ជា​មនុស្ស​ស្រី​ថ្លៃថ្នូរ​​ម្នាក់​ក្នុង​រឿង​ស្នេហា​ គួរ​ទម្លាប់​​ប្រកាន់​ចរិត​បែប​នេះ

  • 2018-09-12 02:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​មាន​ស្នេហា​តើ​អ្នក​ចង់​បាន​របៀប​ណា? បែប​ចាស់ទុំ ស្ងប់ស្ងាត់ ឬ​ក៏​ត្រូវ​តែ​ផ្អែមល្ហែម ស្និទ្ធស្នាល​រាល់ថ្ងៃ? បើ​សិន​ជា​អ្នក​ចង់​បាន​បែប​ចាស់ទុំ ថ្លៃថ្នូរ​ មិន​ចង់​ឲ្យ​គេ​ពេបជ្រាយ​នោះ អ្នក​ជា​មនុស្ស​ស្រី​កួរ​តែ​រៀន​ទម្លាប់​ខ្លួន​ប្រកាន់​ចរិត​បែប​នេះ ៖

១. កុំ​ងប់ងុល​ជាមួយ​រឿង​មនោសញ្ចេតនា​ពេក

មនោសញ្ចេតនា​គឺ​ជា​រឿង​មួយ​ដែល​បន្ថែម​រសជាតិ​ឲ្យ​ជីវិត តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ខ្វល់ខ្វាយ​ពី​វា​ខ្លាំង​ពេក​រហូត​ដល់​ភ្លេច​ធ្វើ​អ្វី​ផ្សេង​នោះ​ទេ។ កុំ​យក​ពេល ២៤​ម៉ោង​អង្គុយ​គិត​ពី​គេ អង្គុយ​នឹក​គេ អង្គុយ​អន់​ចិត្ត​ជាមួយ​គេ ដេក​យំ ដេក​សើច​ដោយសារ​គេ​ច្រើន​ពេក គួរ​តែ​ចំណាយ​ពេល​ធ្វើ​រឿង​ដើម្បី​អនាគត​អ្នក​ទាំង​ពីរ​វិញ​ទើប​ល្អ ព្រោះ​ថ្ងៃ​ក្រោយ​អ្នក​គង់​តែ​មាន​ពេល​ជាមួយ​គ្នា​រាល់​ថ្ងៃ​ទេ។

រូបតំណាង

**២. កុំ​រញ៉េរញ៉ៃ​ រករឿង​ពេក**

កុំ​ចូល​ចិត្ត​រក​រឿង ដេញដោល ជីកកកាយ​ ប្រចណ្ឌ​ពី​នេះ​ពី​នោះ​នាំ​ឈ្លោះ​ពេក​ ព្រោះ​សកម្មភាព​បែប​នេះ​ធ្វើ​ឲ្យ​ស្នេហា​កាន់​តែ​គួរ​ឲ្យ​ធុញទ្រាន់។ ម្យ៉ាង​ទៀត​ក៏​មិន​គួរ​លេង​សើច​ច្រើន​ទៅ​លើ​រឿង​ស្នេហា​ដែរ បើ​មិន​ប្រាកដ​ថា​ស្រឡាញ់​ទេ​ កុំ​ទៅ​លេង​សើច​លើ​ទឹក​ចិត្ត​អ្នក​ផ្សេង​ទៀត ដោយ​គ្រាន់​តែ​បំពេញ​អារម្មណ៍​ត្រូវ​ការ​របស់​ខ្លួន​ឯង។

៣. ផ្ដល់​សេរីភាព​ឲ្យ​ម្នាក់ៗ

ខ្លួន​ឯង​ក៏​ត្រូវ​ការ​សេរីភាព គេ​ក៏​ត្រូវ​ការ​សេរីភាព មិន​មែន​មាន​ស្នេហា​ត្រូវ​គាប​ខ្លួន​ឯង​មិន​ឲ្យ​ទៅ​ណា​ក្រៅ​ពី​នៅ​ជាមួយ​គ្នា​ឡើយ។ បែង​ចែក​ពេល​វេលា​ផ្ទាល់​ខ្លួន​អ្នក ជាមួយ​នឹង​ស្នេហា​ឲ្យ​បាន​ល្អ ដើម្បី​កុំ​ឲ្យ​ម្នាក់ៗ​អន់ចិត្ត និង​មាន​អារម្មណ៍​មិន​ល្អ។ ព្យាយាម​រីករាយ​ជាមួយ​មិត្តភក្តិ គ្រួសារ ការងារ និង​ស្នេហា​ឲ្យ​បាន​ល្អ​ដូចគ្នា នោះ​ជីវិត​អ្នក​នឹង​មាន​ន័យ។

៤. និយាយ​ត្រង់ៗ

ពេល​ខ្លះ​គ្មាន​អ្នក​ណា​អាច​ដឹង​ពី​ចិត្ត​យើង​ទាំង​អស់​ឡើយ បើ​មិន​ពេញ​ចិត្ត​អី​និយាយ​គ្នា​ទៅ កុំ​ចាំ​ឲ្យ​ម្នាក់​ទៀត​យល់ ព្រោះ​គេ​មិន​អាច​យល់​គ្រប់​យ៉ាង​នោះ​ទេ។ បើ​មិន​សប្បាយ​ចិត្ត និយាយ​ប្រាប់​គេ​ទៅ ថា​ចង់​ចេញ​ក្រៅ​ជាមួយ​គ្នា ញ៉ាំ​អី​ជាមួយ​គ្នា ដើរ​លេង​ជាមួយ​គ្នា។ កុំ​ចូលចិត្ត​លាក់ទុក​ម្នាក់​ឯង ហើយ​មក​ពិបាក​ចិត្ត​នោះ។

៥. ធ្វើ​ឲ្យ​ម្នាក់ៗ​ក្លាយ​ជា​ថាមពល​ក្នុង​ជីវិត​របស់​ខ្លួន

ស្នេហា​ជា​កម្លាំង​មួយ​ដែល​ជួយ​មនុស្ស​ឲ្យ​ផ្លាស់ប្ដូរ​បាន​យ៉ាង​អស្ចារ្យ ដូច្នេះ​ហេតុអី​មិន​ព្រម​ឲ្យ​ម្នាក់ៗ​ក្លាយ​ជា​កម្លាំង​ចិត្ត​របស់​ខ្លួន​នោះ។ ពេល​មាន​បញ្ហា​ចែក​រំលែក​ទៅ​គ្នា ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គ្នា គាំទ្រ​ និង​ជួយ​គ្នា​ទៅវិញ​ទៅ​មក នេះ​ទើប​ជា​ស្នេហា​ដ៏​ល្អ​មួយ មិន​មែន​ពេល​មាន​រឿង​យក​មក​ជះ​កំហឹង​ឲ្យ​ម្ខាង​ទៀត​នោះ​ទេ។

៦. មាន​ភាព​នឹង​ធឹង​លើ​រឿង​​អារម្មណ៍ និង​បេះដូង

បើ​ម្នាក់​មិន​បាន​សូវ​ខ្វល់ មិន​បាន​សូវ​ផ្អែមល្ហែម អ្នក​គួរ​តែ​ព្យាយាម​យល់ និង​ស្វែង​រក​មូល​ហេតុ មិន​មែន​គ្រាន់​តែ​គេ​ទុក​ចោល​ពេល​ខ្លះ​ក៏​ទៅ​លង់​ស្រឡាញ់​អ្នក​ផ្សេង​នោះ។ ធំៗ​អស់​ហើយ ការងារ​ក៏​មាន​ច្រើន ការ​គិត​ក៏​កាន់​តែ​ច្រើន​ ដូច្នេះ​ពេល​ខ្លះ​គេ​ក៏​ហត់ គេ​ក៏​ចង់​នៅ​ម្នាក់​ឯង ឬ​គេ​រវល់ តែ​មិន​មាន​ន័យ​ថា​គេ​ឈប់​ស្រឡាញ់។ ព្យាយាម​យក​បេះដូង​មក​ស្រឡាញ់​គ្នា កុំ​យក​អារម្មណ៍ ព្រោះ​បើ​អ្នក​យក​បេះដូង​មក​ស្រឡាញ់ ទោះ​ឆ្ងាយ​គ្នា​ប៉ុណ្ណា​ក៏​អ្នក​នៅ​តែ​មាន​អារម្មណ៍​កក់ក្ដៅ​ដែរ។

៧. ស្ងប់ស្ងាត់​ដោយ​មិន​បាច់​បង្អួត​អ្នក​ណា

ស្នេហា​ចាស់ទុំ ថ្លៃថ្នូរ​មួយ​មិន​ចាំ​បាច់​បង្អួត​អ្នក​ណា​ថា​អ្នក​រក​បាន​មនុស្ស​ល្អ​ម្នាក់​ទេ ក៏​មិន​ចាំបាច់​បង្អួត​ថា​អ្នក​និង​គេ​មាន​ក្ដី​ស្រឡាញ់​ឲ្យ​គ្នា​ប៉ុណ្ណា​ដែរ ដឹង​ត្រឹម​តែ​២នាក់​ក៏​គ្រប់គ្រាន់​ពេក​ណាស់​ទៅ​ហើយ។ ក្ដី​ស្រឡាញ់​ដ៏​ស្ងៀមស្ងាត់​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​មើល​មិន​ឃើញ តែ​វា​បាន​ដើរ​ទៅ​មុខ​យ៉ាង​រឹងមាំ និង​ក្ដីសុខ។

រូបតំណាង

កុំ​ចូលចិត្ត​ប្រឡូក​ក្នុង​រឿង​ស្នេហា​តាម​បែប​យុវវ័យ​ពេក គួរ​តែ​ទម្លាប់​​ធ្វើ​ឲ្យ​ស្នេហា និង​តម្លៃ​ខ្លួន​យើង​ថ្លៃថ្នូរ​ដែល​អ្នក​ផ្សេង​គេ​សរសើរ និង​ចង់​យក​គំរូ៕

ចុចអាន៖មាន ​៧ចំណុចនេះ បង្ហាញ​ថា​អ្នក​ពិត​​សំណាង​ខ្លាំង​ដែលមាន​គាត់​ជា​សង្សារ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម