បទ​ពិសោធន៍​អាណាព្យាបាល​​​យក​កូន​ទៅ​ព្យាបាល​នៅ​​ពេទ្យ​គន្ធ​បុប្ផា​ អាន​ហើយ​រំជួល​ចិត្ត!

  • 2018-09-11 11:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​​មរណភាព​របស់​​វេជ្ជបណ្ឌិត Beat​ Richner​ ដែល​ជា​ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ធ្វើ​ឲ្យ​មាន​ការ​ស្ដាយ​ស្រណោះ​ អាឡោះ​អាល័យ​ជា​ពន់​ពេក​​ពី​សំណាក់​ប្រជាជន​កម្ពុជា​ ជា​ពិសេស​អ្នក​ដែល​​មាន​កូន​ចៅ​ធ្លាប់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ ​លោក​​វេជ្ជបណ្ឌិត​ផ្ទាល់​​ និង​ក្រុម​គ្រូ​ពេទ្យ​ទាំង​អស់​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។​ ដំណឹង​ដ៏​ក្រៀម​ក្រំ​នេះ​ធ្វើ​ឲ្យ​អ្នក​ឲ្យ​អ្នក​ម្ដាយ​ និង​លោក​ឪពុក​​២​រូប ដែល​ធ្លាប់​ដឹង​គុណ​លោក​​ និង​មន្ទីរពេទ្យ​ផ្ទាល់​ចែក​រំលែក​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​យ៉ាង​ដូច្នេះ​ថា៖

វេជ្ជបណ្ឌិត Beat Richner នៅមន្ទីរពេទ្យ

អ្នក​ស្រី​ ហ៊ឹង​ សុធា​ ជា​ស្ត្រី​មេផ្ទះ​ ដែល​សព្វថ្ងៃ​មាន​កូន​ ២​នាក់​ក្នុង​បន្ទុក​ ហើយ​កូន​ស្រី​ពៅ​ធ្លាប់​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​​បាន​រៀប​រាប់​ប្រាប់​​ វិបសាយ​កញ្ញា​ថា​៖ " អ៊ំមាន​អារម្មណ៍​សោក​ស្ដាយ​ ពេល​គាត់​ (Beat Richner) ​ស្លាប់​ទៅ​ ព្រោះ​អី​គាត់​ជួយ​កូន​ក្មេង​ បាន​ច្រើន​ណាស់​។"

អ្នក​ស្រី​បាន​រំលឹក​ពី​ការ​ជួយ​សង្គ្រោះ​កូន​ស្រី​ពៅ​របស់​អ្នក​ស្រី​កាល​ពី​ ១០​ ឆ្នាំ​មុន​នោះ​ថា​៖ កាល​ណោះ​កូន​អ្នក​ស្រី​ អាយុ​ទើប​ ៥​ ឆ្នាំ​ ឈរ​លេង​លើ​កៅអី​មិន​ប្រយ័ត្ន​ ធ្លាក់​ដួល​ផ្កាប់​មុខ​នឹង​ឥដ្ឋ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ពក​ក្បាល​ធ្ងន់ធ្ងរ។​ ល្ងាច​ថ្ងៃ​ដដែល​នោះ​ដោយ​មើល​ស្រាល​ស្ថានភាព​ អ្នក​ស្រី​មិន​បាន​ជូន​កូន​ទៅ​មន្ទីរ​ពេទ្យ​នោះ​ទេ​ ដោយ​ទុក​រហូត​ដល់​ពេល​យប់​ម៉ោង​ ៣:០០ ​ទៀប​ភ្លឺ​ ស្រាប់​តែ​កូន​មាន​អាការ​ក្អួត​ចង្អោរ​ និង​ឈឺ​ក្បាល​ក្ដៅ​ខ្លួន​ខ្លាំង​ ទើប​ប្រញាប់​ប្រញាល់​ ដឹក​ទៅ​ពេទ្យ​ទាំង​យប់។​ អ្នក​ស្រី​ប្រាប់​ថា​ អារម្មណ៍​ពេល​នោះ​ភ័យ​ផង​បារម្ភ​ផង​ នឹក​មិន​ឃើញ​អ្វី​ទាំង​អស់​ ដឹង​តែ​ធ្វើ​យ៉ាង​ណា​ដឹក​កូន​ឲ្យ​ដល់​ពេទ្យ​ តែ​ពេទ្យ​ដែល​អ្នក​ស្រី​នឹក​ដល់​មុន​គេ​នោះ​គឺ​គន្ធ​បុប្ផា​ ព្រោះ​អ្នក​ស្រី​មាន​ការ​ជឿជាក់​លើ​ពេទ្យ។​

"​កាល​នោះ​គេ​ឃើញ​កូន​អ៊ំមាន​សភាព​​ធ្ងន់ធ្ងរ​ អ៊ីចឹង​គេ​មិន​ឲ្យ​តម្រង់​ជួរ​ទេ​ គឺ​យក​ចូល​បន្ទប់​សង្គ្រោះ​តែ​ម្ដង។​ ក្រោយ​មក​ពេទ្យ​ប្រាប់​ថា​ កូន​អ៊ំរបួស​សរសៃ​ត្រង់​ក្បាល​នោះ​ដែល​តម្រូវ​ឲ្យ​គេង​ពេទ្យ​ ៤ ទៅ​៥​ ថ្ងៃ​។​ ហើយ​ក្រោយ​មក​ទៀត​កូន​អ៊ំធូរ​ស្រាល​ ហើយ​អត់​មាន​អស់​លុយ​កាក់​អី​មួយ​រៀល​ទេ។​ ទាល់​តែ​ពេល​អ៊ីចឹង​ទៅ​ មាន​អារម្មណ៍​ថា​ ចាំ​គុណ​ពេទ្យ​ហ្នឹងរហូត​មក។​ ដល់តែ​ហើយ​ល្ងាច​មិញ​មើល​ហ្វេសប៊ុក​ឃើញ​ពេទ្យ​ធំ​ស្លាប់​ អ៊ំមាន​អារម្មណ៍​ក្ដុកក្ដួល​ណាស់​ នឹក​ឃើញ​ថា​ បាន​គាត់​ហ្នឹងហើយ​ជា​អ្នក​រៃអង្គាស​លុយ​ជំនួយ​ស្រុក​គេ​ មក​ជួយ​កូន​ខ្មែរ​យើង​។"

អ្នក​ស្រី ហ៊ឹង សុធា​ និង​កូន​ស្រី

មិន​ខុស​គ្នា​ពី​ លោក​ ជាន​ ចាន់​រ៉ា​ ​បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន​មួយ​រូប​ក៏បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែរ​ថា​៖

កូន​ខ្ញុំ​កើត​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​។ កើត​បាន​២​ថ្ងៃ​ តែ​មិន​ជុះ​អាចម៍​ព្រៃ​ ដូច្នេះ​ខាង​មន្ទីរ​ពេទ្យ​បាន​បញ្ជូន​ទៅ​គន្ធបុប្ផា។ ដំបូង​គេ​អត់​ទទួល​ទេ​ដោយសារ​គ្មាន​គ្រែ។ គេ​បាន​បញ្ជូន​កូន​ខ្ញុំ​ទៅ​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ។

នៅ​ទី​​នោះ​​​បាន​ព្យាបាល​ដាក់​សេរ៉ូម​ ចាក់​ថ្នាំ​ និង​បញ្ច្រក​ថ្នាំ​ ប៉ុន្តែ​គ្មាន​មធ្យោបាយ​ណា​ជួយ​ព្យាបាល​ឲ្យ​វា​ជុះ​បាន​ឡើយ​ ក្រៅ​ពី​យក​ទុយយោ​បូម​លាម​តាម​រន្ធ​គូទ។ នៅ​ពេល​​បៅ​ទឹក​ដោះ​គោ​ម្ដង​ៗ​ ធ្វើ​ឲ្យ​ពោះ​ឡើង​ប៉ោង​​ធំ​ គួរ​ឲ្យ​ញញើត​ ព្រោះ​វា​មិន​​អាច​ជុះ​​បាន​។ មធ្យោបាយ​តែ​ម្យ៉ាង​គត់​ គឺ​បូម​លាមក​ជា​រៀង​រាល់​ថ្ងៃ។

គ្រូ​ពេទ្យ​នៅ​ទី​នោះ​ប្រាប់​ថា ដោយ​សារ​ពោះ​វៀន​បត់​ មិន​អាច​ជុះ​បាន​ទេ។ ទាល់​តែ​កូន​មាន​ទម្ងន់​១០​គីឡូក្រាម​ទើប​អាច​វះ​កាត់។ សាកស្រមៃ​មើល​ទៅ​ តើ​អាយុ​ប៉ុន្មាន​ទើប​មាន​ទម្ងន់​១០​គីឡូក្រាម ហើយ​ទម្ងន់​ឡើង​យ៉ាង​ម៉េច​កើត​​ បើ​បៅបាន​ តែ​ជុះ​មិន​ចេញ​ ហើយ​ត្រូវ​បូម​រន្ធ​គូទរហូត​នោះ។​ ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​បាន​​ប្រហែល​ជា​១០​ថ្ងៃ​ អ្វី​ៗ​គ្មាន​ការ​ប្រែ​ប្រួល​ឡើយ។

ទី​បំផុត​ ខ្ញុំ​បាន​ជិះ​ម៉ូតូ​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​សាក​សួរ​សន្តិសុខ​រឿង​មាន​សល់​គ្រែ​អត់។ លើក​ទី​១​ សន្តិសុខ​ប្រាប់​ថា អត់​ទាន់​មាន​ទេ។ មួយ​ថ្ងៃ​ក្រោយ​មក​ ខ្ញុំ​បាន​ទៅ​សួរ​ម្តង​ទៀត​ សន្តិសុខ​ប្រាប់​ថា មាន​គ្រែ​សល់​ហើយ។ ខ្ញុំ​ក៏​បាន​ផ្លាស់​​កូន​​ទៅ​គន្ធបុប្ផា​បាន​សម្រេច។

គ្រាន់​តែ​យក​ទៅ​ដល់​ភ្លាម​ ​ក្រុម​គ្រួសារ​ពេទ្យ​ចាប់​ផ្ដើម​ពិនិត្យ​ ហើយ​មួយ​រយៈ​ពេល​ខ្លី​មក​ប្រាប់​ថា​ ២​ថ្ងៃ​ទៀត​ កូន​ខ្ញុំ​ត្រូវ​វះ​កាត់​ហើយ។ ២​ថ្ងៃ​ក្រោយ​មក​ កូន​ខ្ញុំ​ត្រូវ​បាន​វះ​កាត់​ដោយ​ជោគជ័យ។ បន្ទាប់​ពី​វះ​កាត់​ ត្រូវ​សម្រាក​ព្យាបាល​​ប្រហែល​ជា​១០​ថ្ងៃ​ ក៏​លោក​គ្រូ​ពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ។

ក្រុម​គ្រួសារ​ខ្ញុំ​បាន​​មើល​ថែ​កូន​នៅ​ផ្ទះ​តាម​ការ​ណែ​នាំ​របស់​លោក​គ្រូ​ពេទ្យ​គន្ធ​បុប្ផា។ រាល់​ពេល​៣​ខែ​ម្ដង​ ខ្ញុំ​បាន​នាំ​កូន​មក​ឲ្យ​ពិនិត្យ​មើល​ពោះ​វៀន​របស់​វា។ មួយ​ឆ្នាំ​ក្រោយ​មក​ គ្រូ​ពេទ្យ​ក៏​ឈប់​ណាត់​ដោយ​សារ​​ពោះ​វៀន​កាន់​តែ​ល្អ។

រាល់​ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​​រឿង​កំណើត​កូន ឬ​ធ្វើ​ដំណើរ​កាត់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ខ្ញុំ​តែង​នឹក​ស្រមៃ​​ដល់​រឿង​ព្យាបាល។ ប្រសិន​បើ​មិន​មាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទេ​ ម្ល៉េះ​កូន​ខ្ញុំ​ទៅ​ជា​យ៉ាង​ណា? តើ​ចិញ្ចឹម​យ៉ាង​ណា​ ប៉ុន្មាន​ឆ្នាំ​ទើប​មាន​ទម្ងន់​១០​គីឡូក្រាម? ពេល​នេះ​ កូន​ខ្ញុំ​មាន​​សុខភាព​ល្អ​ អាយុ​ជិត​៦​ឆ្នាំ​ហើយ​។

លោក​ ជាន ចាន់រ៉ា និង​កូន​ប្រុស

មិន​ត្រឹម​តែ​អ្នក​ទាំង​​២​ ដែល​ជា​អាណាព្យាបាល​ធ្លាប់​នាំ​កូន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ពេទ្យ​នេះ​បញ្ចេញ​យោបល់​បែប​នេះ​នោះ​ទេ។​ ប៉ុន្តែ​អាណាព្យាបាល​ស្ទើរ​តែ​ទូទាំង​ប្រទេស​ទៅ​ហើយ​ ដែល​កោត​សរសើរ​ និង​មាន​ទំនុក​ចិត្ត​លើ​មន្ទីរ​ពេទ្យ​មួយ​នេះ​ ហើយ​​ក៏​មិន​ភ្លេច​គុណ​ និង​ការ​លះបង់​របស់​លោក​ដុកទ័រ​ Beat​ Richner​ ក្នុង​ការ​សង្គ្រោះ​កុមារ​កម្ពុជា​ដែល​មិន​រើស​អើង​គ្រប់​វណ្ណៈ៕​

ចុចអាន៖មក​ដឹង​មូល​ហេតុ​ដែល​ទារិកា​ទម្ងន់​ ៦,៨ គីឡូ​ ម្ដាយ​អាច​កើត​ធម្មជាតិ​បាន

អត្ថបទ៖ Pencharm