បើមិនបានប្រាកដប្រជាជាមួយខ្ញុំទេ កុំចូលមកក្នុងជីវិតខ្ញុំអី

  • 2018-09-10 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ទាំង​នេះ​គឺ​ចង់​និយាយ​ទៅ​កាន់​បុរស​ដែល​ចង់​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ!

ខ្ញុំ​ពិត​ជា​ហត់​ណាស់ ខ្ញុំ​ហត់​នឹង​ទំនាក់ទំនង​មួយ​ដែល​មិន​ច្បាស់លាស់ ខ្ញុំ​ហត់​នឹង​ប្រគល់​ការស្រឡាញ់​ខ្ញុំ​ទៅ​កាន់​មនុស្ស​ដែល​គ្រាន់​តែ​ចូល​មក​លេង​ក្នុង​ជីវិត​ស្នេហា​ខ្ញុំ។

រូបតំណាង

ប្រាប់​តាម​ត្រង់​ខ្ញុំ​ពិត​ជា​មិន​ចូលចិត្ត​ការ​លេង​ល្បែង​ស្នេហា​ទេ ខ្ញុំ​ចង់​បាន​ភាព​ច្បាស់​លាស់ ភាព​ជាក់លាក់​មួយ ព្រោះ​ខ្ញុំ​មិន​ដែល​មាន​បំណង​នឹង​លេង​សើច​ជាមួយ​អារម្មណ៍​អ្នក​ណា​ម្នាក់​ឡើយ។

បើ​អ្នក​មិន​បាន​តាំង​ចិត្ត​ថា​ប្រាកដប្រជា​ជាមួយ​ខ្ញុំ​ទេ សូម​កុំ​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​អី ព្រោះ​ខ្ញុំ​មិន​ចង់​ចំណាយ​ពេល ចំណាយ​កម្លាំង​ ចំណាយ​ទឹកចិត្ត​ លើ​មនុស្ស​ដែល​យក​ខ្ញុំ​ទុក​ជា​ការ​លេងសើច ទុក​ខ្ញុំ​ជា​ការ​ពិសោធន៍​នោះ​ទេ។ អ្នក​ដឹង​អត់​ពេល​ដែល​អ្នក​ដើរ​ចូល​មក​ហើយ​បេះដូង​ខ្ញុំ​នឹង​ចងចាំ​អ្នក​ទុក វា​នឹង​ចាប់​ផ្ដើម​ស្គាល់​អ្នក ហើយ​ក៏​ចាប់​ផ្ដើម​ស្និទ្ធស្នាល​ជាមួយ​អ្នក​ដែរ ប៉ុន្តែ​បើ​បន្ទាប់​មក​អ្នក​ក៏​ដើរ​ចេញ​ទៅ​វិញ តើ​អ្នក​មាន​គិត​ដល់​វា​ទេ? តើ​វា​ឈឺចាប់​បែប​ណា? វា​នឹង​ត្រូវ​ជួប​រឿង​ពិបាក​ចិត្ត​អី​ខ្លះ? បែប​នេះ​ហើយ​ទើប​ខ្ញុំ​ចង់​ឲ្យ​អ្នក​គិត​មុន​ពេល​មក​ស្រឡាញ់​ខ្ញុំ។

រូបតំណាង

បេះដូង​ខ្ញុំ​ជា​សាច់​ជា​ឈាម​មិន​មែន​ជា​ឧបករណ៍​កម្សាន្ត​អារម្មណ៍​ពេល​អ្នក​អផ្សុក​ទេ ដូច្នេះ​កុំព្យាយាម​យក​ខ្ញុំ​មក​កំដរ​អារម្មណ៍​អ្នក ព្រោះ​ខ្ញុំ​មិន​ដែល​គិត​ថា​យក​អ្នក​មក​កំដរ​ដូចគ្នា។

ព្យាយាម​យក​អារម្មណ៍​មនុស្ស​ស្រី​ដាក់​ក្នុង​អារម្មណ៍​អ្នក​ផង បើ​គេ​ធ្វើ​បែប​នោះ​ដាក់​អ្នក​វិញ​តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? កុំ​ព្រោះ​តែ​ការ​ចង់​សប្បាយ​របស់​អ្នក​មក​បំផ្លាញ​ទឹកចិត្ត​របស់​មនុស្ស​ស្រី​ម្នាក់​ដែល​ខំ​ស្រឡាញ់​អ្នក​អស់​ពី​ចិត្ត។

ខ្ញុំ​អាច​នឹង​អាយុ​តិច​ជាង​អ្នក តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ច្បាស់លាស់​លើ​រឿង​មនោសញ្ចេតនា​ជាង​អ្នក ព្រោះ​ខ្ញុំ​មិន​ចង់​ផ្លាស់​ប្ដូរ​ស្នេហា​ដូច​ជា​ខោអាវ​ឡើយ។ ស្រឡាញ់​ខ្ញុំ​ត្រូវ​ច្បាស់លាស់​ជាមួយ​ខ្ញុំ ព្រោះ​ខ្ញុំ​ប្រាកដ​ចិត្ត​ណាស់​ថា​ពេល​ខ្ញុំ​ទទួល​យក​អ្នក​ ខ្ញុំ​នឹង​ដាក់ចិត្ត ដាក់​បេះដូង​ខ្ញុំ​មក​ស្រឡាញ់​អ្នក​ហើយ​នឹង​ព្យាយាម​កាន់​ដៃ​អ្នក​រហូត​បើ​អ្នក​មិន​លែង​ដៃ​ខ្ញុំ។

រូបតំណាង

បើ​បាន​ឃើញ​ពាក្យ​ទាំង​នេះ ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​អាច​ពិចារណា​ឲ្យ​បាន​ច្បាស់​ជាង​នេះ មុន​នឹង​សម្រេច​ស្រឡាញ់​អ្នក​ណា​ម្នាក់៕

ចុចអាន៖ឃាតក​ដ៏​ស្ងប់ស្ងាត់​ ៥​យ៉ាង​ដែល​បាន​សម្លាប់​ស្នេហា​អ្នក​ដោយ​មិន​ដឹង​ខ្លួន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម