ចេនី៖ ស្អាតដើម្បីអ្នកដទៃ មិនមែនជាភាពស្អាតពិតប្រាកដទេ ត្រូវស្រលាញ់ភាពមិនឥតខ្ចោះរបស់ខ្លួន

  • 2018-09-24 07:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ​ទាល់​តែ​រាង​ស្គម​ កម្ពស់​ខ្ពស់​ សាច់​ស​ផូរផង់​បាន​គេ​ហៅ​ស្រី​ស្អាត​។​​​​ រាង​មិន​ស្អាត​ក៏​ហី​ទៅ​ចុះ​ តែ​​បើ​កាល​ណា​មាន​ស្នាម​នៅ​លើ​ខ្លួន​ប្រាណ​ទៀត​ នាង​នឹង​បាត់​បង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ហើយ​​ព្យាយាម​បិត​បាំង​វា​កុំ​ឱ្យអ្នក​ដទៃ​ឃើញ ចៀស​វាង​ត្រូវ​គេ​និន្ទា​​។

ប៉ុន្តែ​ថ្មីៗ​នេះ រូប​ថត​​មួយ​សន្លឹក​បាន​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​​របស់​នារី​សម័យ​ថ្មី​ ទោះ​ជា​នាង​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ទៅ​តាម​ស្ពង់​ដារ​សម្រស់​ដែល​សង្គម​បច្ចុប្បន្ន​ឱ្យតម្លៃ​ក៏​ដោយ​។ រូប​ថត​នេះ​ត្រូវ​បាន​គេ​ចែក​រំលែក​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​ទាំង​មតិ​គាំ​ទ្រ​ និង​កោត​សរសើរ​ពី​ភាព​ក្លាហាន​ និង​ភាព​ជឿ​ជាក់​របស់​នាង​ ហើយ​ក៏​មាន​មតិ​មិន​ល្អ​មួយ​ចំនួន​​​ទៅ​លើ​ការ​មិន​កែ​ច្នៃ​លុប​បំបាត់​ស្នាម​នៅ​លើ​ដងខ្លួន​ម៉ូដែល​នៅ​ក្នុង​​​រូប​ថត​មួយ​នោះ​។​​​​

រូបថត​ដោយ​ Pu Sam

រូប​ថត​នេះ​ម៉ូដែល​ដោយ​កញ្ញា​ មិន​ ចេ​នី ដែល​ក្នុង​នោះ​កញ្ញា​បាន​បញ្ជាក់​ពី​ការ​ពេញ​ចិត្ត​ និង​​​អរគុណ​ទៅ​ដល់​អ្នក​ថត​រូប​ដែល​មិន​បាន​ធ្វើការ​កែ​ច្នៃ ទៅ​លើ​ស្នាម​សង្វារ​របស់​កញ្ញា ហើយ​​​ក៏​បាន​ផ្កាំ​ផ្ញើ​ទៅ​កាន់​អ្នក​ដែល​ចែក​រំលែក​រូប​កញ្ញា​ជាមួយ​នឹង​មតិ​អវិជ្ជមាន​ទាំង​អស់​ថា​ "វា​ប្រហែល​ជា​គួរឱ្យខ្ពើម​រអើម​ សម្រាប់​អ្នក​ដែល​មិន​មាន​វា​ (សង្វារ)​ លើ​ដង​ខ្លួន​អ្នក​ តែ​ចំពោះ​អ្នក​ដែល​មាន​វា​ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​នឹង​ស្រលាញ់​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​អ្នក​ដូច​ខ្ញុំ​ដែរ។"

ចេនី​​បាន​​ប្រាប់​មក​កាន់​វិបសាយ កញ្ញា​បន្ត​ថា "តាម​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ស្អាត​ដើម្បី​អ្នក​ដ​ទៃ​មិន​បាន​ធ្វើ​ឱ្យខ្ញុំ​មាន​​អារម្មណ៍​ល្អ​ទេ​​ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ នៅ​ពេល​ដែល​ខ្ញុំ​​ពេញ​ចិត្ត​ចំពោះ​ស្បែក​នឹង​ស្នាម​របស់​ខ្ញុំ។​ នារី​ទាំង​ឡាយ​គួរ​តែ​បង្ហាញ​ខ្លួន​ឯង​តាម​អ្វី​ដែល​អ្នក​មាន ហើយ​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​អ្នក​មាន​ទាំង​អស់​ ពី​ព្រោះ​ថា​យើង​រស់​នៅ​ដើម្បី​ខ្លួន​ឯង​ មិន​មែន​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ណា​នោះ​ឡើយ​។​​​​​​​​​​​"

​​​​​

​​​​​គួរ​បញ្ជាក់​ផង​ដែរ​ សង្វារ​ជា​​ស្នាម​ដែល​បណ្ដាល​មក​ពីការ​ប្រែ​ប្រួល​ភ្លាម​ៗ​ដែល​ធ្វើ​ឱ្យស្បែក​យារ​ មិន​សំដៅ​តែ​លើ​ការ​មាន​ផ្ទៃពោះ​ម្យ៉ាង​នោះ​ទេ​ ក្នុង​នោះ​ការ​ឆាប់​ពេញ​វ័យ​ ឬក៏​ការ​ឡើងចុះ​ទម្ងន់​​ភ្លាម​ៗ​ក្នុង​រយៈ​ពេល​ខ្លី​ក៏​អាច​បណ្ដាល​ឱ្យកើត​សង្វារ​ផង​ដែរ​។ សង្វារ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​នោះ​ទេ​ ហើយ​ការ​ព្យាបាល​វា​ភាគ​ច្រើន​គឺ​សម្រាប់​លើក​សម្រស់​អ្នក​ដែល​មាន​វា​តែ​ប៉ុណ្ណោះ​៕ ​​​​​​​

រូបថត៖ ហ្វេសប៊ុក ចេនី

អត្ថបទ៖ Khuon Sovanvatey

អត្ថបទពេញនិយម