ទម្លាប់​ចាយ​វាយ​អាក្រក់​ៗ​គួរ​បោះបង់​​មុន​អាយុ​៣០ បើ​មិន​ចង់​ដាច់​បាយ​រាល់​ចុង​ខែ

  • 2018-09-15 05:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

៣០​ឆ្នាំ​គឺ​ជា​វ័យ​ដែល​​មិន​សប្បាយ​សម្រាប់​មនុស្ស​ភាគ​ច្រើន ត្បិត​វា​លែង​ជា​អាយុ​ដែល​យើង​អាច​រស់​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ​ទៀត​ហើយ តែ​តម្រូវ​ឲ្យ​ត្រូវ​គិត​វែង​ឆ្ងាយ។ ដើម្បី​ឲ្យ​ជីវិត​នៅ​ពេល​វ័យ​៣០​បាន​សុខដុមរមនា ត្រូវ​បោះបង់​ទម្លាប់​ចាយវាយ​ដូច​ខាង​ក្រោម​នេះ​កាន់​តែ​ឆាប់​ កាន់​តែ​ល្អ។

១. ទិញ​អីវ៉ាន់​រំដោះ​ទុក្ខ

តាម​ការ​ពិសោធន៍​របស់​អ្នក​វិទ្យាសាស្ត្រ ការ​ទិញ​ទំនិញ​ពិត​ជា​ជួយ​ឲ្យ​អារម្មណ៍​មនុស្ស​ស្រស់ស្រាយ​ជាង​មុ​ន​មែន ជាពិសេស​ពេល​​​ពិបាក​ចិត្ត។ យ៉ាងណាក្ដី ទម្លាប់​នេះ​ក៏​ធ្វើ​ឲ្យ​គណនី​ធនាគារ​របស់​លោក​អ្នក​ស្រែក​ក្ដែង​ៗ​នៅ​ចុង​ខែ​ផង​ដែរ ព្រោះ​វា​គ្មាន​សេសសល់​អ្វី ក្រោយ​អ្នក​រំដោះ​ទុក្ខ​ឡើយ។

២. គិត​ថា​បណ្ណ​ឥណទាន​ថា​ជា​លុយ​របស់​ខ្លួន

បណ្ណ​ឥណទាន​របស់​ធនាគារ​អាច​ឲ្យ​យើង​​ប្រើ​លុយ​សិន​ រួច​ចាំ​សង​លុយ​ក្រោយ​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ។ អ្នក​ខ្លះ​សប្បាយ​ឆូត​កាត​ពេក មិន​ដឹង​ថា​ខ្លួន​កំពុង​ប្រើ​កាត​ទាំង​លុយ​ខ្លួន​កំពុង​អវិជ្ជមាន​ឡើយ។ ដល់​ពេល​ចាយ​ហើយ ត្រូវ​រក​លុយ​សង​គេ​វិញ​រាប់​ខែ ឬ​រាប់​ឆ្នាំ​មិន​ទាន់​អស់​ផង។

៣. ដើរ​លេង​មិន​ឡើង​គម្រោង​មុន

ទោះ​ដឹង​ថា បើ​ដើរ​លេង​គិត​លុយ​ច្រើន​ពេក ពិត​ជា​មិន​សូវ​សប្បាយ​ឡើយ តែ​បើ​អ្នក​គ្មាន​គម្រោង​ច្បាស់​លាស់​​​ទេ នោះ​ពេល​មក​វិញ​ប្រាកដ​ជា​ហូប​សៀង​មិន​ខាន។ ដូច​នេះ​ មុន​ពេល​សម្រេច​ចិត្ត​ចេញ​ដំណើរ គួរ​រៀប​គម្រោង​ឲ្យ​បាន​លម្អិត។

៤. ទិញ​ទំនិញ​រាយ​ច្រើន​ពេក

ច្បាស់​ណាស់​នៅ​ពេល​យើង​ទិញ​ទំនិញ​រាយ នឹង​ត្រូវ​ចាយ​លុយ​តិច​ជា​ពេល​យើង​ទិញ​ដុំ យ៉ាងណាក្ដី បើ​យើង​ទិញ​រាយ​ច្រើន​ដង ជំនួស​ឲ្យ​ការ​ដុំ​តែ​ម្ដង យើង​នឹង​ត្រូវ​ចាយ​លុយ​​ច្រើន​ណាស់។ ដូច​នេះ គួរ​ប្ដូរ​ទម្លាប់​ទិញ​រាយ​ទំនិញ​ដែល​ត្រូវ​ប្រើ​ប្រចាំ​ថ្ងៃ មក​ទិញ​ដុំ​វិញ ដូ​ច​ជា​ក្រដាស​អនាម័យ ថ្នាំ​ដុះ​ធ្មេញ និងសាប៊ូ​កក់​សក់​ជា​ដើម។

ចុចអាន៖ ស្រីៗ​ចូលចិត្ត​ដើរ​ផ្សារ មានជំងឺចង់ចាយលុយ?

៥. មិន​ហ៊ាន​ត​ថ្លៃ

លើក​លែង​តែ​ផ្សារ​ទំនើប​ដែល​មាន​បិទ​តម្លៃ​ស្រាប់ ក្រៅ​ពី​នោះ​គឺ​អ្នក​អាច​ត​ថ្លៃ​បាន​ទាំង​អស់ តាំង​ពី​ទិញ​ខោអាវ រហូត​ដល់​បន្លែ ត្រី​ សាច់។ គ្មានអ្វី​គួរ​ឲ្យ​ខ្មាស​អៀន​នោះ​ឡើយ ព្រោះ​បើ​ត្រូវ​ថ្លៃ​គ្នា​ទើប​លក់ យើង​មិន​បាន​បង្ខំ​គេ​ឲ្យ​លក់​ទាំង​ខាត​នោះ​ឡើយ។

៦. ផឹក​ស្រា ជក់​បារី ញ៉ាំ​ម្ហូប​ស្រាប់

ការ​ស្រង់​មតិ​មួយ​របស់​អាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុង​មួយ​​ឆ្នាំៗ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ផឹក​ស្រា ជក់បារី និង​ញាំ​ម្ហូប​ខាង​ក្រៅ គឺ​ត្រូវ​ចំណាយ​លើស​អ្នក​មិន​ផឹក​ស្រា ជក់​បារី និង​ញ៉ាំ​នៅ​ផ្ទះ​ដល់​ទៅ​៥​ពាន់​ដុល្លារ។ ដូច​នេះ​បើ​អ្នក​ចង់​សន្សំ​បាន​លុយ​ប៉ុន​នេះ ក្នុង​មួយ​ឆ្នាំ គឺ​ត្រូវ​តែ​ចោល​ទម្លាប់​នេះ៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម