១៨ឆ្នាំហើយ បើចង់បានជីវិតឯករាជ្យ មិនពឹងគ្រួសារ ត្រូវសួរខ្លួនឯង ៥សំណួរជាមុន

  • 2018-09-19 04:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​ជីវិតឯករាជ្យ ដោយមិនពឹងពាក់គ្រួសារ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​។ ទន្ទឹមនឹងនេះ ​យុវជន​មួយ​ចំនួន​ទើប​តែ​ចប់​បាក់ឌុប​ថ្មីថ្មោង​ កំពុង​តែ​រៀប​បង្វេច​ចេញ​ពី​ស្រុក​កំណើត​ មក​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ ឯ​អ្នក​ខ្លះ​ មិន​ត្រូវ​បាន​គ្រួសារ​អនុញ្ញាត ​ព្រោះ​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់។ តើ​មាន​វិធីសាស្ត្រ​ដូចម្ដេច​ ទើប​អាចបន្ទន់​ឪពុកម្ដាយ ឲ្យ​ដោះលែង​អ្នក​រស់នៅ​ជីវិត​ផ្ទាល់ខ្លួន? ​តោះ​មក​ដឹង​ ៥សំណួរ​ ជាមុនសិន ដែល​នេះជា​បទពិសោធន៍​របស់​យុវតី ស៊ុន ស៊ីណាវីន មក​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ជា​បុគ្គលិក​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​មួយ​។​​​​​

១. តើ​គោលដៅ​ជីវិត​របស់​អ្នក​ជា​អ្វី?

​ត្រូវ​កំណត់​គោលដៅ​​ឱ្យ​ជាក់លាក់​ និង​ប្រាកដ​ប្រជា​ថា​ចង់​ក្លាយ​ជា​អ្វី​ ហើយ​សមត្ថភាព ឬ​អំណោយ​ផល​ពី​ធម្មជាតិ​អាច​ធ្វើ​អ្វី​បាន​។ ​ដូច្នេះ​ត្រូវ​កំណត់​គោល​ដៅ​នោះ​ឱ្យ​ស្រប​ទៅ​តាម​អ្វី​ដែល​ខ្លួន​ឯង​មាន​។ ងាក​មក​ ណាវីន​ ជា​កូនស្រី​អ្នក​លក់​​ចាបហ៊ួយ​ម្នាក់​ ​មាន​មហិច្ឆតា​ធំ ​ចង់​ក្លាយ​អ្នក​ជំនួញ​ម្នាក់​នៅ​ថ្ងៃ​អនាគត​។ អ្វី​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ចាក​ចេញ​ពី​​ជា​បន្ទុក​គ្រួសារ​​​ ព្រោះ​គិត​ថា​ ១៨ឆ្នាំ​ គឺ​ល្មម​អាច​ធ្វើ និង​រក​អ្វី​ថ្មីៗ ​និង​រស់​នៅ​ដោយ​ឯករាជ្យ​ផ្ទាល់​ខ្លួន​។​​​​​​​​

រូបតំណាង

**២. កំណត់​ចំណុច​ខ្លាំង​ និង​ខ្សោយ​របស់​អ្នក?**

ទន្ទឹម​នឹង​កំណត់​គោលដៅ​ហើយ ត្រូវ​វិភាគ​មើល​ទៀត​ថា តើ​កាលៈទេសៈ​បច្ចុប្បន្ន​គោលដៅ​ដែល​កំណត់​នោះ​អាច​ទៅ​រួច​ដែរ​ឬ​ទេ? ​បន្ទាប់​មក​ត្រូវ​រក​ដំណោះ​ស្រាយ​ឧបសគ្គ​ជុំវិញ​ខ្លួន​រួច​បន្ត​ជំហាន​ទៅ​មុខ​ទៀត​។ ជាក់ស្ដែង​ចំណុច​ខ្លាំង​​ ណាវីន​ ជា​យុវតី​ស្អាត​ និង​​ពូកែ​សម្ដី តែ​ចំណុច​ខ្សោយ​គឺ​ខ្វះ​ជំនាញ​និយាយ​ភាសាបរទេស​។ នៅ​ពេល​យប់​ ណាវីន​ រៀន​ភាសា​អង់គ្លេស​ខ្លួន​ឯង​ ក្នុង១ថ្ងៃ​២ម៉ោង​ និង​នាង​ក៏​មាន​គម្រោង​រៀន​ភាសា​ចិន​បន្ថែម​ទៀត​ផង​ដែរ​។​​​​

៣. តើ​មាន​ដំណោះស្រាយ​អ្វី ពេល​ដាច់​លុយ?

បើទោះបីមានការងារ មានប្រាក់ខែក៏ដោយ ក៏មានពេល​ដាច់​លុយ​ចាយ​ម្ដង​ៗដែរ។ វាមិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ សូម្បី​តែ​បើក​ទូសព្ទ​ឃើញ​របស់​ញ៉ាំ​ និង​របស់​ខ្លួន​ស្រឡាញ់​ក៏ចង់​ស្រក់​ទឹក​ភ្នែក​ដែរ។​ អ៊ីចឹង​តើ​គួរ​ធ្វើ​ដូចម្ដេច? ជា​បទ​ពិសោធន៍​ផ្ទាល់​របស់​យុវតី​ ណាវីន ទើប​ឡើង​មក​ភ្នំពេញ​ជិត១ឆ្នាំ ប្រាប់​ថា ដំបូង​មិន​ត្រូវ​បញ្ចូល​ទូរសព្ទ​ ហើយ​ទូរសព្ទ​មិន​ត្រូវ​ភ្ជាប់​អ៊ីន​ធើណេត​ ឬwifi នោះ​ទេ។ ធ្វើ​ដូចនេះ​ ណាវីន អាច​ទប់​អារម្មណ៍​ចង់​បានអ្វី​ផ្ដេសផ្ដាស​ ខណៈ​ពេល​ដាច់​លុយ​ឡើយ​។​​​​

រូបតំណាង

៤. តើ​អាច​ធ្វើ​ម្ហូប​ញ៉ាំ​បាន​ខ្លួន​ឯង​បាន​ឬ​អត់​?

ជា​ការ​ពិត​ នៅ​ពេល​នៅ​ជាមួយ​ឪពុក​ម្ដាយ​ អ្នកណា​ក៏​ដូច​អ្នកណា​ គឺ​មាន​អាហារ​៣​ពេល​ស្រាប់​មិន​ភ័យ​ដាច់​ពោះ​ តែ​មក​រស់​នៅ​ខ្លួន​ឯង​ បើ​ហ៊ាន​ខ្ជិល​ដឹង​តែ មី ឬ​ពង​ទា​ចៀន​ហើយ​។ ​ហេតុ​នេះ ​មិន​ថា​ប្រុស ឬ​ស្រី ​ការ​បង្វឹក​ខ្លួន​ឲ្យ​ចេះ​ធ្វើ​ម្ហូប​ជា​ដំណោះស្រាយ​ល្អ​បំផុត។ ​​

៥. អ្នកណា ដែល​គួរ​សេពគប់?

ការ​រាប់អាន​មនុស្ស​ម្នាក់ៗ​ធ្វើ​ជា​មិត្ត​ឲ្យ​មាន​តម្លៃ​​ គួរ​សង្កេត​អាកប្បកិរិយា ​និង​ចិត្ត​​គំនិត​របស់​គេ​ឲ្យបាន​ល្អិតល្អន់។ ដូច​ពាក្យ​ចាស់​ពោល​ថា សេព​គប់​ពាល​ នាំ​ទៅ​រក​ផ្លូវ​ពាល! សេព​គប់​បណ្ឌិត ​នាំ​ទៅ​រក​ផ្លូវ​ក្លាយ​ជា​បណ្ឌិត! សេព​គប់​សេដ្ឋី​ នាំ​ទៅ​រក​ផ្លូវ​ក្លាយ​ជា​សេដ្ឋី! ចុះ​ធ្វើ​បែប​ណា ទើប​រក​មិត្ត​ដែល​គួរ​រាប់​អាន​ មិន​ខក​បំណង​មួយ​ជីវិត។ មានមិត្ត ៦ប្រភេទនេះដូចមានថ្នាំទិព្វក្នុងដៃ រាប់អានចុះមិនខុសបំណងមួយជីវិត ៕

ចុចអាន៖សកម្មភាពសាមញ្ញ​ៗ​ ដែល​​មនុស្ស​ស្រី​​​​ដ៏​ល្អ​ ​និងរឹង​មាំម្នាក់​​ធ្វើ​ជា​ប្រចាំ​

ប្រភព៖ sabaynews អត្ថបទ៖ ស៊ិន សាវ៉េត