បទពិសោធន៍​នារី​ផិត​ប្ដី​ម្នាក់ ដែល​ស្រី​ៗ​គួរ​អាន​យ៉ាង​ហោច​ម្ដង​ក្នុង​ជីវិត

  • 2018-09-20 03:18:06
  • ចំនួនមតិ 770 | ចំនួនចែករំលែក 3640

បើ​សិន​ជា​អ្នក​ជា​មនុស្ស​ស្រី គួរ​អាន​អត្ថបទ​នេះ​យ៉ាង​ហោច​ម្ដង កុំ​ឲ្យ​ស្ដាយ​ក្រោយ​ទៅ​ថ្ងៃ​អនាគត។ ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​លែង​យល់​ពី​ខ្លួន​ឯង មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ ថា​តើ​ខ្ញុំ​នៅ​ស្រលាញ់​ប្ដី​ខ្ញុំ​ឬ​អត់? ហេតុ​អ្វី​ប្ដី​ប្រពន្ធ​នៅ​ជាមួយ​គ្នា​យូរ​ឆ្នាំ ស្រាប់​តែ​ថ្ងៃ​មួយ​ខ្ញុំ​លែង​មាន​អារម្មណ៍​ថា​រីករាយ បេះដូង​រំជួល​ទៀត។

រូបតំណាង

ពួក​ខ្ញុំ​បាន​កាន់​ដៃ​គ្នា​កាត់​ព្យុះភ្លៀង​យ៉ាង​ច្រើន រវល់​រក​លុយ​យូរ ក៏​ភ្លេច​ស្រលាញ់​គ្នា យល់​ពី​គ្នា​ច្បាស់​ដល់​ថ្នាក់​ធុញ​ទ្រាន់។ ខ្ញុំ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់ ខាង​ក្រៅ​រឹងមាំ​ដល់​ថ្នាក់​ណា ក្នុង​រឿ​ង​ស្នេហា​ក៏​ត្រូវ​ការ​ឲ្យ​គេ​ថ្នាក់​ថ្នម។ តែ​ប្ដី​ខ្ញុំ​បែរ​ជា​គិត​ថា ភាព​រ៉ូមេនទិក​សម្រាប់​តែ​គូ​ស្នេហ៍​ទើប​ស្រលាញ់​គ្នា មិន​សម្រាប់​អ្នក​មាន​គ្រួសារ​ដូច​ខ្ញុំ។

ពេល​ខ្លះ​ ខ្ញុំស្រេក​ឃ្លាន​រង្វង់​ដៃមួយ ស្នាម​ថើប​មួយ​ក្នុង​ថ្ងៃ​អនុស្សាវរីយ៍​របស់​យើង​ទាំង២។ មិន​មែន​មក​ពី​បង​មិន​ចាំ តែ​បង​គិត​ថា​វា​មិន​សំខាន់ ហើយ​ខ្ញុំ​ក៏​មិន​ចាំ​ថា លើក​ចុង​ក្រោយ​ដែល​ពួក​យើង​ថើប​គ្នា​គឺ​នៅ​ពេល​ណា​ដែរ។

ខ្ញុំ​ជួប​បុរស​ម្នាក់​នោះ​ក្នុង​ពិធី​ជប់លៀង​តូច​មួយ។ បុរស​នោះ​ក៏​ដូច​ខ្ញុំ​ដែរ មាន​គ្រួសារ​រួច​ហើយ តែ​កែវ​ភ្នែក​ដែល​គេ​មើល​មក​ខ្ញុំ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ ធ្វើ​ឲ្យ​បេះដូង​ខ្ញុំ​លោត​ញាប់។ មនុស្ស្​ស្រីងាយ​ទន់​ចិត្ត​បំផុត នៅ​ពេល​ពួក​គេឯកា។ គេ​បាន​បង្ហាញ​ខ្លួន​នៅ​ពេល​ដែល​ខ្ញុំ​ខ្វះខាតមនោសញ្ចេតនា​បំផុត។ យប់​នោះ គេ​ជូន​ខ្ញុំ​មក​ផ្ទះ​វិញ ដោយ​ចត​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ ព្រោះ​ខ្លាច​ប្ដី​ខ្ញុំ​យល់​ច្រឡំ។

រឿង​អ្វី​ក៏​ដូច​គ្នា ឲ្យ​តែ​ចាប់ផ្ដើម​រលូន​ហើយ រឿង​បន្ត​ក៏​ស្រួល​ដែរ។ ពួក​ខ្ញុំ​ចាប់​ផ្ដើម​ផ្ញើសារ​ឲ្យ​គ្នា ណាត់​គ្នា​ញ៉ាំអី។ មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​នឹក​គ្នា​ស្ទើរ​ស្លាប់។ មិន​មែន​ថា​ ខ្ញុំ​មិន​ដែលមាន​អារម្មណ៍​បែប​នេះ​ជាមួយ​ប្ដី​ខ្ញុំ​ឡើយ តែ​វាបាន​បាត់​បង់​យូរ​ហើយ។ បុរស​ម្នាក់​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​មែន​ស្ត្រី​ណា​មាន​ប្ដី មាន​កូន​ក៏​លែង​មាន​តម្លៃ​នោះ​ដែរ គេ​ធ្វើ​ឲ្យ​ខ្ញុំ​​ស្រស់​បំព្រង​ឡើង​វិញ។

រូបតំណាង

ក្រោយ​ណាត់​គ្នា​បាន​មួយ​រយៈ គាត់​ក៏​សុំ​នាំ​ខ្ញុំ​ចូល​សណ្ឋាគារ។ ពេល​នោះ​គេ​មិន​បាន​បង្ខំ​ខ្ញុំ​ឡើយ តែ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង។ ក្រោយ​រួចរាល់​ហើយ ខ្ញុំ​សួរ​គេ​ថា៖

  • តើពួក​យើង​អាច​នៅ​ជាមួយ​គ្នា​រហូត​បាន​ទេ?

  • ពួក​យើង​សុទ្ធ​តែ​មាន​គ្រួសារអស់​ហើយ នៅ​បែប​នេះ​មិន​​ល្អជាង​ឬអូន?

  • ចឹង​បងលែង​ប្រពន្ធ អូន​លែង​ប្ដី យើង​នៅ​ក្បែរ​គ្នា​រហូត​បាន​ទេ?

ក្នុង​គ្រា​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​គេមើល​មក​ខ្ញុំ​ភ្ញាក់​ផ្អើល គេ​ចាប់​រ៉ាយរ៉ាប់​ហេតុផល​ចេញ​មក។ ហើយ​ពេល​នោះ​ដែរ ខ្ញុំ​ចាញ់​គេ​ហើយ ព្រោះ​ពួក​យើង​ក្បត់​គ្រួសារ​ដូច​គ្នា តែ​គេ​នៅ​គិត​ដល់​ប្រពន្ធ​គេ ឯ​ខ្ញុំ​បាន​ក្បត់​ប្ដី​ទាំង​ស្រុងហើយ។ ខ្ញុំ​ចេញ​ពី​សណ្ឋាគារ​ដោយ​គ្មាន​ពោលពាក្យ​អ្វី​មួយ​ម៉ាត់។

ខ្ញុំ​សុំ​ប្ដី​ទៅ​ផ្ទះ​ម្ដាយ​បង្កើត​២​ថ្ងៃ​ដើម្បី​ធ្វើ​អារម្មណ៍​ឡើង​វិញ។ ប្រាប់​ពី​ដំណើរ​រឿង​គ្រប់​យ៉ាង​ឲ្យ​ម៉ាក់​ដឹង។ ម៉ាក់​ប្រាប់​ថា៖

“ជីវិត​មនុស្ស​យើង​មិន​មែន​ប្រលោម​លោក​ស្នេហា​ឯណាកូន កូន​មិន​អាច​ទាមទារ​អ្វី​គ្រប់​យ៉ាង​ឲ្យ​ខ្លួន​ឯង​បាន​ទេ។ ប្ដី​កូន​ស្រលាញ់​កូន គឺ​នៅ​ក្បែរ​កូន​មួយ​ជីវិត។ ឯ​បុរស​ម្នាក់​នោះ ក៏​គ្រាន់​តែ​ជា​មនុស្ស​ជួប​កូន​តាម​ផ្លូវ​ប៉ុណ្ណោះ។ ប្ដី​កូន​មិន​ចំណាយ​ពេល​ច្រើន​សម្រាប់​កូន ព្រោះ​គេ​ចំណាយ​ពេល​ច្រើន​ពេក​សម្រាប់​គ្រួសារ​មួយ​នេះ​ហើយ។ ឯ​បុរស​នោះ ទោះ​ស្រលាញ់​កូន​ស្លាប់​រស់ ក៏​បាន​ត្រឹម​ថ្ងៃ​មួយ ថ្ងៃ​ពីរ​ប៉ុណ្ណោះ គេ​ដេក​ជាមួយ​កូនហើយ នឹង​បោះបង់​កូន​ចោល​ភ្លាម។ ទោះ​រក​ឯណា ក៏​កូន​មិន​អាច​រក​បាន​ប្ដី ដែល​ចេះ​ថ្នាក់​ថ្នម​ដូច​សហាយស្មន់​បាន​ដែរ។ មង្គលការ​គឺ​ជា​រឿង​សំខាន់​របស់​មនុស្ស​ស្រី មុន​ធ្វើ​អ្វីមួយ​ត្រូវ​គិត​ឲ្យ​ច្បាស់”។

ខ្ញុំ​បើក​ភ្នែក​ឡើង នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​បាន​ចាំង​ចូល​បន្ទប់​ទៅហើយ។ នៅ​លើ​ក្បាល​ដំណេក មាន​សំបុត្រ​មួយ​សន្លឹក​សរសេរ​ថា៖ “ឃើញ​ម៉ាក់​វា​ដេក​លក់​ស្រួល​ពេក បង​នាំ​កូន​ទៅ​ផ្ទះ​យាយ​វា​មុន ម៉ាក់​វា​ងើប​ឡើង កុំ​ភ្លេច​មក​តាម​ក្រោយ​ណា”។ មិន​ដឹង​ជា​ពេល​នោះ ទឹក​ភ្នែក​មក​ពី​ណា​ប្រដេញ​គ្នា​ហូរ​មិន​ឈប់។ ពេល​នេះ​ទើ​ប​ខ្ញុំ​ដឹង​ថា ទោះ​មិន​បង្ហាញ​ច្រើន តែ​ប្ដី​ទើប​ជា​អ្នក​ដែល​ស្រលាញ់​ខ្ញុំ​ជាង​គេ។ ឲ្យ​ខ្ញុំ​សូមទោស​ផង​ដែល​បាន​ប្រព្រឹត្ត​គ្មាន​កេរ្តិ៍​ខ្មាស​នេះ៕

ចុចអាន៖

ប្រភព៖ myeva ប្រែសម្រួល៖ Caramel