បុរស​គ្រោះថ្នាក់​ ៥​ប្រភេទ​ដែល​នារី​មិន​គួរ​យក​ជា​គូ​ជីវិត ទោះ​​សង្ហា​​យ៉ាង​ណា​ក៏​ដោយ

  • 2018-09-19 23:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​សម្រេច​ចិត្ត​មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជាមួយ​​បុរស​ណា​ម្នាក់ អ្នក​គួរ​ស្វែង​យល់​ពី​គេ​ឲ្យ​បាន​ល្អ​សិន ជា​​ពិសេស​នៅ​ពេល​ណា​ដែល​ដឹង​ថា​គេ​មាន​៦​ចំណុច​ខាង​ក្រោម​នេះ សូម​ប្រញាប់​ដក​ខ្លួន បើ​អ្នក​ចង់​បាន​សុភមង្គល​ពិត​ប្រាកដ​ ជា​ជាង​សុភមង្គល​ក្លែងក្លាយ​ទៅ​អនាគត។ ចង់​ដឹង​ថា​៦​ចំណុច​នោះ​មាន​អ្វី​ខ្លះ​សូម​តាមដាន​ជាមួយ កញ្ញា ទាំងអស់​គ្នា៖  

១. មិន​ឲ្យ​តម្លៃ​ដៃ​គូ

រូបតំណាង

ការ​ផ្ដល់​កិត្តិយស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ជីវិត​ស្នេហា។ បើ​គេ​​ធ្វើ​អ្វី​តែង​តែ​គិត​ពី​អារម្មណ៍ ឬ​តម្រូវ​ការ​របស់​អ្នក មិន​មើល​ងាយ​អ្នក មិន​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ ទាំង​​នៅ​ពី​មុខ និង​ពី​ក្រោយ​ខ្នង​នោះ​​មាន​ន័យ​ថា​អ្នក​មាន​សំណាង​ហើយ តែ​បើ​គេ​គ្មាន​ចំណុច​ទាំង​អស់​នេះ​ទេ​នោះ នឹង​អាច​ចាត់​ចូល​ជា​ប្រភេទ​គ្រោះថ្នាក់។  

២. មាន​ចរិត​ព្រាន

រូបតំណាង

បើ​អ្នក​ស្រឡាញ់​បុរស​សង្ហា ឬ​សម្បូរ​មន្ត​ស្នេហ៍ ក៏​ត្រូវ​កុំ​ភ្លេច​​ដូច​គ្នា​ថា​បុរស​ប្រភេទ​នេះ​ហើយ​ដែល​ជា​មុខ​សញ្ញា​ព្រាន​នារី​ច្រើន។ បើ​គេ​ល្អ​ជាមួយ​អ្នក​តែ​ម្នាក់​មិន​អី​ទេ ប៉ុន្តែ​បើ​គេ​បញ្ចេញ​ចរិត​ព្រាន​ញ៉ែ​ស្រី​ផ្សេង ឬ​លួច​មាន​ស្រី​ផ្សេង​ទាំង​កំពុង​ទាក់ទង​​អ្នក ម្ដង​ហើយ​ម្ដង​ទៀត អ្នក​គួរ​ដក​ខ្លួន​ជា​ប្រញាប់ ព្រោះ​​បុរស​បែប​នេះ​នឹង​មិន​អាចឲ្យ​ជីវិត​អ្នក​មាន​ភាព​ស្ងប់​សុខ​ស្រួល​នោះ​ឡើយ ព្រោះ​ត្រូវ​តាម​បារម្ភ​មុខ​ក្រោយ​ ខ្លាច​គេ​មាន​ស្រី។ ដូច្នេះ​ហើយ​គួរ​ស្រឡាញ់​បុរស​ចិត្ត​មួយ​ថ្លើម​មួយ​ទៅ​ប្រសើរ​ជាង។  

៣. គ្មាន​គោលដៅ និង​ទំនួល​ខុស​ត្រូវ​​ក្នុង​ជីវិត

រូបតំណាង

មនុស្ស​គ្រប់​គ្នា​គួរ​តែ​មាន​គោលដៅ​ក្នុង​ជីវិត​​​ស្រាប់​ទៅ​ហើយ មិន​មែន​​តែ​បុរស​ដែល​យើង​កំពុង​សេពគប់ ប៉ុន្តែ​ខ្លួន​យើង​ក៏​ត្រូវ​មាន​ដូច​គ្នា។ ការ​កំណត់​គោលដៅ​ក្នុង​ជីវិត​ច្បាស់​លាស់​នឹង​ជួយ​ឲ្យ​យើង​​អាច​រៀប​ចំ​ដំណើរ​ជីវិត​ដោយ​មាន​បែបផែន​ត្រឹមត្រូវ និង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ។ ​គោលដៅ​ក្នុង​ជីវិត​គ្រួសារ​ក៏​សំខាន់​ដែរ បើ​សិន​ជា​អាច​​អ្នក​ទាំង​ពីរ​គួរ​តែ​មាន​គោលដៅ​ដូច​គ្នា​ក្នុង​រៀប​ចំ​ផែនការ​គ្រួសារ ពុំ​ដូច្នោះ​ទេ នឹង​ពិបាក​ស្វែង​រក​សុភមង្គល។  

៤. ចូលចិត្ត​ប្រើ​​ហិង្សា

រូបតំណាង

មនុស្ស​ស្រី​គឺ​ជា​ភេទ​ដែល​មាន​ធម្មជាតិ​ទន់ភ្លន់ ដូច្នេះ​គួរ​តែ​​ទទួល​បាន​ការ​ថ្នាក់ថ្នម មិន​មែន​សម្រាប់​ឲ្យ​បុរស​មក​វាយ ដំ ច្រំ ធាក់​​នោះ​ឡើយ។ បើ​ដឹង​ហើយ​ថា​​មនុស្ស​ដែល​អ្នក​កំពុង​ស្រឡាញ់​ចូលចិត្ត​ប្រើ​កម្លាំងបាយ​ដាក់​អ្នក​ អ្នក​គួរ​តែ​ប្រញាប់​ដក​ខ្លួន​វិញ​ល្អ​ជាង ពុំ​ដូច្នោះ​ទេ​​អ្នក​នឹង​ត្រូវ​រស់​នៅ​ជាមួយ​​ការ​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត។

៥. បុរស​ញៀន​ល្បែង

រូបតំណាង

“ល្បែង​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ក្លាយ​ជា​មាន​ទេ” តែ​ក៏​មាន​មនុស្ស​មិន​តិច​ដែរ​ដែល​រំពឹង​ថា​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​ល្បែង ហើយ​ល្បែង​ដែល​ធ្វើ​ឲ្យ​បុរស​សម័យ​នេះ​ងប់ងុល​ជាង​គេ​គឺ​ការ​ភ្នាល់​បាល់​​ ជា​ពិសេស​ក្នុង​រដូវ​កាល​បាល់​ទាត់​ពិភពលោក​តែ​ម្ដង។ បុរស​ដែល​វក់​នឹង​ល្បែង​ដល់​ថ្នាក់​ងើប​មុខ​មិន​រួច​ហើយ នឹង​អាច​នាំ​រឿង​ក្ដៅ​ក្រហាយ​ច្រើន​ដល់​អ្នក​ទៅ​អនាគត បើ​សិន​ជា​អ្នក​សម្រេច​រួម​ជីវិត​ជាមួយ​គេ។  

យ៉ាង​ណា​ក៏​ដោយ ពេល​ខ្លះ​យើង​​​មិន​អាច​សំឡឹង​មើល​​តែ​លើ​ភាគី​ម្ខាង​ៗ​ឡើយ ព្រោះ​ខ្លួន​យើង​ក៏​គួរ​ត្រលប់​មក​មើល​ខ្លួន​យើង​វិញ​ដូច​គ្នា ថា​តើ​ខ្លួន​យើង​ល្អ​គ្រប់គ្រាន់​​សក្ដិសម​នឹង​បុរស​ល្អ​ដែលយើង​ចង់​បាន​ហើយ​ឬ​នៅ?

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម