ចង់ក្លាយជាស្រ្តីខ្លាំង​រកស៊ីមិនចាញ់បុរស មិនសំខាន់​លើ​ដើម​ទុន តែត្រូវ​ហ៊ានគិត និងហ៊ានធ្វើ

  • 2018-09-13 10:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 584

ចន្លោះមិនឃើញ

សន្និបាទ SHE ប្រចាំឆ្នាំ២០១៨ ក្រោមប្រធានបទស្តីអំពី “ការវិនិយោគជាមួយស្ត្រីប្រៀបនឹងដំណក់ទឹក” ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី១៣ ខែកញ្ញ ឆ្នាំ២០១៨ ក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង​ឱ្យ​សហគ្រិនស្រ្តីគ្រប់រូបបានជួបពិភាក្សាគ្នា ចែករំលែកបទពិសោធន៌ បង្កើនទំនាក់ទំនងជាមួយនឹងសហគ្រិនថ្មីៗ ឫបង្កើនដៃគូពាណិជ្ជកម្មជាដើម។

អ្នកស្រី Johnan ជាស្ថាបនិកនៃក្រុមហ៊ុន Eco Great Mekong Solutions និងជាគណៈកម្មការកាត់សេចក្តី​ក្នុងកម្មវិធីប្រកួត ឡើងថ្លែងសន្ទរកថាខ្លីស្តីពីការចាប់ផ្តើមអាជីវកម្មខ្នាតតូចនិងមធ្យមរបស់សហគ្រិនស្រ្តីខ្មែរ បានប្រាប់មកកាន់ កញ្ញា ថា “ភាគច្រើនស្រ្តីស្ទាក់ស្ទើរខ្លាចភាពបរាជ័យពេលចង់ធ្វើអ្វីមួយ ឬបារម្ភពីឧបសគ្គដែលត្រូវជួបប្រទះ ប៉ុន្តែវាផ្ទុយស្រលះពីអ្វីដែលអ្នកបានគិត ដោយសារតែសព្វថ្ងៃនេះ ស្រ្តីត្រូវបានគេឲ្យតម្លៃនិងគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ ព្រមទាំងមានអង្គការនិងកម្មវិធីជាច្រើន ដែលព្យាយាមជួយពង្រឹងសហគ្រិនស្ត្រី ហេតុនេះហើយឲ្យតែស្រ្តី ចេះបញ្ចេញគំនិតយោបល់ដើម្បីរកជំនួយ ចូលរួមកម្មវិធីសង្គម ប្ដេជ្ញាចិត្ត ហ៊ានគិតហ៊ានធ្វើ នោះអ្នកនឹងទទួលបានលទ្ធផល ទោះបីតិចឬច្រើន អាស្រ័យទៅលើការតាំងចិត្តរៀងៗខ្លួន។”

ម្យ៉ាងវិញទៀតការបង្កើតអាជីវកម្មអ្វីមួយ មិនមែនត្រូវផ្តោតលើការចំណាយដើមទុនតែមួយមុខនោះទេ សំខាន់អ្នកមានគំនិតច្នៃប្រឌិត មានផែនការច្បាស់លាស់ ដឹងពីតម្រូវការទីផ្សារ និងការចាប់ផ្តើមពីតូចទៅធំ។

ស្ថាបនិកវ័យ៣៥ឆ្នាំរូបនេះ មានសារដ៏ខ្លីសំខាន់មួយចង់ផ្តាំទៅមនុស្សស្រីទាំងអស់គ្នាឲ្យបានដឹងថា “បើចង់រកស៊ី ត្រូវហ៊ានបោះជំហានចេញមកខាងក្រៅ ជំហានទី១របស់​អ្នកនឹងធ្វើ​ឱ្យ​អ្នក​ដឹង! គូរចាប់ផ្តើមឥលូវនេះ មិនសាកមិនដឹង”៕

ចុចអានបន្ត៖


អត្ថបទ៖ ដេត ឈុនអីុ