ហេតុ​អ្វី​​ស្នេហា​​​ក្នុង​សម័យ​​ទំនើប​​ងាយ​នឹង​​ប្រេះ​​ឆា​ម្ល៉េះ?

  • 2018-09-20 09:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុ​អ្វី​​ស្នេហា​​​ក្នុង​សម័យ​​ទំនើប​​ងាយ​នឹង​​ប្រេះ​​ឆា​ម្ល៉េះ? ហេតុ​​​អ្វី​មនុស្ស​​​​​សព្វ​​ថ្ងៃ​​ ភាគ​​​ច្រើន​​​​​​ងាយ​​នឹង​​លង់​​​ស្រលាញ់ ប៉ុន្តែ​​មិន​​ចេះ​​​ថែរក្សា? ហេតុ​​​អ្វី​​​​​​ចាំ​​បាច់​ធ្វើ​​ខ្លួន​​​​​ដូច​ជា​​​យ៉ាប់យ៉ឺន​​ខ្លាំង​​​ម្ល៉េះ គ្រាន់​​តែ​ថែរក្សា​​​ស្នេហា​ឲ្យ​បាន​គង់វង្ស​សោះ? ដោយសារ​តែ​​​មិន​ដឹង​​ថា ត្រូវ​​​​ធ្វើ​របៀប​ណា​​ ឬ​​​មួយ​ក៏​​ភ្លេច​​​ថា​​ស្នេហា​គឺ​ជា​អ្វី?

​​​ហេតុ​ផល​មាន​​ច្រើន​​យ៉ាង​ណាស់ អ្នក​​អាច​នឹង​​​​​​ខ្វះ​ការ​រៀប​ចំ​​យក​ចិត្ត​ទុក​ដាក់ ខ្វះ​​​​ការ​លះ​បង់​ឲ្យ​គ្នា​ទៅវិញទៅមក ​មិន​​អាច​​​សម្របសម្រួល​​ពេល​នៅ​​​​​​​ជាមួយ​គ្នា​​។ អ្នក​​​​​​មាន​​គំនិត​រាក់​ពេក​​​​ចំពោះ​​​ស្នេហា គិត​ថា​​វា​​ងាយ​​ស្រួល​​គ្មាន​អ្វី​ពិបាក ​​ប៉ុន្តែ​​​ដល់​​ពេល​ជួប​​ឧបសគ្គ ​បែរ​​​​ជា​​សម្រេច​ចិត្ត​ចង់​​បោះ​​បង់​ចោល​កណ្តាល​​​ទី ​​​​មិន​​ចេះ​​ប្រឈម​​ឬ​ព្យាយាម​​​​​​រក​​វិធី​ល្អ​​ដើម្បី​ដោះ​ស្រាយ​ទេ។ ​អ្នក​​​មិន​អាច​​​ធ្វើ​​​​ឲ្យ​ស្នេហា​​រីក​​លូត​លាស់​ទៅ​មុខ​​បាន ថែម​ទាំង​​​​បណ្តោយ​ឲ្យ​​​​វា​ក្រៀម​​ស្វិត​ ស្លាប់​មុន​​អាយុ​កាល​ទៅ​ទៀត។

នេះ​​មិន​មែន​​​ហៅ​​​ថា​​​​​ស្នេហា​ទេ គ្រាន់​តែ​ជា​​អារម្មណ៍​​ដែល​​​​អ្នកមាន​លើ​គ្នា​មួយ​ឆាវ ដើម្បី​កែ​​ភាព​​ឯកា មាន​​​មនុស្ស​​​កំដរ​ នៅ​​ពេល​អ្នក​ទំនេរ​អផ្សុក​​ប៉ុណ្ណោះ ប៉ុន្តែ​​បើ​​​ឲ្យ​​យល់​​​ចិត្ត​គ្នា​​ច្បាស់​​ជ្រាល​​​​​​ជ្រៅ​នោះ​​គឺ​​គ្មាន​​​ទេ។ បើ​អ្នក​មាន​​ទំនាក់ទំនង​ជាមួយ​​នរណា​​ម្នាក់ ដើម្បី​​​​បំបាត់​ទុក្ខ ដើម្បី​​​​​​​​​​​​​​ជំនួស​​អ្វី​មួយ ឬ​​ក្នុង​​​ហេតុផល​ណា​​ផ្សេង​​ក្រៅ​​ពី​​ក្តី​​ស្រលាញ់​ ទោះ​​បី​ជា​​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​​​ច្រើន​​​យ៉ាង​ណា​​ ក៏​​​​​​​គ្មាន​​​ការ​ចងចាំ​​​​​​​និង​​​​មនោសញ្ចេតនា​អី​​ដែរ ជា​មូល​​​​ហេតុ​​​​​​ធ្វើ​​ឲ្យ​​​​​​​ស្នេហា​​ផុយ​មិន​​រឹង​មាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្ស​​ខ្លះ​​វិញ ងប់ងុល​​នឹង​​ទឹក​ប្រាក់​​ យសស័ក្ដិ សម្ភារ​និយម​​​​​ ​​ហើយ​គ្មាន​ពេល​​​សម្រាប់​ស្នេហា​​ពិត​ឡើយ មាន​​តែ​ពេល​សម្រាប់​​​ស្វែង​​រក​​អ្នក​ណា​ដែល​​​អាច​​បំពេញ​​តម្រូវ​ការ​​​របស់​​ខ្លួន​បាន។ ឯ​​អ្នក​​ខ្លះ​​ទៀត ​​​​រវល់​​​​ខ្វល់​​ខ្វាយ​​តែ​​ពី​​រឿង​​ការងារ ការ​​ប្រកួត​​ប្រជែង​​គ្នា ភាព​​ជោគជ័យ​ ​រវល់​​រហូត​​​​មិន​​អាច​​​បែង​​ចែក​​​​ពេល​វេលា​​សម្រាប់​​​​មនុស្ស​​សំខាន់​​នៅ​ក្បែរ​​​ខ្លួន។

អ្នក​​បាន​​ណាត់​ជួប​​មនុស្ស​ជា​ច្រើន ប៉ុន្តែ​​​​មិន​បាន​តាំង​​ចិត្ត​​​​ ថា​​ចង់​​​រស់​នៅ​​ជាមួយ​​គ្នា​អស់​មួយ​ជីវិត​​​ ព្រោះ​​​អ្នក​​​គ្មាន​ទំនុក​​ចិត្ត​​ចំពោះ​​ស្នេហា។ នេះ​មិន​មែន​ជា​កំហុស​​​របស់​អ្នក​​ទាំង​ស្រុង​ទេ ព្រោះ​​ពេល​​ខ្លះ​​​អ្នក​ធ្លាប់​​ជួប​​រឿង​​ឈឺ​​ចាប់​​ច្រើន​រាប់​មិន​អស់ ទើប​​​​​​​​​ធ្វើ​ឲ្យ​​​​​​បាត់​​​បង់​​​ជំនឿ​​​ចិត្ត​​​ ខ្វះ​ភាព​​តស៊ូ​​ ​​ដើម្បី​កាន់​​​ដៃ​​​​​បន្ត​​ដំណើរ​ទៅ​មុខ​ជាមួយ​គ្នា។

យ៉ាង​ណា​គួរ​​កុំ​​អស់​​សង្ឃឹម​​អី បើ​​ជួប​មនុស្ស​​ល្អ ពេញ​ចិត្ត​​ហើយ ត្រូវ​​ចេះ​​​​​បើក​ឱកាស​​ រៀន​សង្កេត​​​​​​​​ពី​គ្នា​ ប្រើ​​ក្តី​ស្រលាញ់​ដែល​​ខ្លួន​​​​មាន​​ចេញ​​ពី​​បេះដូង​​​​ពិត​។ កាល​​ណា​អ្នកមាន​ការ​​តាំង​​ចិត្ត​​ខ្ពស់​​មុះ​មុត ស្នេហា​​ក៏​​រឹង​​មាំ​​ទៅ​តាម​ហ្នឹង​ដែរ​ ​ដោយ​មិន​ប្រកាន់​​ថា​​សម័យ​កាល​ណា​ឡើយ ៕

​​​​​​​​ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម