​ក្នុង​ក្រុមហ៊ុន​ធំ​មួយ ...។ ការ​ស្គាល់​ខ្លួន​ឯង ពិត​ជា​សំខាន់​ណាស់ ព្រោះ​ជា​ច្រើន​​នាក់​ហើយ​ទើប​តែ​ដឹង​ថា​ខ្លួន​កំពុង​ដើរ​ផ្លូវ​ខុស នៅ​ពេល​ដែល​គ្រប់​យ៉ាង​ពិបាក​នឹង​កែខៃ​ទៅ​ហើយ។

២. ផ្លាស់​ប្ដូរ​ទម្លាប់​ខ្លួន​ឯង​សិន

ពេល​យើង​ទំនេរ​ពី​ការងារ​ អាច​នឹង​មាន​ឱកាស​ប្រើ​ជីវិត​ខ្លួន​ឲ្យ​សប្បាយ​​ជ្រុល​ពេក ដូច​ជា ការ​ដែល​យើង​ចូល​គេង​ពេល​យប់​ជ្រៅ ប៉ុន្តែ​ក្រោក​យឺត។ បើ​យើង​ចង់​ធ្វើ​ការ​ពិត​មែន ត្រូវ​​ផ្លាស់​ប្ដូរ​ទម្លាប់​ឲ្យ​ក្លាយ​មក​ដូច​ទម្លាប់​ជីវិត​របស់​អ្នក​ធ្វើ​ការ​​ឲ្យ​បាន​ច្រើន​បំផុត។ ព្យាយាម​ប្រើប្រាស់​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍​ដោយ​ការ​ចូល​វេបសាយ​ស្វែង​រក​ការងារ​​នានា ឬ​សាកសួរ​​ឱកាស​ការងារ​ពី​មិត្តភ័ក្ដិ ឬ​សាច់​ញាតិ​បង​ប្អូន ស្វែង​រក​ចំណេះ​ដឹង​ជុំវិញ​ខ្លួន​ដែល​​ដូច​អ្វី​ដែល​គេ​រៀបរាប់​ក្នុង Job Description ឲ្យ​បានច្រើន​បំផុត ដើម្បី​ប្រាកដ​ថា​អ្នក​បាន​​ត្រៀម​ខ្លួន​រួចរាល់​ ពេលគេ​ហៅ​ទៅ​សម្ភាស។

៣. អាប់ឌែត CV ជាមួយ​ព័ត៌មាន​ចុង​ក្រោយ​បំផុត

នៅ​ពេល​ស្វែង​រក​ការងារ​ថ្មី អ្នក​ត្រូវ​អាប់ឌែត​​ប្រវត្តិរូប​សង្ខេប (Resume) ជាមួយ​ព័ត៌មាន​ដែល​ថ្មី​បំផុត។ ​ស្ថិត​ក្នុង​ចន្លោះ​ពេល​ដែល​គ្មាន​ការងារ​ធ្វើ បើ​សិន​អាច កុំ​ភ្លេច​យក​ពេល​ទៅ​អភិវឌ្ឍ​ចំណុច​ខ្វះខាត​​ខ្លួន​ឯង​។ ក្រៅ​ពី​អាច​បង្កើន​សមត្ថភាព​ផ្ទាល់​ខ្លួន​ហើយ​ វា​ក៏​ធ្វើ​ឲ្យ CV របស់​យើង​ល្អ​មើល​ជាង​ការ​ដែល​​ត្រូវ​ឆ្លើយ​ប្រាប់​គេ​ថា​​ប៉ុន្មាន​ឆ្នាំ​នេះ​មិន​បាន​ធ្វើ​អ្វី​សោះ នៅ​ពេល​គេ​សួរ​ពី​ចន្លោះ​ពេល​ដែល​យើង​មិន​បាន​បំពេញ​ក្នុង CV នោះ។

រូបតំណាង

៤. ផ្លាស់​ប្ដូរ​ការ​គិត

អ្នក​ដែល​បាត់បង់​ការងារ​មួយ​រយៈ មិន​ថា​ជា​ការ​បាត់បង់​ដោយ​ស្ម័គ្រ​ចិត្ត ឬ​ដោយ​ការបញ្ហា​ផ្សេង​ៗដែល​​អាច​ធ្វើ​ឲ្យ​កើត​​មាន​ជំងឺ​បាក់​ទឹក​ចិត្ត បាត់​បង់​ទំនុក​ចិត្ត​មួយ​ចំណែក​ក្នុង​ការ​ធ្វើ​ការ ឬ​អ្នក​ខ្លះ​អាច​ឈាន​ដល់​ថ្នាក់​គិត​អគតិ​ចំពោះ​កន្លែង​ធ្វើ​ការ​ចាស់ មេចាស់ ជា​ដើម ប្រសិន​បើ​នៅ​តែ​មាន​គំនិត​អវិជ្ជមាន​ដូច​រៀបរាប់​ខាង​លើ​នេះ សូម​បញ្ឈប់​ទៅ ហើយ​ផ្លាស់​ប្ដូរ​ការ​គិត​ថ្មី​ឲ្យ​​ទៅ​ក្នុង​ផ្លូវ​​វិជ្ជមាន​វិញ ព្រោះ​​អ្វី​ក៏​ដោយ​ដែល​យើង​គិត វា​នឹង​ដិតដាម​ជាប់​ក្នុង​ចិត្ត​របស់​យើង ដែល​​​វា​នឹង​បង្ហាញ​​ឲ្យ​គេ​ឃើញ​បាន​តាម​រយៈ​ការ​និយាយ​ស្ដី ឬ​បញ្ចេញ​យោបល់​របស់​យើង។

៥. សម្ភាស​ការងារ​លំដាប់​​អ្នក​ជំនាញ

សម្ភាស​ការងារ​គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក ដូច្នេះ​រាល់​ការ​ស្ដែង​ចេញ​របស់​យើង​​នឹង​ជា​អ្វី​ដែល​អាច​កំណត់​ថា​យើង​នឹង​អាច​ជាប់​ចូល​ធ្វើ​ការ​ជាមួយ​គេ​ឬ​អត់ ដែល​ការ​ស្ដែង​ចេញ​នេះ មិន​មែន​សំដៅ​តែ​លើ​ការ​ឆ្លើយ​សំណួរ​នោះ​ទេ ប៉ុន្តែ​ក៏​រួម​ទាំង​ការ​​តុបតែង​ខ្លួន​ទៅ​សម្ភាស​ឲ្យ​បាន​សមរម្យ សម​កាលៈទេសៈ សុភាព​រាបសា មិន​មែន​ឆ្នូត ផ្កា ឆើតឆាយ​រញ៉េរញ៉ៃ ឬ​វាល​ខ្លី ដើម្បី​ជា​ការ​បង្ហាញ​ពី​ភាព​គួរ​ឲ្យ​ជឿទុក​ចិត្ត​ក្នុង​ខ្លួន​របស់​យើង។ ត្រៀម​ឯកសារ​ពាក់ព័ន្ធ​សំខាន់​ៗ​ទៅ​ឲ្យ​ស្រេច ហើយ​នៅ​ពេល​​សម្ភាស ត្រូវ​ឆ្លើយ​សំណួរ​​​ឲ្យ​បាន​ច្បាស់ សំឡឹង​មើល​ភ្នែក​អ្នក​សម្ភាសដោយ​ការ​ជឿជាក់ មិន​ចាំបាច់​ប្រញាប់ ត្រូវ​គិត​ឲ្យ​បាន​ល្អ​សិន​សឹម​ឆ្លើយ ហើយ​ដែល​សំខាន់​បំផុត​គឺ​មិន​ត្រូវ​អួតអាង កុហក ឬ​ពន្លើស​​ហួស​ការ​ពិត​។ នៅ​ពេល​គេ​សួរ​ថា​ហេតុ​អ្វី​ឈប់​ពី​កន្លែង​ចាស់ គឺ​មិន​គួរ​និយាយ​បែប​បន្តុះ​បង្អាប់​​កន្លែង​ចាស់​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឲ្យ​អ្នក​សម្ភាស​មើល​យើង​ក្នុង​ផ្លូវ​មិន​ល្អ។

ចុចអាន៖ តិចនិក​ទាមទារ​ប្រាក់​ខែ​ឲ្យ​បាន​ខ្ពស់​​ ពេល​សម្ភាស​ការងារ  

៦. កុំ​ចុះចាញ់

ការ​ដែល​ត្រូវ​គេ​បដិសេធ​ មិន​ថា​មិន​ហៅ​សម្ភាស ឬ​ហៅ​សម្ភាស​ហើយ​គេ​មិន​យក​យើង​ចូល​ធ្វើ​ការ​ គឺ​សុទ្ធ​តែ​ជា​រឿង​ធម្មតា​ដែល​អ្នក​ស្វែង​រក​ការងារ​ត្រូវ​ជួប​ប្រទះ។ ដូច្នេះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ត្រូវ​ពិចារណា​ខ្លួន​ឯង​ថា​មាន​ចំណុច​ខុស​ឆ្គង​ ឬ​ខ្វះ​ខាត​អ្វី​ខ្លះ។ ពេល​រក​ឃើញ​ហើយ​ត្រូវ​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​រីកចម្រើន​ត​ទៀត ព្រោះ​ពេល​ខ្លះ​អាច​មិន​មែន​ដោយ​សារ​យើង​គ្មាន​សមត្ថភាព ប៉ុន្តែ​អាច​ដោយ​សារ​យើង​មិន​សក្ដិសម​ជាមួយ​ក្រុមហ៊ុន​ ឬ​មុខ​តំណែង​ទាំង​នោះ​ទៅ​វិញ​ទេ។ បរាជ័យ​ម្ដង​មិនមែន​មាន​ន័យ​ថា​យើង​នឹង​បរាជ័យ​រហូត​នោះ​ទេ ភាព​ជោគជ័យ​នឹង​ចូល​មក​រក​មនុស្ស​ដែល​មាន​ការ​ព្យាយាម និង​មិន​ចុះចាញ់ ៕

ចុចអាន៖ រឿង​៦យ៉ាងដែល​​ស្ត្រី​គួរជៀសវាងនៅ​កន្លែង​ធ្វើ​ការ

ប្រភព៖ tnews ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម