ការ​លះ​បង់​របស់​ម្ដាយ​ភ្នែក​មួយ រញ្ជួយ​ចិត្ត​អ្នក​អាន​ទប់​ទឹក​ភ្នែក​មិន​ជាប់

  • 2018-09-12 08:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ម៉ែ​ខ្សត់​ធន​ខ្លួន​ពិការ គ្មាន​សព្វ​អាហារ​ទទួល​ទាន ខ្វះ​​ទ្រព្យ​គ្រប់​គ្រាន់​ឲ្យ​កូន​រៀន តែ​ស៊ូ​ធ្វើ​ស្ពាន​ចម្លង​កូន។ ម្ដាយ​គ្រប់​រូប​អាច​មាន​ស្ថាន​ភាព​រស់នៅ​ខុស​ៗ​គ្នា ប៉ុន្តែ​ការ​តស៊ូ​ និង​ការ​​លះ​បង់​ដើម្បី​កូន ពិត​ជា​មាន​ដូច​គ្នា មិន​ឃ្លាត​ចាក​ឆ្ងាយ​ពី​ធម្មជាតិ​មក​ឡើយ។ តាំង​ពី​ពពោះ​រហូត​ដល់​កើត ម្ដាយ​ត្រូវ​លះ​បង់​គ្រប់​យ៉ាង ចំណាយ​ពេល​មើល​ថែ​ទាំ ពកូន​ចុក​រោយ​ចង្កេះ បំពេ​រហូត​ស្អក​ក ប៉ុន្តែ​កូន​មួយ​ចំនួន​បែរ​ជា​មិន​ផ្ដល់​តម្លៃ​ដល់​ការ​លះ​បង់​របស់​ម្ដាយ។

ជឿ​ជាក់​ថា​ប្រិយ​មិត្ត​មួយ​ចំនួន​ធំ​ប្រាកដ​ជា​ធ្លាប់​បាន​អាន​រឿង​ខ្លី​មួយ មាន​ចំណង​ជើង​ថា "ម្តាយ​ខ្ញុំ​មាន​ភ្នែក​តែ​ម្ខាង" ដែល​បាន​ចែកចាយ​ត​ៗ​តាម​បណ្ដាញ​សង្គម​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។ រឿង​ខ្លី​មួយ​នេះ បាន​ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ខ្លួន និង​ចាប់​ផ្ដើម​ចេះ​ឲ្យ​តម្លៃ​ការ​លះ​បង់​របស់​ម្ដាយ​ខ្លួន។ ទោះ​ជា​សាច់​រឿង​នេះ មាន​រយៈ​ពេល​យូរ​មក​ហើយ តែ​វា​នៅ​តែ​ចាក់​ដោត​ក្នុង​អារម្មណ៍​អ្នក​អាន។ សាច់​រឿង​ដែល​មិន​ស្គាល់​អ្នក​និពន្ធ​នេះ ត្រូវ​គេ​យក​មក​កែកុន​​តិចតួច និង​ផលិត​ចេញ​ជា​វីដេអូ​ផង​ដែរ។

​​​​​ ដំណើរ​រឿង​និយាយ​ពី​ម្ដាយ​ដ៏​កម្សត់ ត្រូវ​កូន​ប្រុស​ស្អប់​យ៉ាង​ខ្លាំង ព្រោះ​ខ្មាស​គេ​ពេល​​មាន​ម្ដាយ​ពិការ​ភ្នែក​មិន​ដូច​ម្ដាយ​ដទៃ។ លើស​ពី​នេះ អ្នក​ម្ដាយ​គឺ​ជា​អ្នក​សម្អាត​សាលា រើស​សម្បក​ដប សម្បក​កំប៉ុង​លក់ ដើម្បី​រក​លុយ​ផ្គត់ផ្គង់​គ្រួសារ​ទៀត។ ថ្ងៃ​មួយ មិត្តភ័ក្ដិ​នៅ​សាលា​បាន​សួរ​ក្មេង​ប្រុស​ដោយ​ពាក្យ​ឡកឡឺយ​ថា "ម្ដាយ​ឯង​​មាន​ភ្នែក​តែ​ម្ខាង​ហ្នឹង​មែន​ទេ?” សំនួរ​មួយ​នេះ រឹត​តែ​បន្ថែម​កម្ដៅ ដូច​យក​សាំង​ចាក់​លើ​ភ្លើង​ឆេះ​ស្រាប់ ធ្វើ​ឲ្យ​ក្មេង​ប្រុស​ដែល​មិន​ទាន់​ចេះ​គិត​អ្វី​ច្រើន កាន់​តែ​គុំកួន​អ្នក​មាន​គុណ​ខ្លួន​ឯង។ ​​​

ក្នុង​ចិត្ត​របស់​ក្មេង​ប្រុស​នោះ គិត​តែ​ម្យ៉ាង​គត់ គឺ​ចង់​ឲ្យ​ម្ដាយ​គួរ​ឲ្យ​ស្អប់​របស់​ខ្លួន​បាត់​មុខ​ពី​ពិភពលោក​ដ៏​ធំធេង​របស់​ខ្លួន។ គេ​បាន​និយាយ​ទៅ​កាន់​ម្ដាយ​ដោយ​ពាក្យ​ពិបាក​ទទួល​យក​បាន​​ថា "ម៉ាក់,,, ម៉េច​ក៏​ម៉ាក់​អត់​មាន​ភ្នែក​ម្ខាង​ទៀត​ចឹង​ហាស...?! ម៉ាក់​ធ្វើ​ឲ្យ​គេ​សើច​ខ្ញុំ​ដូច​មនុស្ស​ឆ្កួត... ម៉េច​ក៏​ម៉ាក់​មិន​ស្លាប់​បាត់​​ទៅ?” ក្នុង​នាម​ជា​ម្ដាយ ពោរពេញ​ដោយ​ចិត្ត​សន្ដោស​ប្រណី ស្ត្រី​ពិការ​ភ្នែក​មិន​បាន​ខឹង​កូន ឬ​ស្ដី​ថា​តបត​ជាមួយ​កូន​វិញ​ទេ។ ក្រោយ​ពោល​ពាក្យ​មិន​សមគួរ​លើ​អ្នក​មាន​គុណ​ហើយ ក្មេង​ប្រុស​ហាក់​ដូច​ជា​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​បន្តិច ព្រោះ​អាច​និយាយ​ពាក្យ​លាក់​ទុក​ក្នុង​ទ្រូង​ចេញ​មក​អស់ ប៉ុន្តែ​រូបគេ​មិន​បាន​ដឹង​ទេ​ថា ពាក្យ​អស់​ទាំង​នោះ​ហាក់​ដូច​ជា​កាំបិត​រាប់​រយ​ដើម​ចាក់​ទម្លុះ​បេះដូង​ម្ដាយ​ដែល​ជា​មនុស្ស​ពិការ​ភ្នែក។ ​

​នៅ​យប់​នោះ ក្មេង​ប្រុស​បាន​ក្រោក​ឡើង​ក្នុង​បំណង​រក​ទឹក​ផឹក ប៉ុន្តែ​ចៃដន្យ​បាន​ឃើញ​ម្ដាយ​កំពុង​លួច​សម្រក​ទឹក​ភ្នែក​ម្នាក់​ឯង​យ៉ាង​ស្ងៀមស្ងាត់ ដោយសារ​ខ្លាច​កូន​ជា​ទី​ស្រលាញ់​ភ្ញាក់​ពី​ដំណេក។ បើ​ទោះ​បី​ដឹង​ថា​មក​ពី​កំហុស​ខ្លួន​ក្ដី ក៏​ក្មេង​ប្រុស​នោះ​នៅ​តែ​ចង​ចិត្ត​ស្អប់​ម្ដាយ​ភ្នែក​ម្ខាង​របស់​ខ្លួន និង​ចិញ្ចឹម​ចិត្ត​ថា​ត្រូវ​ធំ​ឡើង​ធ្វើ​ជា​មនុស្ស​ជោគជ័យ ដើម្បី​ចាកចេញ​ពី​ភាព​ក្រីក្រ ព្រម​ទាំង​រំដោះ​ខ្លួន​ពី​ភាព​អាម៉ាស់។ ​​​

ចាប់​ពី​ពេល​នោះ​មក ក្មេង​ប្រុស​ចាប់​ផ្ដើម​ប្រឹងប្រែង​រៀន​សូត្រ រហូត​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ទីក្រុង ចាក​ចោល​អ្នក​ម្ដាយ​ដ៏​កម្សត់។ បន្ទាប់​ពី​រៀន​ចប់ មាន​ការងារ​ល្អ​ធ្វើ រូប​គេ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​ស្រស់​ស្អាត ទិញ​ផ្ទះ​នៅ​ខ្លួន​ឯង ទទួល​បាន​កូន​ម្នាក់​ជា​ចំណង​ដៃ។ ជីវិត​ក្មេង​ប្រុស​ដែល​ធ្លាប់​ខ្មាស​​គេ​ដោយសារ​ម្ដាយ​ពិការ​ភ្នែក បាន​ប្រែ​ក្លាយ​ជា​មាន​សុភមង្គល និង​រហូត​ភ្លេច​អតីតកាល​អស់។ ​

រឿង​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង ខណៈ​ថ្ងៃ​មួយ​ម្ដាយ​ភ្នែក​ម្ខាង​បាន​ស្គាល់​កន្លែង​រស់នៅ​របស់​កូន និង​បាន​ទៅ​លេង ប៉ុន្តែ​ចៅ​បង្កើត​របស់​ខ្លួន​បែរ​ជា​ខ្លាចរអា ហើយ​ត្រូវ​កូន​ស្ដី​បន្ទោស​ថែម​ទៀត។ កូន​បាន​សួរ​ម្ដាយ​ខ្លួន​ធ្វើ​​ពើ​ជា​មិន​ស្គាល់​ថា "អ្នក​គឺ​ជា​នរណា? ខ្ញុំ​មិន​ស្គាល់​ទេ...” ហើយ​ថែម​ទាំង​ស្រែក​ដាក់​ទៀត​ថា "ម៉េច​ក៏​ហ៊ាន​មក​​ជាន់​​ផ្ទះ​ខ្ញុំ និង​បន្លាច​កូន​ខ្ញុំ​ចឹង​ហាស...? ចាប់​ចេញ​ឥឡូវ​នេះ​​ភ្លាម...!!! អ្នក​ម្ដាយ​កម្សត់​ក៏​បាន​និយាយ​ថា "អូ,,, ខ្ញុំ​សុំ​ទោស... ខ្ញុំ​ច្រឡំ​ផ្ទះ​ហើយ" រួច​ក៏​ចាក​ចេញ​បាត់​ស្រមោល​ពី​មុខ​កូន​ទៅ។ ​​

ច្រើន​ថ្ងៃ​កន្លងផុត​ទៅ សាលា​ដែល​បុរស​ជោគជ័យ​នេះ​ធ្លាប់​រៀន មាន​កម្មវិធី​ជួប​ជុំ និង​អញ្ជើញ​លោក​ឲ្យ​ទៅ​ចូល​រួម។ លោក​បាន​កុហក​ប្រពន្ធ​ថា ទៅ​ទី​នោះ​ដើម្បី​ធ្វើ​ជំនួញ រួច​ក៏​ឆ្លៀត​​ទៅ​រក​ម្ដាយ​នៅ​ផ្ទះ។ នៅ​ទី​នោះ​គេ​បាន​ជួប​នារី​មុខ​ចម្លែក​ម្នាក់ ដែល​បញ្ជាក់​ប្រាប់​ថា​ម្តាយ​លោក​ស្លាប់​បាត់​ទៅ​ហើយ និង​បាន​បន្សល់​ទុក​សំបុត្រ​មួយ​ច្បាប់...។ ​ នៅ​ក្នុង​សំបុត្រ​នោះ មាន​អត្ថន័យ​ទាំង​ស្រុង​ថា... កូន​ប្រុស, ម៉ែ​គិត​ថា​ជីវិត​ម៉ែ​ល្មម​គ្រប់​គ្រាន់​ហើយ​ពេល​នេះ​។ ម៉ែ​លែង​ទៅ​លេង​ក្រុង​ទៀត​ហើយ... ប៉ុន្តែ​លោភលន់​ពេក​ទេ បើ​ម៉ែ​សុំ​ឲ្យ​កូន​មក​លេង​ម៉ែ​ម្ដង​នៅ​ពេល​ណា​មួយ? ម៉ែ​នឹក​កូន ហើយ​ម៉ែ​អរ​ណាស់​ពេល​ឮ​ថា​កូន​មក​ជួប​ជុំ​គ្នា​នៅ​សាលា​នេះ ប៉ុន្តែ​ម៉ែ​សម្រេច​ចិត្ត​ថា​មិន​ទៅ​សាលា​ទេ... ដើម្បី​កូន... សុំ​ទោស​ម៉ែ​មាន​ភ្នែក​តែ​ម្ខាង ហើយ​ធ្វើ​ឲ្យ​កូន​ខ្មាស​គេ។ កូន​ដឹង​ទេ!!! កាល​នៅ​តូច​កូន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខូច​ភ្នែក​ម្ខាង។ ក្នុង​នាម​ម៉ែ​ជា​ម្ដាយ​ម្នាក់ មិន​អាច​ឈរ​មើល​កូន​ធំ​ឡើង​មាន​ភ្នែក​តែ​មួយ​​ទេ... អ៊ីចឹង​ហើយ​ទើប​ម៉ែ​បរិច្ចាគ​គ្រាប់​ភ្នែក​ម្ខាង​ឲ្យ​កូន... ម៉ែ​មាន​មោទនភាព​ណាស់ ដែល​កូន​អាច​មើល​ឃើញ​ពិភពលោក​ទាំង​មូល​ ដោយ​ភ្នែក​ទាំង​ពីរ​ជំនួស​ម៉ែ។ ម៉ែ​មិន​ដែល​សោក​ស្ដាយ​ទេ ហើយ​ក៏​មិន​ខឹង​រឿង​កូន​ធ្លាប់​ធ្វើ​ដាក់​ម៉ែ​ដែរ។ គ្រប់​ពេល​កូន​ខឹង ម៉ែ​តែង​គិត​ម្នាក់​ឯង​ថា "មក​ពី​កូន​ស្រលាញ់​ម៉ែ”។ ម៉ែ​នឹក​កូន នឹក​ពេល​កូន​នៅ​តូច​ជុំ​គ្នា​ជាមួយ​​ម៉ែ... នឹក​ខ្លាំង​ណាស់។ ម៉ែ​ស្រលាញ់​កូន... កូន​មាន​ន័យ​ធំធេង​ណាស់​សម្រាប់​ម៉ែ៕ ​​​

ប្រភព៖ Sabay News អត្ថបទ៖ គង់ វិសាល