៦​ហេតុផល​ចំ​ៗ​ដែល​ដាច់​មួយ​ឆ្នាំ​​ចូល​មួយ​ឆ្នាំ អ្នក​នៅ​តែ​​រក​សង្សារ​មិន​បាន

  • 2018-11-13 10:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ស្នេហា​នេះ​មួយ​ប្រាកដ​ជា​គ្មាន​អ្នក​ណា​កំណត់​​បាន​ទេ។ ដាច់​មួយ​ឆ្នាំ​ចូល​មួយ​ឆ្នាំ អ្នក​តែង​និយាយ​ថា​មិន​អី​ទេ គ្មាន​ស្នេហា​ក៏​អាច​រស់​បាន។ ប្រាកដ​ហើយ​ សម័យ​នេះ​មនុស្ស​ស្រី​ឯករាជ្យ​គឺ​ត្រូវ​គិតគូរ​រឿង​ជា​ច្រើន​ រហូត​លែង​មាន​អារម្មណ៍​ខ្វល់ខ្វាយ​រឿង​ស្នេហា តែ​កុំ​ភ្លេច​ថា​​ឆ្នាំ​កើន​ អាយុ​អ្នក​ក៏​កើន​ដូច​គ្នា។ បើ​ដល់​វេលា​ដែល​អ្នក​ចង់​មាន​គូ តែ​រក​មិន​បាន អ្នក​គួរ​​​ងាក​មើល​មក​ខ្លួន​ឯង ស្វែង​រក​មូលហេតុ ហើយ​ចាប់​ផ្ដើម​កែប្រែ​វា​បន្តិច​ម្ដង​ៗ​ទៅ។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​​អាច​ឲ្យ​អ្នក​នៅ​តែ Single ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៖

១. ខ្លាច​​ជីវិត​ប្រចាំ​ថ្ងៃ​ត្រូវ​​ផ្លាស់​ប្ដូរ

រូបតំណាង

ជឿ​អត់​ថា​​មាន​មនុស្ស​ជា​ច្រើន​គិត​បែប​នេះ។ ពួក​គេ​មាន​​កាលវិភាគ​​ប្រចាំ​ថ្ងៃ​ច្បាស់​លាស់​​ថា​តើ​មួយ​ថ្ងៃ​ៗ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដូច​ជា​ធ្វើ​ការ ទៅ​រៀន អាន​សៀវភៅ ញ៉ាំ​អី​ជាមួយ​មិត្តភ័ក្ដិ លេង​ហ្គេម ស្ដាប់​ភ្លេង​នៅ​ផ្ទះ​ជា​ដើម ដែល​​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ថា ប្រសិន​បើ​មាន​មនុស្ស​ម្នាក់​ចូល​ក្នុង​ជីវិត​របស់​ពួក​គេៗ​អាច​នឹង​លែង​បាន​ធ្វើ​សកម្មភាព​ដែល​ពួក​គេ​ចូលចិត្ត​ទាំង​អស់​នេះ។

២. កំណត់​ស្ដង់ដារ​ខ្ពស់​ពេក

រូបតំណាង

អ្នក​ខ្លះ​​សុខ​ចិត្ត​នៅ​ព្រៅ បើ​រក​មិន​បាន​បុរស ស ស្អាត ឆ្លាត សង្ហា ជា​អ្នក​មាន រៀន​ពូកែ… តែ​ចង់​ប្រាប់​ថា​គ្មាន​នរណា​ល្អ​ទាំង​ព្រម​ទាំង​អស់​នោះ​ទេ។ ដូច្នេះ​អ្នក​គួរ​សួរ​ខ្លួន​ឯង​ឡើង​វិញ​ថា​តើ​បុរស​បែប​ណា​ដែល​អ្នក​ត្រូវ​ការ​ពិត​ប្រាកដ ដែល​ក្នុង​នោះ​តើ​​ល្អ​កម្រិត​ណា និង​អាក្រក់​កម្រិត​ណា​ដែល​អ្នក​អាច​ទទួល​យក​បាន។

៣. ស្រឡាញ់​ឯករាជ្យ

រូបតំណាង

មនុស្ស​ស្រី​សម័យ​នេះ​ភាគ​ច្រើន​គឺ​ស្រឡាញ់​ភាព​​ឯករាជ្យ​​​ច្រើន​ជាង ហើយ​បើ​សិន​ជ្រើសរើស​មាន​សង្សារ ក៏​ខ្លាច​បាត់បង់​ឯករាជ្យ​​ដែល​ខ្លួន​មាន​នេះ។ ស្ដាប់​ទៅ​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​​វា​ជា​ការ​ពិត ព្រោះ​អ្នក​នៅ​​ចង់​ទៅ​ Party សប្បាយ​ៗ​ជាមួយ​មិត្តភ័ក្ដិ ចង់​ធ្វើ​អ្វី​តាម​ចិត្ត មិន​ចង់​ចាំ​ទទួល​ទូរសព្ទ​ដែល​តាម​សួរ​ថា “នៅ​ឯណា នៅ​ជាមួយ​អ្នក​ណា ទៅ​ប៉ុន្មាន​នាក់ ...”។ ព្រោះមិន​ចង់​ឮ​ប្រយោគ​ទាំង​អស់​នេះ​ហើយ ជា​ហេតុផល​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​មិន​ទាន់​មាន​គូ។

៤. មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​ល្អ​គ្រប់គ្រាន់

រូបតំណាង

មនុស្ស​ជា​ច្រើន​មិន​ហ៊ាន​បើក​ចិត្ត​ស្រឡាញ់​អ្នក​ណា​ឡើយ ព្រោះ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​អ្វី​ល្អ​គ្រប់គ្រាន់ មិន​មាន​អ្វី​ប្រជែង​ជាមួយ​នារី ឬ​បុរស​ផ្សេង​ៗ​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ គ្រួសារ​ក៏​មិន​មាន​​ទ្រព្យ​ច្រើន ប្រាក់​ខែ​ក៏​​តិច រូប​សម្បត្តិ​ក៏​មិន​សូវ​បាន... តែ​បើ​នៅ​គិត​បែប​នេះ អ្នក​នឹង​អត់​គូ​រហូត​ហើយ ព្រោះ​មនុស្ស​ដែល​ស្រឡាញ់​អ្នក គេ​នឹង​មិន​មើល​ឃើញ​តែ​ចំណុច​អវិជ្ជមាន​របស់​អ្នក​នោះ​ទេ។ ដូច្នេះ​គួរ​ព្យាយាម​ផ្លាស់​ប្ដូរ​ការ​គិតជាថ្មី។

៥. ភ្លេច​សង្សារ​ចាស់​មិន​បាន

រូបតំណាង

ពិត​ណាស់ ការ​បំភ្លេច​មនុស្ស​ម្នាក់​​ដែល​ខ្លួន​ស្រឡាញ់​ខ្លាំង​គឺ​មិន​មែន​ជា​រឿង​ងាយ​ទេ ប៉ុន្តែ​ជីវិត​របស់​យើង​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ ដូច្នេះ​សូម​កុំ​ឲ្យ​ឱកាស​ល្អ​ៗ​របស់​អ្នក​កន្លង​ទៅ​ដោយ​សារ​ភាព​ជំពាក់វាក់វិន​ក្នុង​អតីតកាល។ ប៉ុន្តែ​បើ​អ្នក​បំភ្លេច​គេ​មិន​បាន ហើយ​សាកល្បង​ទាក់ទង​អ្នក​ថ្មី​ដើម្បី​បំភ្លេច​អ្នក​ចាស់ គួរ​កុំ​អី​​ល្អ​ជាង។ គួរ​ចាប់​ផ្ដើម​​ម្ដង​ទៀត នៅ​ពេល​អ្នក​ជឿជាក់​​និង​មាន​ក្ដី​ស្រឡាញ់​ពិត​ៗ ទើប​មិន​ជួប​​បទពិសោធន៍​ច្រំ​ដែល។

៦. ចង់​មាន​ដែរ តែ​គ្មាន​អ្នក​យក

រូបតំណាង

ចំណុច​នេះ​​ចាក់​ដោត​តែ​ម្ដង ចង់​មាន​ដែរ តែ​ព្យាយាម​ទាក់ទង​អ្នក​ណា​ក៏​គេ​មិន​ចាប់​អារម្មណ៍។ តែ​កុំ​ចុះចាញ់​អី ដរាប​ណា​ព្រះអាទិត្យ​នៅ​រះ​ពី​ទិស​ខាង​កើត គឺ​អ្នក​នៅ​តែ​មាន​សង្ឃឹម ស៊ូ​ៗ​ថ្ងៃ​ណា​មួយ​នឹង​បាន​ជួប​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ប្រាកដ ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម