មក​ដឹង​មូល​ហេតុ​ដែល​ទារិកា​ទម្ងន់​ ៦,៨ គីឡូ​ ម្ដាយ​អាច​កើត​ធម្មជាតិ​បាន

  • 2018-09-06 09:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​​ល្ងាច​ថ្ងៃ​ទី៤ កញ្ញា​កន្លង​ទៅ​នេះ មានការ​ភ្ញាក់​ផ្អើល​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​សារ​តែ​មាន​ការ​ចែក​ចាយ​ត​​គ្នា​ថា​មាន​​ទារិកា​​ទម្ងន់​ ៦,៨​គីឡូ​ បាន​សម្រាល​ដោយ​សុវត្ថិភាព​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពត។​ ទារិកា​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ឈ្មោះ​ លីដា​ ដែល​សម្រាល​ដោយ​ធម្មជាតិ​ និង​ជា​កូន​ទី​២​ ក្នុង​គ្រួសារ។​

ទារិកា លីដា ពេលកើតភ្លាម

​ឆ្លើយ​ឆ្លង​ជាមួយ​វិបសាយ **​កញ្ញា​** ម្ចាស់​ Account Facebook ដែល​មាន​ឈ្មោះ​ថា Hunii LiKa ដែល​ប្រាប់​ថា​មាន​បង​ស្រី​សម្រាល​នៅ​មន្ទីរ​ពេទ្យ​ខាង​លើ​ដូច​គ្នា និង​បាន​ឃើញ​ទារិកា​លីដា បាន​ឱ្យ​ដឹង​ថា​ ម្ដាយ​ទារិកា​នោះ​ចូល​ក្នុង​បន្ទប់​សម្រាល​ត្រឹម​ប្រហែលមួយម៉ោងប៉ុណ្ណោះ​ ក៏​សម្រាល​រួច​រាល់​ ក្រោម​ការ​ជួយ​ពី​ក្រុម​គ្រូពេទ្យ​ ៥​ នាក់​។​ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ម្ដាយ​របស់​ទារិកា​លី​ដា​ ជា​ស្ត្រី​ដែល​មាន​មាឌ​ធំ​គួរ​សម​ ដែល​មាន​ទម្ងន់​​ជាង ៩០គីឡូ​ក្រាម​។​

ជា​ធម្មតា​ ស្ត្រី​ដែល​មាន​ទម្ងន់​ធ្ងន់​បែប​នេះ​ច្រើន​ពិបាក​ក្នុង​ការ​សម្រាល​ ប៉ុន្តែ​អ្នក​ម្ដាយ​រួប​នេះ​បែរ​ជា​កើត​ស្រូល​ទៅ​វិញ។​ បើ​យោង​តាម​ការ​បំភ្លឺ​ពី​អ្នក​គ្រូ​ពេទ្យ​ចុះ​កម្ម​សិក្សា​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពត​មួយ​រូបសុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បានដឹង​ពី​ការ​សម្រាល​នេះ បាន​ឲ្យ​ដឹង​ពី​មូល​ហេតុ​ដែល​ទារិកា​ខាង​លើ​ងាយ​ស្រួល​សម្រាល​ គឺ​ដោយ​សារ​ម្ដាយ​មាន​កម្ពស់​ខ្ពស់។​

"បង​ស្រី​គាត់មាន​កម្ពស់​ ១​,៧០​ ម៉ែត្រ​ និង​មាន​ទម្ងន់​ ៩៥​គីឡូ​ ដោយ​សារ​តែ​កម្ពស់​ខ្ពស់​នាំ​ឲ្យ​អាង​ត្រគាក​ធំ​ជាង​អ្នក​មាន​កម្ពស់​ទាប​ ទើប​ធ្វើ​ឲ្យ​​កូន​​ស្រួល​កើត​។​ ម៉្យាង​វិញ​ទៀត​ គាត់​ធ្លាប់​​បង្កើត​កូន​ទី​១​ម្ដង​រួច​មក​ហើយ​ សម្រាល​ដោយ​ធម្មជាតិ​ដូច​គ្នា​ ហើយ​មាន​ទម្ងន់​ ៤.​៨​ គីឡូក្រាម​ ទើប​ធ្វើ​ឲ្យ​ការ​សម្រាល​លើក​ទី​២​​នេះ មាន​ភាព​ងាយ​ស្រួល​បែប​នេះ។​" អ្នក​គ្រូ​ពេទ្យ​បញ្ជាក់។

មួយ​​វិញ​ទៀត​​ មុន​ពេល​សម្រាល​ ១២​ ថ្ងៃ​ ម្ដាយ​ទារិកា​​បាន​ទៅ​ពិនិត្យ​សុខភាព​ និង​ថ្លឹង​ឃើញ​ថា​កូន​មាន​ទម្ងន់​ត្រឹម​តែ​ ជាង​៥​គីឡូ​​ប៉ុណ្ណោះ​ ដែល​គាត់​គិត​ថា​អាច​កើត​រួច​ ព្រោះ​កូន​ដំបូង​ក៏​គីឡូ​ធ្ងន់​បែប​នោះ​ដែរ​ តែ​ទាល់​តែ​កើត​ចេញ​មក​មាន​ទម្ងន់​ ៦,៨​គីឡូ​ លើស​ពី​ការ​ស្មាន។​

អ្នក​គ្រូ​ពេទ្យ​បន្ថែម​ទាក់​ទង​នឹង​កត្តា​ដែល​ក្មេង​នេះ​កើត​មក​ថ្លោសខ្លាំង​បែប​នេះ​ថា​៖ "មិន​បណ្ដាល​មក​ពី​របប​​អាហារ​របស់​ម្ដាយ​ទាំង​ស្រុង​នោះ​ទេ​ តែ​វា​អាច​បណ្ដាល​មក​ពី​ហ្សែន​របស់​ម្ដាយ​ ដោយ​សារ​គាត់​ធ្លាប់​មាន​កូន​សុទ្ធតែ​ធំ​ៗ​បែប​នេះ។​ ជាក់ស្ដែង​បង​ស្រី​បរិភោគ​របប​អាហារ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​ និង​ពិនិត្យ​ផ្ទៃពោះ​ទៀងទាត់​"៕

អត្ថបទ៖ Pencharm