អ្នក​​ដណ្ដើម​​ប្ដី​​ប្រពន្ធ​​គេ​ប្រយ័ត្ន! កម្មពៀរ​ទាំង​នេះ​នឹង​​កើត​មាន​នៅ​ជាតិ​ហ្នឹង​មិន​ចាំ​ជាតិ​ណា

  • 2018-09-14 04:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាប​កម្ម អ្នក​ណា​ថា​ចាំ​ដល់​ជាតិ​ក្រោយ​ទើប​ឃើញ? សម័យ​នេះ មិន​ថា​អ្នក​ធ្វើ​អ្វី ត្រឹម​ជាតិ​នេះ​ប៉ុណ្ណោះ អ្នក​នឹង​បាន​ឃើញ​កម្មពៀរ​ដាក់​ទោស ជា​ពិសេស​កម្មពៀរ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រព្រឹត្ត​ខុស​សីលប្រាំ​ទី​៣ “កាមេសុ មិច្ឆាចារា” ដែល​ជា​ជន​ល្មើស​ក្នុង​កាម ចូល​ចិត្ត​ប្រឡូកប្រឡាក់​ប្ដី ឬ​ប្រពន្ធ​​អ្នក​ដទៃ។

​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ​មាន​វិធី​​​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​មិន​ថា​ប្រុស​ ឬ​ស្រី​អាច​ក្បត់​ចិត្ត​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ងាយ។ មនុស្ស​មួយ​ចំនួន​ហាក់​ចាត់​ទុក​ថា នេះ​គឺ​ជា​ក្ដី​សុខ​ដែល​អ្នក​ណា​ៗ​ក៏​ប្រព្រឹត្ត ប៉ុន្តែ​ដឹង​ទេ​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​របស់​មនុស្ស​ដែល​កម្មពៀរ​នឹង​ជម្រះ​បញ្ជី​ហើយ។

រូបតំណាង

*សីលប្រាំ​ចំណុច​ទី​៣​នេះ​សំដៅ​លើ​អ្វី?*

“កាមេសុ មិច្ឆាចារា វេរមណី” សំដៅ​លើ​ការ​ល្មើស ប្រព្រឹត្ត​ខុស​ឆ្គង​ក្នុង​ផ្លូវ​កាម។ អង្គប្រកប​ដែល​អាច​កាត់​សេចក្ដី​ថា​នរណា​ម្នាក់​ធ្វើ​ខុស​ចំណុច​នេះ​មាន​ដូច​ខាង​ក្រោម៖

១. មាន​ចិត្ត​ប្រព្រឹត្ត​បំពាន ក៏​ខុស​បាត់​ទៅ​ហើយ។

២. មាន​ការ​ព្យាយាម បញ្ចេញ​សកម្មភាព ដូច​ជា​ព្យាយាម​ចូល​ទៅ​ជិត ព្យាយាម​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ ដោយ​មិន​ខ្វល់​ថា​គេ​មាន​ប្ដី ឬ​ប្រពន្ធ​រួច​ហើយ​ក៏​ដោយ។

៣. បាន​ប្រព្រឹត្ត​ល្មើស​ដូច​ប្រាថ្នា ដោយ​រាប់​ទាំង​ការ​ប្រព្រឹត្ត​ល្មើស​ផ្លូវ​ភេទ និង​ការ​បំពាន​រាងកាយ​ផ្សេង​ៗ។ ភាគ​ច្រើន​ពេល​និយាយ​ដល់​ការ​ប្រព្រឹត្ត​ខុស​សីល​នេះ មនុស្ស​ភាគ​ច្រើន​នឹង​នឹក​ដល់​​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អំពើ​ស្មោកគ្រោក ដែល​សង្គម​ទូទៅ​មិន​ទទួល​ស្គាល់។

អ្នក​ដែល​លួចលាក់​ប្រព្រឹត្ត​រឿង​អកុសល​បែប​នេះ នឹង​ត្រូវ​ទទួល​បាន​ផល​តបស្នង​ក្នុង​ជាតិ​នេះ ដូច​ជា៖

១. មាន​អ្នក​ស្អប់​ខ្ពើម​ច្រើន ព្រោះ​ប្រព្រឹត្ត​ទង្វើ​ខុស​ឆ្គង​ជាមួយ​ប្ដី​ប្រពន្ធ​គេ បង្ក​កំហឹង​ដល់​ភាគី​​រងគ្រោះ ធ្វើ​ឲ្យ​ខ្លួន​មាន​សត្រូវ​ និង​អ្នក​ស្អប់​កាន់​តែ​ច្រើន។

២. មាន​អ្នក​ប៉ង​ធ្វើ​បាប ព្រោះ​ធ្លាប់​កសាង​សត្រូវ បង្ក​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ខឹង និង​ព្យាយាម​ស្វែង​រក​វិធី​ធ្វើ​បាប ដូច​ជា​មាន​ឃើញ​ច្រើន​តាម​ព័ត៌មាន​នានា។

៣. ធ្លាក់​ខ្លួន បាត់បង់​ទ្រព្យសម្បត្តិ មិន​ថា​ធ្វើ​អ្វី​ក៏​មាន​តែ​ខាត​បង់ ដោយ​សារ​ទង្វើ​ដែល​មិន​ចេះ​ស្កប់ស្កល់ មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន (ប្ដី ប្រពន្ធ​ខ្លួន​ឯង) និង​បង្ក​បញ្ហា​ដល់​អ្នក​ជុំវិញ​ខ្លួន។

៤. ពោរពេញ​ដោយ​ទុក្ខ ព្រោះ​ការ​ព្យាយាម​បិទបាំង​ទង្វើ​ដែល​ខ្លួន​ប្រព្រឹត្ត ខ្លាច​ថា​អ្នក​ដទៃ​ដឹង​រឿង​របស់​ខ្លួន ដូច្នេះ​ហើយ​មិន​អាច​រស់​នៅ​ដោយ​មាន​ក្ដី​សុខ​ក្នុង​ចិត្ត​បាន​ឡើយ។

រូបតំណាង

ចំណែក​កម្មពៀរ​ដែល​ត្រូវ​ទទួល​ក្រោយ​ពេល​ស្លាប់ គឺ​គ្មាន​អ្វី​ក្រៅ​ពី “នរក” នោះ​ទេ ហើយ​នៅ​ពេល​ចាប់​ជាតិ​ជា​ថ្មី ក៏​​អាច​មិន​មាន​ជីវិត​រស់​នៅ​ស្រួល ព្រោះ​​ត្រូវ​ដោះ​បំណុល​កម្ម​ដែល​ខ្លួន​បាន​សាង​ ដែល​កម្ម​ពៀរ​អាច​មាន​ដូច​ជា ជួប​ស្នេហា​មិន​សម​បំណង ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ក៏​ត្រូវ​គេ​ដណ្ដើម​យក ឬ​ក៏​ក្លាយ​ជា​ប្រពន្ធ​ចុង​របស់​គេ​ជាដើម។

អ្នក​ដែល​កំពុង​ប្រព្រឹត្ត​ ហើយ​មាន​ឱកាស​បាន​អាន​អត្ថបទ​នេះ គួរ​តែ​បញ្ឈប់​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ទៅ។ អ្នក​អាច​កំពុង​មាន​ក្ដី​សុខ​ជាមួយ​វា ប៉ុន្តែ​ជឿ​ទៅ ក្ដី​សុខ​នោះ​វា​មិន​មែន​ក្ដី​សុខ​ស្ថិតស្ថេរ​ទេ ថ្ងៃ​នេះ​អ្នក​បាន​គេ​មក​គ្រប់គ្រង​ដូច​ចិត្ត ប៉ុន្តែ​កុំ​ភ្លេច​ថា ថ្ងៃ​ខាង​មុខ​អ្នក​ក៏​មាន​ឱកាស​បាត់បង់​គេ​វិញ​ដោយ​ការ​ឈឺ​ចាប់​ដូច​គ្នា ៕

ចុចអាន៖

ប្រភព៖ jitsook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម