ស្រឡាញ់​ប៉ះ​ចំ​មនុស្ស​ប្រុសខុស ជាតិនេះមនុស្ស​ស្រីគ្មាន​ថ្ងៃ​ស្គាល់​សុភមង្គល​ឡើយ

  • 2018-09-13 04:48:14
  • ចំនួនមតិ 4 | ចំនួនចែករំលែក 2680

ចន្លោះមិនឃើញ

មិត្តភក្តិ​ខ្ញុំ​សួរ​ខ្ញុំ​ជា​បន្ត​បន្ទាប់ «ពេល​ណា​ឯង​យក​សង្សារ?» «ហេតុអី​មិន​យក​សង្សារ?» «ម៉េច​ក៏​មិន​សាក​បើកចិត្ត​ម្ដង​ទៀត​មើល?» ប្រយោគ​ទាំង​នេះ​លឺ​ចូល​ត្រចៀក​ខ្ញុំ​ស្ទើរ​តែ​រាល់​ថ្ងៃ តែ​អ្វី​ដែល​ខ្ញុំ​អាច​ឆ្លើយ​ទៅ​គេ​វិញ​នោះ​គឺ«មិន​ចង់»

តែ​នៅ​ពី​ក្រោយ​ពាក្យ​«​មិន​ចង់​» នេះ​គឺ​មាន​ហេតុ​ផល​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ដឹង​ថា​ប្រាប់​គេ​បែប​ណា។

រូបតំណាង

ការ​ពិត​ខ្ញុំ​មិន​បាន​ស្អប់​មនុស្ស​ប្រុស​អី​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​មែន​ចង់​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​ឯករាជ្យ​មិន​រវីររវល់​រឿង​ស្នេហា​អី​នោះ​ដែរ។ ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ស្រី​សាមញ្ញ​ម្នាក់ ហើយ​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​មាន​ក្ដី​សុខ​តែ​ប៉ុណ្ណោះ។

ខ្ញុំ​ធ្លាប់​ស្រឡាញ់​ប៉ះ​មនុស្ស​ខុស​ម្ដង ប្រហែល​បែប​នេះ​ហើយ​ទើប​ខ្ញុំ​មិន​ចង់​ចំណាយ​ពេល​ជាមួយ​អ្នក​ណា ព្រោះចុង​ក្រោយ​គ្មាន​បាន​អី​សោះ​ក្រៅ​ពី​សម្ងំ​យំ សម្ងំ​ខូច​ចិត្ត​នោះ​ទេ។

ពេល​ខ្លះ​អាច​មក​ពី​ខ្ញុំ​មិន​ជឿជាក់​លើ​ខ្លួន​ឯង ឬ​អាច​មក​ពី​ខ្ញុំ​មិន​ជឿ​លើ​ការ​ជ្រើសរើស​របស់​ខ្ញុំ​ក៏​ថា​បាន។ ពី​មុន​ខ្ញុំ​គិត​ច្បាស់​ណាស់ មើល​ច្បាស់​ណាស់​ថា​គេ​ជា​មនុស្ស​ប្រុស​ល្អ​ម្នាក់ តែ​គេ​គឺ​ជា​មនុស្ស​ប្រុស​ដែល​ល្អ​តែ​ដំបូង​ប៉ុណ្ណោះ ហើយ​បន្ទាប់​មក​ទៀត​ក៏​រលាយ​ដូច​អំបិល​ត្រូវ​ទឹក។

ខ្ញុំ​មិន​ធ្លាប់​មាន​គំនិត​ថា​មនុស្ស​ប្រុស​សុទ្ធ​តែ​ដូច​គ្នា​នោះ​ទេ តែ​ខ្ញុំ​ខ្លាច​ខ្ញុំ​រើស​មនុស្ស​ខុស​ទៀត ទើប​ខ្ញុំ​សុខ​ចិត្ត​ចំណាយ​ពេល​នេះ​នៅ​ម្នាក់​ឯង​វិញ ទោះ​មិន​រីករាយ​ដូច​អ្នក​មាន​គូ តែ​យ៉ាង​ណា​ក៏​គ្មាន​អ្នក​ណា​អាច​មក​បំផ្លាញ​បេះដូង​ខ្ញុំ​ទៀត។

មនុស្ស​ប្រុស​បែប​ណា​ទៅ​ដែល​ខ្ញុំ​អាច​មើល​មិន​ខុស​ទៀត? គ្រប់យ៉ាង​ពី​ដំបូង​គឺ​ល្អ​បំផុត ធ្វើ​ឲ្យ​ខ្ញុំ​ងប់ងុល​ជាមួយ​គេ​ខ្លាំង ដល់​ចុង​ក្រោយ​គេ​គ្រវែង​ខ្ញុំ​ចោល ឲ្យ​ខ្ញុំ​ដេក​ហូរទឹក​ភ្នែក​មិន​ចេះ​តិច​ថ្ងៃ។

ស្រឡាញ់​មនុស្ស​ប្រុស​ខុស​ម្នាក់ គឺ​ជា​សុបិន​ដ៏​អាក្រក់​មួយ​សម្រាប់​មនុស្ស​ស្រី។ មើល​មនុស្ស​ខុស​ម្នាក់ ក្នុង​ជាតិ​នេះ​មនុស្ស​ស្រី​មិន​អាច​ស្គាល់​ពាក្យ​ថា​សុភមង្គល​ឡើយ។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​មិន​យក​អ្នក​ណា​មក​ទុក​ក្នុង​ចិត្ត​ទៀត ព្រោះ​ខ្ញុំ​ខ្លាច​គេ​ចូល​មក​គ្រាន់​តែ​បំផ្លាញ​ក្ដីសុខ​ខ្ញុំ​ហើយ​ក៏​ទៅ​វិញ។

រូបតំណាង

ខ្ញុំ​សុខ​ចិត្ត​នៅ​ជាមួយ​ខ្លួន​ឯង​បែប​នេះ ព្រោះ​ល្អ​ជាង​ខ្ញុំ​រើស​មនុស្ស​ប្រុស​ខុស មក​ក្នុង​ជីវិត​ខ្ញុំ៕

ចុចអាន៖បើ​អស់​អារម្មណ៍​មានតែដើរ​ចេញ​ កុំ​បង្ខំ​ខ្លួន​ឯងទៀត ព្រោះ​ម្នាក់ៗនឹង​ត្រូវ​ឈឺចាប់​ខ្លាំង


អត្ថបទ៖ ផេង ផលធិតា