កុំ​បាច់​ឆ្ងល់​ថា​ចាស់​ហើយ​រក​សង្សារ​មិន​បាន បើ​នៅ​មាន​៧​ចំណុច​នេះ​ក្នុង​ខ្លួន

  • 2018-09-23 07:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​​សម្លឹង​មើល​ទៅ​ខាង​ណា អ្នក​នឹង​​ឃើញ​តែ​គ្រប់​គ្នា​​ដែល​អាយុ​ស្របាល​ៗ​អ្នក​មាន​គូ​អស់​រលីង រហូត​​ពេល​ខ្លះ​​ក៏​​មាន​អារម្មណ៍​ហេលហាល​នឹក​ឆ្ងល់​ថា​ហេតុ​អ្វី​ខ្លួន​ឯង​នៅ​តែ​គ្មាន​សង្សារ ទាំង​មុខ​មាត់ អត្តចរិត និស្ស័យ​​ក៏​ហាក់​មិន​មែន​ជា​បញ្ហា។ បើ​ចង់​ដឹង​ថា​មូលហេតុ​យ៉ាង​ណា​នោះ សូម​តាមដាន​ជាមួយ​ កញ្ញា ដូច​តទៅ៖

១. កំណត់​ស្តង់ដារ​ខ្ពស់​ខ្លាំង​ពេក

ការ​ដែល​អ្នក​នៅ​តែ​គ្មាន​ស្នេហា​អាច​បណ្ដាល​មក​ពី​អ្នក​ដាក់​ការ​រំពឹង​ទុក​ខ្ពស់​ខ្លាំង​ពេក​រហូត​មិន​ចង់​បើក​ចិត្ត ឬ​ផ្ដល់​ឱកាស​ដល់​អ្នក​មក​ចែចង់ ដែល​គ្មាន​គុណសម្បត្តិ​ត្រូវ​​ ឬ​ស្រដៀង​នឹង​ស្ដង់​ដារ​ដែល​អ្នក​កំណត់​ទុក។ វា​មិន​ខុស​ទេ​​ដែល​អ្នក​មាន​លក្ខខណ្ឌ​សម្រាប់​ខ្លួន​ឯង ប៉ុន្តែ​លក្ខខណ្ឌ​ទាំង​នោះ​គួរ​តែ​សម​ហេតុ​សម​ផល។

២. មើល​អ្នក​ដទៃ​ក្នុង​ផ្លូវ​អវិជ្ជមាន​ខ្លាំង​ពេក

ការ​សម្លឹង​មើល​អ្នក​ដទៃ​ក្នុង​ផ្លូវ​អវិជ្ជមាន​ខ្លាំង​ពេក​ក៏​មិន​មែន​ជា​រឿង​ប្លែក​ដែរ​ដែល​ធ្វើ​ឲ្យ​អ្នក​​នៅ​លីវ​យូរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ បើ​មើល​តែ​មួយ​ជ្រុង ការ​មិន​ងាយ​ទុក​ចិត្ត​អ្នក​ដទៃ​ក៏​មិន​​​ល្អ​ដែរ ព្រោះ​យើង​នឹង​អាច​ប្រុងប្រយ័ត្ន​នៅ​ពេល​ទាក់ទង​ជាមួយ​នរណា​ម្នាក់ ប៉ុន្តែ​​នៅ​ពេល​អ្នក​សម្លឹង​រក​មើល​តែ​ចំណុច​មិន​ល្អ​របស់​គេ​ខ្លាំង​ពេក វា​នឹង​អាច​ឲ្យ​អ្នក​​បាត់បង់​ឱកាស​ស្គាល់​មនុស្ស​ល្អ​ៗ​បាន។

៣. ភ្លេច​អ្នក​ចាស់​មិន​បាន

ការ​ដែល​អ្នក​មិន​អាច​ចាប់​ផ្ដើម​ជាថ្មី​ជាមួយ​នរណា​ម្នាក់​ អាច​ដោយ​សារ​អ្នក​នៅ​តែ​ភ្លេច​សង្សារ​ចាស់​មិន​បាន ដោយ​អ្នក​តែង​យក​គេ​មក​ប្រៀបធៀប​ជាមួយ​អ្នក​ថ្មី​ដែល​ព្យាយាម​ចូល​មក​ក្នុង​ជីវិត​អ្នក ហើយ​ទី​បំផុត​អ្នក​ក៏​គិត​ថា​គ្មាន​នរណា​ល្អ​ស្មើ​សង្សារ​ចាស់​ទេ ទាំង​សង្សារ​ចាស់​អ្នក​ពេល​នេះ​សង្ស័យ​មាន​អ្នក​ថ្មី រៀប​ការ​មាន​កូន​បាត់​ទៅ​ហើយ។

៤. មិន​ទាន់​ដល់​គូ

ពេល​ខ្លះ​ពិបាក​ដែរ ទោះ​បី​អ្នក​សាក​ល្បង​សេពគប់​ ឬ​ណាត់​ជួប​មនុស្ស​ជា​ច្រើន​នាក់​ហើយ​ក៏​ដោយ​ក៏​អាច​មិន​ទាន់​ជួប​មនុស្ស​ដែល​មាន​និស្ស័យ។ ពេលខ្លះ​ការ​គិត​មិន​ដូច​គ្នា ចំណូល​ចិត្ត​មិន​ដូច​គ្នា ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទាក់ទង​ជាមួយ​នរណា​ម្នាក់​ឲ្យ​ពិត​ប្រាកដ។

៥. ស្ថិត​នៅ​កន្លែង​ដែល​មិនទំនង​រក​គូ​ឃើញ

ការ​ជួប​មនុស្ស​ដែល​ត្រូវ​ចិត្ត​ក្រៅ​ពី​ត្រូវ​អាស្រ័យ​លើ​ពេល​វេលា​សក្ដិសម​ហើយ ទី​កន្លែង​ក៏​ជា​ចំណុច​សំខាន់​ដែរ ព្រោះ​បើ​អ្នក​សម្ងំ​នៅ​តែ​ក្នុង​ផ្ទះ ឬ​ធ្វើ​ការ​នៅ​កន្លែង​ដែល​មាន​តែ​មនុស្ស​ស្រី ក៏​ធ្វើ​ឲ្យ​ឱកាស​ដែល​អ្នក​អាច​ជួប​បុរស​ត្រូវ​ចិត្ត​មាន​កាន់​តែ​តិច។

៦. វីវក់​តែ​នឹង​ការងារ

សម្រាប់​អ្នក​ដែល​មាន​មុខ​តំណែង​ការងារ​ធំដុំ​ហើយ រួម​ទាំង​មាន​ប្រាក់​កាស​ចាយ​គ្រប់គ្រាន់​ទៀត​នោះ ពួក​គេ​អាច​គិត​ថា​មិន​ត្រូវ​ការ​អ្វី​ទៀត​ឡើយ​ក្នុង​ជីវិត​នេះ ព្រោះ​អ្វី​ដែល​​ខ្លួន​​កំពុង​​មាន​អាច​ផ្ដល់​សេចក្ដី​សុខ​គ្រប់​គ្រាន់​ទៅ​ហើយ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​រវល់​រហូត​លែង​​មាន​ពេល​គិត​រឿង​ស្នេហា។

៧. ​មាន​ក្ដី​សុខ​នឹង​ជីវិត​​ស្រាប់​ទៅ​ហើយ

ការ​ដែល​អ្នក​មាន​គ្រួសារ​កក់​ក្ដៅ រួម​ទាំង​មាន​មិត្តភ័ក្ដិ​ល្អ​ៗ​ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​លែង​ខ្វល់ខ្វាយ​ពី​ស្នេហា​រវាង​បុរស​និង​នារី ព្រោះ​ត្រឹម​តែ​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ទាំង​អស់​នេះ អ្នក​ក៏​អាច​មាន​​អារម្មណ៍​ថា​មាន​ក្ដី​សុខ​ជាមួយ​ជីវិត​ខ្លួន​ឯង​បាត់​ទៅ​ហើយ ៕

ប្រភព៖ Orami ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម