មិន​ចង់​លំបាក​ពេល​ចាស់ ត្រូវ​ធ្វើ​៥​រឿង​នេះ​ឲ្យ​បាន​មុន​អាយុ ៣០ឆ្នាំ

  • 2018-09-30 19:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​នៅ​ក្មេង​ត្រូវ​ចំណាយ​ពេល​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​​លើ​ការ​រក​លុយ​ដើម្បី​ចិញ្ចឹម​ជីវិត​ ដូច្នេះ​ហើយ​ពេល​ចាស់​ទៅ ​អ្នក​ណា​ក៏​ចង់​រស់​នៅ​ស្រួល​ដោយ​មិន​ខ្វល់ខ្វាយ​ពី​រឿង​លុយ​កាក់។ យ៉ាង​ណា​មិញ​ដើម្បី​មាន​ពេល​សម្រាក​គ្រប់គ្រាន់​នៅ​ពេល​ចាស់ អ្នក​ត្រូវ​មាន​ផែនការ​ជីវិត​ច្បាស់លាស់ ជា​ពិសេស​​ផ្នែក​ហិរញ្ញវត្ថុ​នេះ​តែ​ម្ដង។

រូបតំណាង

**១. ត្រូវ​មាន​​ប្រភព​ចំណូល​ស្ថិតស្ថេរ​ជាប់​លាប់** មិន​ថា​ជា​ការងារ​ពេញ​ម៉ោង ការងារ​ឯករាជ្យ (Freelance) ឬ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន ដែល​អាច​កសាង​ចំណូល​ជា​ប្រចាំ​សម្រាប់​អ្នក។ ការ​មាន​ប្រភព​ចំណូល​ចំណាយ​ច្បាស់​លាស់ ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​បុគ្គល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ជា​ពិសេស​នៅ​ពេល​ដែល​ត្រូវ​ពឹង​ពាក់​លុយ​ធនាគារ​​។

២. ត្រូវ​សន្សំ​លុយ​ទុក​ប្រើ​ពេល​អាសន្ន​អន់​ក្រ មាន​គោលដៅ​សន្សំប្រាក់ និង​វិន័យ​​ក្នុង​ការ​​ចាយ​វាយ​ក្នុង​មួយ​ខែ​ៗ​​ដែល​នឹង​អាច​ឲ្យ​អ្នក​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ចាស់។ ក្រៅ​ពី​ការ​សន្សំ​លុយ​​ហើយ​ អ្នក​ក៏​គួរ​រិះរក​វិធី​ដើម្បី​ឲ្យ​ប្រាក់​សន្សំ​របស់​ខ្លួន​កើត​កូន​កើត​ចៅ​បាន​តាម​រយៈ​ការ​បណ្ដាក់​ទុន​ រក​ស៊ី​ផ្សេង​ៗ។

៣. ត្រូវ​យល់​ដឹង​ពីការ​​គ្រប់គ្រង​បំណុល ដោយ​បំណុល​នេះ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ ទីមួយ​គឺ​ “បំណុល​ល្អ” និង​ទី​ពីរ​គឺ “បំណុល​មិន​ល្អ”។ ​បំណុល​ដែល​អ្នក​ត្រូវ​ពឹងពាក់​​នោះ​ត្រូវ​តែ​ជា​ “បំណុល​ល្អ​” ប៉ុណ្ណោះ​ ដូច​ជា​ដើម្បី​ទិញ​ផ្ទះ ដី ឬ​ពង្រីក​មុខ​ជំនួញ។ ​មុន​សម្រេច​ចិត្ត​ខ្ចី​បំណុល​ត្រូវ​ប្រាកដ​ថា​​អ្នក​មាន​លទ្ធភាព​​រំដោះ​វា​ឲ្យ​អស់​​ក្នុង​រយៈ​ពេល​ណា​មួយ ហើយ​ការ​ដោះ​បំណុល​គឺ​មិន​ត្រូវ​លើស​ពី​៥០%​នៃ​ចំណូល​ប្រចាំ​របស់​អ្នក​ឡើយ។

៤. ត្រូវ​ទិញផ្ទះ​មុន​ទិញ​ឡាន បើ​ទិញ​ផ្ទះ​បាន​កាន់​តែ​លឿន​មុន​អាយុ ៣០ឆ្នាំ នោះ​នឹង​កាន់​តែ​ល្អ ដោយ​សារ​វា​ជា​ទ្រព្យ​ចាំបាច់​ ហើយ​​អាច​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់​ទៅ​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ បើ​​សម្រេច​ចិត្ត​ទិញ​ឡាន​មុន នោះ​អ្នក​នឹង​ត្រូវ​ត្រៀម​លុយ​សម្រាប់​ចំណាយ​ជា​ប្រចាំ​ជា​ច្រើន​ទៀត​ដូច​ជា​ថ្លៃ​សាំង ថ្លៃ​ជួសជុល​ថែ​ទាំ ហើយ​បើ​ចង់​លក់​វិញ​គឺ​មាន​តែ​ខាត​ច្រើន​ជាង​ចំណេញ។

៥. ត្រូវ​គិត​គុណ​នឹង​ពីរ​​សម្រាប់​រឿង​គ្រួសារ បច្ចុប្បន្ន​មនុស្ស​មាន​ទំនោរ​រៀបការ​ក្នុង​អាយុ​កាន់​តែ​ច្រើន ហើយ​ការ​គ្រប់គ្រង​ការ​ចំណាយ​ និង​ការ​រស់​នៅ​​សម្រាប់​មនុស្ស​ចាប់​ពី​ពីរ​នាក់​ឡើង​ទៅ ជា​ពិសេស​ក្រោយ​មាន​កូន គឺ​មិន​មែន​ជា​រឿង​ងាយ​ឡើយ។ ​ការ​ចំណាយ​នានា​នា​ពេល​បច្ចុប្បន្ន​សុទ្ធ​តែ​ខ្ពស់​ខ្លាំង ដូច្នេះ​ហើយ​ការ​ត្រៀម​ផែនការ​​ចំណាយ​ចំណូល និង​គម្រោង​សន្សំ​ប្រាក់​​សម្រាប់​គ្រួសារ​គឺ​ត្រូវ​ត្រៀម​បណ្ដើរ​ៗ​​តាំង​ពី​អ្នក​នៅ​ខ្លួន​មួយ។  

“អាយុ​​មិន​មែន​ត្រឹម​តែ​តួ​លេខ​​នោះ​ទេ" ត្រូវ​ប្រញាប់​រៀប​ចំ​ផែនការ​សម្រាប់​ជីវិត​​អ្នក ព្រោះ​វា​ជា​អ្វី​ដែល​គួរ​ធ្វើ និង​មិន​អាច​ចៀសវាង​បាន ៕

ចុចអាន៖

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម