ពេទ្យជំនាញ៖ កុំមើលរំលងវ៉ាក់សាំង ៣ប្រភេទ បើមិនចង់ឱ្យកូនកើតជំងឺកាចសាហាវ
- 2018-09-05 02:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេទ្យជំនាញ៖ កុំមើលរំលងវ៉ាក់សាំង ៣ប្រភេទ បើមិនចង់ឱ្យកូនកើតជំងឺកាចសាហាវ
«មានវ៉ាក់សាំងចំនួនបីប្រភេទ ដែលយើងអាចចាក់ ដើម្បីការពារពីជំងឺកាចសាហាវ។ ជំងឺកាចសាហាវទាំងបីប្រភេទនោះរួមមាន ជំងឺមហារីកមាត់ស្បូន ជំងឺរលាកថ្លើមប្រភេទ B និងជំងឺរលាកស្រោមខួរក្បាល»។ នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត្រ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនចំពោះកុមារីអាចចាក់នៅអាយុចាប់ពី ១០ ឆ្នាំ ដោយត្រូវចាក់ចំនួនបីលើក ពោលគឺនៅខែទី០ ទី១ និងខែទី៦។ លោកវេជ្ជបណ្ឌិតថា ជំងឺមហារីកមាត់ស្បូនជាជំងឺកាចសាហាវ ហើយឈរនៅលំដាប់លេខ១។ អត្រាអ្នកកើត និងអ្នកស្លាប់ដោយសារជំងឺនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ចំណែកវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB វិញត្រូវចាក់មួយខែម្តងៗ ចំនួនបីលើក ក្នុងមួយឆ្នាំបន្ទាប់ចាក់សាឡើងវិញម្ដងទៀត។ ជំងឺរលាកថ្លើមប្រភេទ B បន្ទាប់ពីចាក់គ្រប់ចំនួនហើយ គេអាចពិនិត្យមើលអង់ទីគ័រការពារ តើមានដែរឬទេ? បើអត់មានទេគេត្រូវចាក់ជាថ្មី។ ផុតពីហ្នឹង ៥ឆ្នាំម្តងៗ គេត្រូវឆែកមើល បើវាចុះគេចាក់វារំលឹកថែម បើនៅ ដដែលទេ មិនចាំបាច់ចាក់ទេ។
ក្រៅពីនេះឪពុកម្ដាយ ឬអាណាព្យាបាលក៏គួរយកចិត្តទុកដាក់យកកូនតូចរបស់ខ្លួនទៅចាក់វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរក្បាលផងដែរ។ ការចាក់វ៉ាក់សាំងប្រភេទនេះ គួរមានការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតឯកទេសកុមារ និងអាចយកកូនទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យគន្ធបុប្ផា ឬនៅមន្ទីរពេទ្យកុមារជាតិ។ «បើមានវ៉ាក់សាំងយើងគួរតែនាំកូនទៅចាក់ហើយ ព្រោះនេះគឺជាមធ្យោបាយមួយដ៏ល្អអាចការពារកូនយើងពីជំងឺបាន»។ លោកវេជ្ជបណ្ឌិតបន្ថែម។
លោកវេជ្ជបណ្ឌិតឱ្យដឹងថា ក្រៅពីវ៉ាក់សាំងទាំងបីប្រភេទខាងលើនេះ ឪពុកម្ដាយ ឬអាណាព្យាបាលក៏គប្បីយកចិត្តទុកដាក់នាំកូនៗចាក់ វ៉ាក់សាំងការពារជំងឺ ៦ មុខ ដែលមានក្នុងកម្មវិធីជាតិ។ វ៉ាក់សាំងទាំង៦ មុននោះរួម តេតាណូស ខាន់ស្លាក ក្អកមាន់ គ្រុនស្វិតដៃជើង កញ្ជ្រឹល និងជំងឺរបេងជាដើម។ ដូច្នេះបើឪពុកម្តាយមានបំណងនាំកូនមកចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និងរលាកថ្លើមប្រភេទ B អាចនាំទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ និងមន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញ។ ចំពោះវ៉ាក់សាំងរលាកស្រោមខួរក្បាលអាចនាំកូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ៕
ចុចអាន៖ប៉ាម៉ាក់សម្បុរស្រអែមក៏កូនអាចកើតមកស្បែកស៊ីជម្ពូរ ឱ្យតែពេលពពោះញ៉ាំអាហារទាំង៦មុខ